backup og meta

មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 22, 2020

    មកដឹងវិធីជួយសង្គ្រោះត្រឹមត្រូវ ពេលរលាកភ្លើង ទឹកក្តៅ ឬអាស៊ីដ

    នៅ​ពេល​ដែល​រលាក​ទឹក​ក្ដៅ ឬ​ភ្លើង គ្នា​យើង​មួយ​ចំនួន​និយម​ទៅ​ត្រាំ​ទឹក​រហូត​ទាល់​តែ​ស្បែក​លែង​ក្ដៅ បន្ទាប់​មក​លាង​ម្សៅ ឬ​ប្រេង​ផ្សេងៗ​ដើម្បី​ព្យាបាល​កន្លែង​ដែល​រលាក​នោះ ហើយ​មាន​គ្នា​យើង​ខ្លះ​ទៀត​យក​ប្រេង​កូឡា ប្រេង​ខ្យល់​ទៅ​លាប​របួស។ ផ្ទុយ​ទៅវិញ វិធី​ទាំង​នេះ​មិន​គួរ​ធ្វើ​ឡើយ​ប្រសិន​បើ​រលាក​ស្បែក​ខ្លាំង។

    មន្ទីរ​ពេទ្យ កាល់​ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​រលាក​ស្បែក​គឺ​ជា​ការ​ខូច​ខាត​ស្បែក និង​ជាលិកា​នៅ​ពី​ខាង​ក្រោម​ស្បែក​ដោយ​សារ​មូល​ហេតុ​ផ្សេងៗ​ដូច​ជា​រលាក​ភ្លើង ខ្លាញ់​ក្ដៅ ហ្គាស​ក្ដៅ ។ល។ ក្នុង​ករណី​ដែល​ឃើញ​មាន​អ្នក​រងគ្រោះ​ដោយ​សារ​ការ​រលាក យើង​អាច​ជួយ​សង្គ្រោះ​បាន​ដោយ៖

    – បញ្ឈប់​រាល់​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​រលាក​ស្បែក។ យក​ជន​រង​គ្រោះ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រភព​រលាក ដោះ​សម្លៀក​បំពាក់​ចេញ និង​លាង​សម្អាត​កន្លែង​ដែល​រលាក។

    – ប្រើ​ប្រាស់​ទឹក​ស្អាត ឬ​ទឹក​ម៉ាស៊ីន​ដើម្បី​បន្ថយ​កម្ដៅ និង​ការ​ឈឺ​ចាប់។

    – ពន្លត់​ភ្លើង​ក្នុង​ករណី​មាន​ការ​ឆាប​ឆេះ​ទៅ​លើ​ជន​រង​គ្រោះ ដោយ​ឲ្យជន​រង​គ្រោះ​ដេក​នៅ​លើ​ដី រួច​រមៀល​ ឬ​យក​អ្វី​មួយ​មក​គ្រប ឬ​យក​ទឹក​មក​បាច​ពន្លត់។

    – ក្នុង​ករណី​រលាក​ដោយ​សារធាតុ​គីមី ត្រូវ​លាង​សម្អាត​នឹង​ទឹក​ឲ្យបាន​យូរ។

    -​ ប្រសិន​បើ​ខ្ទាត​ចូល​ភ្នែក ក៏​ត្រូវ​លាង​សម្អាត​ភ្នែក​នឹង​ទឹក​ឲ្យ​បាន​យូរ​ដែរ។

    – ត្រូវ​គ្រប់​ដណ្ដប់​អ្នក​ជំងឺ​រលាក​ភ្លើង​ដោយ​កំណាត់​ស្អាត រួច​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ដែល​នៅ​ក្បែរ​បំផុត។

    ជា​ចុង​ក្រោយ គឺ​អ្នក​ជួយ​សង្គ្រោះ​ត្រូវ​មាន​សុវត្ថិភាព​ខ្លួន​ឯង​ជា​មុន​សិន។ ឧទាហរណ៍៖ ជន​រង​គ្រោះ​រលាក​ដោយ​សារ​ការ​ឆក់​ខ្សែ​ភ្លើង គឺ​យើង​ត្រូវ​បិទ​ភ្លើង​សិន ហើយ​បើ​អ្នក​ជំងឺ​រលាក​ដោយ​សារធាតុ​គីមី គឺ​យើង​ត្រូវ​ពាក់​ម៉ាស់ និង​ស្រោម​ដៃ។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​បញ្ជាក់​ថា ក្នុង​ករណី​ដែល​មាន​អ្នក​រលាក​ស្បែក គឺ​មិន​ត្រូវ​យក​ម្សៅ ប្រេង ឬ​អ្វី​ផ្សេង​ទៅ​លាប​លើ​មុខ​របួស មិន​ត្រូវ​ប្រើ​ប្រាស់​ទឹក​កក និង​មិន​ត្រូវ​លាង​ទឹក​យូរ​ពេក ដែល​នាំ​ឲ្យអ្នក​ជំងឺ​ត្រជាក់​ខ្លួន​ខ្លាំង ក៏​ជា​កត្តា​គ្រោះ​ថ្នាក់​មួយ​ដែរ។ បើ​កម្រិត​នៃ​ការ​រលាក ចំពោះ​ក្មេង​ចាប់​ពី​១០%​ឡើង​ទៅ មនុស្ស​ចាស់​ចាប់​ពី ២០%​ឡើង​ទៅ ត្រូវ​នាំ​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ធ្វើ​ការ​សង្គ្រោះ និង​ព្យាបាល​ឲ្យ​បាន​ត្រឹម​ត្រូវ ចៀស​វាង​ផល​វិបាក និង​ជំងឺ​ផ្សេងៗ ដែល​កើត​មាន​ដោយ​សារ​ការ​រលាក។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 22, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម