នៅពេលមានឆ្កែខាំម្ដងៗ អ្វីដែលយើងគ្រប់គ្នាបារម្ភជាងគេនោះ គឺខ្លាចកើតជំងឺឆ្កែឆ្កួត។ ជំងឺនេះមិនអាចលេងសើចបានទេ ព្រោះវាក៏ជាជំងឺកាចសាហាវមួយដែលអាចគំរាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺបានដែរ ដូចនេះគ្នាយើងគួរយល់ឲ្យច្បាស់ពីវិធីសាស្ត្របង្ការជំងឺឆ្កែឆ្កួតនេះខ្លះៗ។
ជំងឺឆ្កែឆ្កួត ដែលបណ្ដាលមកពីឆ្កែខាំ ជាជំងឺរលាកខួរក្បាល និងខួរឆ្អឹងខ្នង ដែលបណ្ដាលមកពីវីរុសឈ្មោះ Lyssavirus (នៅក្នុងក្រុម Rhabdoviridae) ក៏ជាជំងឺមួយធ្ងន់ធ្ងរ ហើយអាចបណ្ដាលឲ្យអ្នកជំងឺស្លាប់១០០% នៅពេលចេញរោគសញ្ញា។ នេះបើតាមការចុះផ្សាយនៅលើទំព័រហ្វេសបុករបស់មន្ទីរពេទ្យ កាល់ម៉ែត។
ប្រសិនបើមានគ្នាយើងជួបបញ្ហាឆ្កែខាំ យើងគួរព្យាបាលទៅតាមវិធីដែលបានណែនាំខាងក្រោមដូចជា៖
– ក្រោយពីឆ្កែខាំភ្លាម ត្រូវលាងសម្អាតមុខរបួសដោយទឹកស្អាត និងសាប៊ូយ៉ាងតិចបំផុតឲ្យបាន១៥នាទី បន្ទាប់មក លាងសម្អាតជាមួយទឹកថ្នាំសម្លាប់មេរោគដូចជា អាល់កុល ឬអ៊ីយូត។
– មិនត្រូវដេររបួសដែលឆ្កែខាំ
– ចាក់វ៉ាក់សាំងការពារតេតាណូស
– ព្យាបាលដោយថ្នាំផ្សះ(បើចាំបាច់)
– ចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺឆ្កែឆ្កួត (យកល្អត្រូវធ្វើក្នុងរយៈ២៤ម៉ោង ក្រោយពីឆ្កែខាំ ឬប៉ះពាល់ជាមួយសត្វដែលផ្ទុកមេរោគឆ្កែឆ្កួត)
– ទៅពិគ្រោះពិនិត្យជាមួយគ្រូពេទ្យដែលនៅក្បែរខ្លួនបំផុត។
មន្ទីរពេទ្យ កាល់ម៉ែត បន្តថា ជាទូទៅ ការបង្ករោគគឺចាប់ពីពេលឆ្កែខាំរហូតដល់ពេលចេញរោគសញ្ញា មានការប្រែប្រួលពី ៧ថ្ងៃ រហូតដល់លើសពី១ឆ្នាំ ប៉ុន្តែជាមធ្យមប្រហែលពី ១៥-៦០ថ្ងៃ។ ក្នុងករណីដែលមេរោគឆ្កែឆ្កួតរាលដាលឲ្យរលាកខួរក្បាល និងខួរឆ្អឹងខ្នងហើយនោះ អ្នកជំងឺនឹងចេញរោគសញ្ញាខ្លះៗ ដូចជា នៅមិនចេះស្ងៀម មានចលនារហូត ចេញទឹកមាត់ ញើស ឬចេញនោមអត់ដឹងខ្លួន ប្រកាច់ និងពិបាកលេបចំណីអាហារជាដើម។
ស្របគ្នានេះដែរ បើតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោកកាលពីឆ្នាំ២០១៧ ឲ្យដឹងថា នៅលើពិភពលោក ជំងឺឆ្កែឆ្កួត ដែលបណ្ដាលមកពីឆ្កែខាំ ស្លាប់ប្រហែល ៥៩.០០០នាក់/ឆ្នាំ ជាពិសេសនៅក្នុងតំបន់អាស៊ី និងអាហ្រ្វិក។
[embed-health-tool-bmi]