ការរលាកភ្លើង ឬទឹកក្ដៅគឺតែងចៀសមិនផុតទេ ប៉ុន្តែក្នុងករណីរលាកស្រាលយើងអាចអនុវត្តវិធីងាយៗដើម្បីជួយបន្ថយការឈឺចាប់ បង្ការការឆ្លងមេរោគ និងជួយឲ្យឆាប់ជាបាន។
វិធីគួរធ្វើពេលរលាកភ្លើង ឬទឹកក្ដៅ
១. ទឹក
អ្វីដែលត្រូវធ្វើដំបូងគេនៅពេលរលាកភ្លើង ឬទឹកក្ដៅគឺបង្ហូរទឹកក្បាលរ៉ូប៊ីណេទៅលើកន្លែងរលាកប្រហែល២០នាទី។
២. បន្ទះត្រជាក់
ការយកបន្ទះត្រជាក់ ឬកន្សែងសើមមកដាក់ពីលើកន្លែងរលាកជួយបន្ថយការឈឺចាប់ និងការហើមបាន។ យើងអាចប្រើបន្ទះត្រជាក់ ឬកន្សែងសើមនេះពី៥ទៅ១៥នាទី។ យកល្អគ្នាយើងកុំប្រើបន្ទះត្រជាក់យូរពេកព្រោះអាចធ្វើឲ្យកន្លែងរលាកកាន់តែរលាក។
៣. ប្រទាលកន្ទុយក្រពើ
ការសិក្សាជាច្រើនបានបង្ហាញថាប្រទាលកន្ទុយក្រពើមានប្រសិទ្ធភាពក្នុងព្យាបាលការរលាកកម្រិតទី១ និងទី២។ ម៉្យាងទៀត ប្រទាលកន្ទុយក្រពើក៏ប្រឆាំងនឹងការរលាក ជួយដល់ចរន្តឈាម និងរារាំងការលូតលាស់របស់បាក់តេរី។ យើងអាចលាបជែលប្រទាលកន្ទុយក្រពើស្រស់ទៅលើកន្លែងរលាក។
៤. ទឹកឃ្មុំ
ទឹកឃ្មុំអាចជួយព្យាបាលការរលាកតិចតួចព្រោះទឹកឃ្មុំជាសារធាតុប្រឆាំងការរលាក បាក់តេរី និងផ្សិត។ យើងក៏យកទឹកឃ្មុំមកលាបនៅកន្លែងរលាកបាន។
៥. កាត់បន្ថយការត្រូវកម្ដៅថ្ងៃ
យកល្អគួរកុំឲ្យកន្លែងរលាកត្រូវកម្ដៅថ្ងៃព្រោះស្បែកដែលរលាកងាយប្រតិកម្មនឹងកម្ដៅថ្ងៃ។
៦. កុំជោះបំបែកពងទឹក
ការជោះបំបែកពងទឹកដោយខ្លួនឯងអាចបង្កឲ្យឆ្លងមេរោគ។ ប្រសិនជាគ្នាយើងបារម្ភពីពងទឹកដែលបង្កដោយការរលាកអាចទៅពិគ្រោះជាមួយគ្រូពេទ្យ។
វិធីគួរចៀសវាងពេលរលាកភ្លើង ឬទឹកក្ដៅ
១. បឺរ
កុំប្រើបឺរនៅពេលរលាកព្រោះអាចកាន់តែធ្វើឲ្យកន្លែងរលាកកាន់តែធ្ងន់ធ្ងរ។ បឺរអាចផ្ទុកកម្ដៅ និងអាចមានបាក់តេរីនៅកន្លែងរលាក។
២. ប្រេងដូង
ប្រេងដូងមិនអាចប្រើព្យាបាលពេលរលាកទេព្រោះប្រេងដូងដូចនឹងបឺរគឺផ្ទុកកម្ដៅ និងធ្វើឲ្យស្បែកបន្តរលាកទៀត។
៣. ស៊ុតពណ៌ស
ស៊ុតពណ៌សអាចមានផ្ទុកបាក់តេរីដែលអាចចម្លងមេរោគ និងមិនគួរយកប្រើលើកន្លែងរលាកទេ។
៤. ថ្នាំដុសធ្មេញ
នៅពេលរលាកមិនគួរលាបថ្នាំដុសធ្មេញទេ។ ថ្នាំដុសធ្មេញអាចធ្វើឲ្យកន្លែងរលាកកាន់តែរលាក និងបង្ករោគផ្សេងៗ។
៥. ទឹកកក
ទឹកកក និងទឹកក្លាសេអាចធ្វើឲ្យកាន់តែរលាក។ ទឹកកកអាចនឹងបង្កការរលាកដោយភាពត្រជាក់ប្រសិនជាប្រើប្រាស់មិនត្រឹមត្រូវ។
[embed-health-tool-bmi]