យើងគ្រប់គ្នាគួរតែចេះវិធីសង្គ្រោះបឋម (First aid) ដើម្បីអាចជួយអ្នកដទៃពេលជួបគ្រោះថ្នាក់ផ្សេងៗដូចជាលង់ទឹក ឆក់ខ្សែភ្លើង រន្ទះបាញ់ ឬស្លាក់អ្វីមួយជាដើម។ ក្នុងករណីខ្លះបើយើងចេះ អាចជួយបានទាន់ពេល មិនបណ្ដាលឲ្យបាត់បង់ជីវិត។ វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ បានបង្រៀនពីរបៀបសង្គ្រោះបឋមខាងក្រោម៖
១- លង់ទឹក
ពេលស្រង់មកពីទឹកដាក់មនុស្សឲ្យដេកផ្ទាល់ដី ជើងសណ្ដូកត្រង់ ហើយចាប់ផ្ដើមធ្វើចលនាបេះដូង គឺត្រូវយកដៃទាំងពីដាក់ពីលើគ្នា រួចក្ដាប់ចូលគ្នាទៅសង្កត់លើដើមទ្រូងឆ្វេងត្រង់ចំណុចបេះដូងជនរងគ្រោះ ដោយសង្កត់ ៣០ ដងនិងផ្លុំខ្យល់ដង្ហើម ២ ដង។ ការធ្វើបែបនេះគឺដើម្បីផ្តល់ចរន្តឈាម និងអុកសុីសែនទៅដល់ខួរក្បាល។
២- ស្លាក់វត្ថុអ្វីមួយចូលបំពង់ខ្យល់
ប្រសិនបើឃើញក្មេងណាមានបញ្ហាជាប់អ្វីម្យ៉ាង គួរតែដឹងពីវិធីជួយសង្គ្រោះភ្លាមៗ ព្រោះបើហ៊ានតែយឺតអាចបណ្ដាលឲ្យស្លាប់បាន។ ដំបូងគួរតែរកកន្លែងដែលអាចអង្គុយបាន ហើយលើកក្មេងមកដាក់លើជង្គង់ ក្បាលផ្ចុចទៅក្រោម ហើយយកដៃទះពីពាក់កណ្ដាលខ្នងខ្លាំងៗ ដើម្បីវត្ថុស្លាក់នោះចេញមកវិញ តែបើទារកវិញដាក់នៅលើដៃ និងក្បាលឱនបន្តិច។ វិធីមួយទៀតយើងអាចឱបពីក្រោយ ហើយយកដៃផ្ទប់ចុងដង្ហើមជនរងគ្រោះ ដោយទាញមកខ្លួនយើងប្រសិនបើគាត់ជាមនុស្សពេញវ័យ។
៣- រន្ទះបាញ់
ពេលឃើញករណីនេះ យើងគួរតែពិនិត្យមើលជីពចរជាមុនសិន ប្រសិនបើគ្មានសញ្ញា ត្រូវធ្វើចលនាបេះដូង និងដង្ហើមភ្លាមៗ។
៤- ឆក់ខ្សែភ្លើង
ពេលឃើញមនុស្សឆក់ខ្សែភ្លើងនៅផ្ទះ ដំបូងបំផុតត្រូវបិទឌីសង់ទ័រភ្លើង ហើយត្រូវរកឈើស្ងួតវាសខ្សែភ្លើងចេញ។ បន្ទាប់មកទៀតត្រូវយកកំណាត់ស្ងួតថ្ពក់កដៃ ឬកជើង អូសជនរងគ្រោះឲ្យចេញផុតពីខ្សែភ្លើង។ កុំយកជនរងគ្រោះទៅកន្លែងសើម បន្ទាប់មកពិនិត្យមើលសភាពជនរងគ្រោះ បើអត់អត់ដង្ហើមត្រូវប្រញាប់សង្កត់បេះដូង និងផ្លុំដង្ហើម ដោយផ្ដេកជនរងគ្រោះនៅលើដីរាបស្មើ ។ បន្ទាប់មកត្រូវតេរកឡានសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ។
ត្រូវចាំថា យើងជាអ្នកសង្គ្រោះត្រូវគិតពីសុវត្ថិភាពផ្ទាល់ខ្លួនជាមុនសិន ប្រសិនបើយើងគ្មានសុវត្ថិភាពទេ ត្រូវស្វែងរកជំនួយជាបន្ទាន់។
ក្នុងករណីមានសំនួរឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុតសូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យឬ ធ្វើការព្យាបាលជូនទេ៕
[embed-health-tool-bmi]