ទោះបីយើងជាមនុស្សចូលចិត្តហាត់ប្រាណក៏ដោយ តែការចំណាយពេលវេលាច្រើនក្នុងការអង្គុយក៏នៅតែអាចបង្កជាបញ្ហាសុខភាពដូចជា បញ្ហាធាត់ជ្រុល សម្ពាធឈាមខ្ពស់ ខ្លាញ់ក្នុងឈាមខ្ពស់ កម្រិតកូលេស្តេរ៉ូលល្អចុះទាប និងមានភាពធន់អាំងស៊ុយលីនជាដើម។ បើយើងជាមនុស្សអង្គុយច្រើនក្នុងមួយថ្ងៃៗ ការសិក្សាថ្មីៗនេះណែនាំឲ្យហាត់ប្រាណកម្រិតមធ្យម ដូចជាដើរ រត់ ជិះកង់ ឬហែលទឹកឲ្យបានចន្លោះពី៦០ទៅ៧៥នាទីក្នុងមួយថ្ងៃ មិនមែនត្រឹម៣០នាទីនោះទេ។
៣. ត្រគាក និងខ្នង
បើយើងចំណាយពេលច្រើនក្នុងការអង្គុយក្នុងមួយថ្ងៃៗ ត្រគាក និងខ្នងរបស់យើងក៏លែងសូវមានប្រសិទ្ធភាពក្នុងការទ្រដងខ្លួនទៀតដែរ។ ការមានទម្លាប់អង្គុយយូររាល់ថ្ងៃធ្វើឲ្យសាច់ដុំសន្លាក់នៅត្រគាករួញខ្លី ដែលអាចនាំឲ្យមានបញ្ហាដល់សន្លាក់ត្រង់ត្រគាក។
ដូចគ្នាដែរ ការអង្គុយយូរ បូករួមឥរិយាបថអង្គុយមិនល្អផង អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពឆ្អឹងខ្នងដែរ ដូចជាមានសម្ពាធលើឌីសឆ្អឹងខ្នង និងអាចធ្វើឲ្យឈឺចាប់។
៤. ជំងឺមហារីក
ការសិក្សាថ្មីៗនេះរកឃើញថា គ្រោះថ្នាក់បង្កមកពីការអង្គុយយូរម៉ោងក្នុងមួយថ្ងៃៗអាចនាំឲ្យយើងប្រឈមខ្ពស់កើតជំងឺមហារីកសួត មហារីកស្បូន និងមហារីកពោះវៀនធំ។ ហេតុផលនៅពីក្រោយរឿងនេះ ក្រុមអ្នកស្រាវជ្រាវនៅមិនទាន់អាចបញ្ជាក់បាននៅឡើយ។