ក្មេងតូចច្រើនចាប់អារម្មណ៍លេងជាមួយសត្វគ្រប់ប្រភេទនៅជុំវិញគេ ដូចជា ឃ្មុំ ស្រមោច និងសត្វផ្សេងៗទៀត។ បើនៅតំបន់ដែលយើងរស់នៅមានឃ្មុំ ឪម៉ាល់ ឬស្រមោចភ្លើង ត្រូវប្រយ័ត្នកូនៗបន្តិចទៅ ព្រោះសត្វល្អិតទាំងនោះ សុទ្ធតែមានពិស និងត្រូវដឹងពីវិធីការពារ និងសង្គ្រោះបឋមទៅលើក្មេងដែលត្រូវសត្វទាំងនេះខាំ ឬទិច។
១- ឃ្មុំទិច និងឪម៉ាល់ទិចខុសគ្នាម៉េចខ្លះ?
ឪម៉ាល់ទិច អាចបណ្ដាលឲ្យមានសភាពធ្ងន់ធ្ងរ ពេលខ្លះអាចដល់ស្លាប់ និងមានប្រតិកម្មអាលែកហ្ស៊ី។ ទោះយ៉ាងនេះក្ដី ការទិចរបស់ឃ្មុំ ទាល់តែមានចំនួនឃ្មុំច្រើន ទើបអាចបង្កឲ្យយើងមានជំងឺ។ មួយវិញទៀត ឪម៉ាល់ អាចទិចមនុស្សបានច្រើនដង ប៉ុន្តែឃ្មុំអាចទិចបានតែម្ដងប៉ុណ្ណោះ។
៣- រោគសញ្ញាឃ្មុំ និងឪម៉ាល់ទិចមានអីខ្លះ?
ឃ្មុំ ឬឪម៉ាល់ទិច អាចចេញសញ្ញាតិចតួចមួយចំនួនប៉ុណ្ណោះ ដូចជា ឈឺ ក្រហម លើងកន្ទួល ហើមតិច ឬមធ្យម ក្ដៅ និងរមាស់។
ពេលខ្លះ ក្មេងអាចមានប្រតិកម្មអាលែកហ្ស៊ីធ្ងន់ធ្ងរជាមួយឃ្មុំ ឬឪម៉ាល់ទិច។ បើកូនមានប្រតិកម្មទាំងនេះ យើងនឹងឃើញរោគសញ្ញាត្រឹមតែប៉ុន្មាននាទី ឬប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយការទិច ដូចជា ពិបាកដកដង្ហើម ឡើងកន្ទាលត្រអាកពណ៌ក្រហម កន្ទួលរមាស់ ហើយរាលជុំវិញកន្លែងដែលទិច ហើមមុខ បំពង់ក ឬជាលិកាមាត់ ដកដង្ហើមឮសំឡេង ឬពិបាកលេបចូល នៅមិនស្ងៀម និងមានជំងឺព្រួយបារម្ភ ជីពចរលោតញាប់ វិលមុខ ឬសម្ពាធឈាមធ្លាក់ចុះខ្លាំង។
អ្នកជំងឺខ្លះដែលទិចដោយឃ្មុំ ឬសត្វផ្សេងទៀត អាចនឹងមានប្រតិកម្មខ្លាំងជាង ដោយរោគសញ្ញា មានដូចជា ឡើងក្រហមខ្លាំង ហើមនៅកន្លែងទិចដែលរីកធំម្ដងបន្តិចៗ បន្ទាប់ពីទិចបានមួយថ្ងៃពីរមក។
៤- ត្រូវធ្វើម៉េចពេលត្រូវឃ្មុំ ឬឪម៉ាល់ទិច?
វិធីព្យាបាលឃ្មុំទិច៖
– ចំពោះក្មេងមានប្រតិកម្មស្រាល៖ ពេលទិច ឃ្មុំនឹងទុកទ្រនិចនៅជាប់ស្បែករបស់យើង យើងត្រូវដកទ្រនិច និងបំពង់ពិសចេញ កុំឲ្យពិសឃ្មុំបញ្ចេញមកច្រើនទៀត បន្ទាប់មកត្រូវលាងកន្លែងទិចជាមួយសាប៊ូ និងទឹក។ ចុងក្រោយ បិទបន្ទះត្រជាក់ ឬដាក់ទឹកកកលើកន្លែងទិច ដើម្បីបន្ថយការឈឺចាប់ និងកុំឲ្យហើម។
– ចំពោះក្មេងមានប្រតិកម្មមធ្យម៖ ទាំងនេះ ជាវិធីខ្លះដើម្បីកុំឲ្យហើម និងរមាស់ ដែលច្រើនកើតមានកន្លែងត្រូវសត្វទិច។ ដំបូង ត្រូវដកទ្រនិចឃ្មុំចេញឲ្យលឿនតាមដែលអាចធ្វើបាន លាងកន្លែងទិចជាមួយទឹក និងសាប៊ូ បន្ទាប់មកបិទបន្ទះត្រជាក់ ឬស្អំទឹកកក។ យើងក៏អាចលាបក្រែម អ៊ីដ្រូករទីសូន (Hydrocortisone) ឬឡេ Calamine ដើម្បីបន្ថយកុំឲ្យក្រហម រមាស់ ឬហើម។ បើបញ្ហារមាស់ និងហើមរំខានខ្លាំង អាចលេបថ្នាំពពួក Antihistamine ដូចជា ថ្នាំ Diphenhydramine ឬថ្នាំ Chlorpheniramine ។ ក្មេង ឬមនុស្សធំដែលត្រូវឃ្មុំទិច គួរចៀសវាងអេះកន្លែងទិច ព្រោះអាចធ្វើកន្លែងទិចរមាស់ និងហើមកាន់តែខ្លាំង ថែមទាំងបង្កើនហានិភ័យឆ្លងរោគទៀតផង។
– សង្គ្រោះបន្ទាន់ ពេលមានប្រតិកម្មអាលែកហ្ស៊ីដោយសារឃ្មុំទិច៖ ពេលមានប្រតិកម្មអាលែកហ្ស៊ី ហៅជាភាសាបច្ចេកទេស Anaphylactic ជនរងគ្រោះមិនដកដង្ហើម ឬបេះដូងឈប់លោត ពេទ្យនឹងចាប់ផ្ដើមវិធីសង្គ្រោះបន្ទាន់ CPR (Cardiopulmonary Resuscitation) ដោយធ្វើចលនាសង្គ្រោះបន្ទាន់តាមរយៈការសង្កត់ទ្រូង និងជួយដង្ហើម ដោយផ្លុំខ្យល់តាមមាត់ រួមជាមួយជំនួយវេជ្ជសាស្ត្រមួយចំនួនដូចជា៖
- ថ្នាំ Epinephrine (Adrenaline) ដើម្បីបន្ថយសកម្មភាពប្រតិកម្មអាលែកហ្ស៊ីរបស់រាងកាយ
- ដាក់អុកស៊ីហ្សែន ដើម្បីជួយឲ្យដកដង្ហើម
- ចាក់ថ្នាំ ពពួក Antihistamine និង ពពួក Cortisone តាមសរសៃ ដើម្បីបន្ថយការរលាកផ្លូវដង្ហើម និងបង្កើនការដកដង្ហើម
- ថ្នាំពពួក Beta agonist ដូចជា ថ្នាំ Albuterol នឹងត្រូវប្រើដើម្បីបន្ថយរោគសញ្ញាពិបាកដកដង្ហើម។
វិធីព្យាបាលចំពោះឪម៉ាល់ទិច៖
ព្យាបាលឪម៉ាល់ទិច ស្រដៀងគ្នានឹងវិធីព្យាបាលដោយឃ្មុំទិច ល្អបំផុតត្រូវធ្វើ គឺព្យាបាលកន្លែងសត្វទិចភ្លាមៗ។ ត្រូវប្រាកដថា បានលាងសម្អាតកន្លែងសត្វទិចជាមួយសាប៊ូ និងទឹក បន្ទាប់មកលាបអាល់កុល អេទែរ (Either alcohol) ឬទឹក Peroxide។
ដើម្បីបន្ថយអាការៈហើម និងជួយកុំឲ្យរមាស់ស្បែក បន្ទាប់ពីទិចរួច សូមព្យាយាមធ្វើតាមការព្យាបាល ដូចជា ធ្វើម្សៅលាបខាប់ (Paste) ដោយប្រើម្សៅ Baking soda លាយជាមួយទឹក លាបនៅកន្លែងដែលទិច ឬម្សៅខាប់មានអំបិល (Salt paste) ក៏អាចជួយដកពិសចេញដែរ។ ជនរងគ្រោះអាចលាបអាម៉ូញ៉ាក់ (Amonia) លើកន្លែងត្រូវសត្វទិច ដើម្បីបន្ថយការរមាស់ ឬលេបថ្នាំពពួក Antihistamine ដែលមិនត្រូវការវេជ្ជបញ្ជា ដើម្បីបន្ថយអាការៈរមាស់។ កាន់តែងាយស្រួលជាងនេះ អាចលាបទឹកខ្មេះនៅកន្លែងសត្វទិចក៏បាន។ ថ្នាំមិនត្រូវការវេជ្ជបញ្ជាមួយចំនួន ឬប្រេងលាប អាចប្រើបាន ដើម្បីព្យាបាលអាការៈរមាស់ និងបន្ថយការឈឺចាប់។
៥- ពេលណាត្រូវទៅជួបពេទ្យ?
សូមទាក់ទងគ្រូពេទ្យភ្លាម បើឃើញមានរោគសញ្ញាដូចខាងក្រោម៖
– រោគសញ្ញាប្រតិកម្ម Anaphylaxis ណាមួយកើតឡើង ត្រូវចាំថាប្រតិកម្មនេះ ជាទូទៅ ចាប់ផ្ដើមប្រហែល ២០នាទី និងកើតក្រោយ ២ម៉ោងបន្ទាប់សត្វទិច។
– ដកដង្ហើមឮសំឡេង ឬពិបាកដកដង្ហើម
– ស្អក ក្អក ឬតឹងក្នុងបំពង់ក ឬទ្រូង
– ពិបាកលេប ឬហៀរទឹកមាត់
– បញ្ចេញសំឡេងស្ដាប់មិនយល់ ឬមិនច្បាស់
– សន្លប់ ឬខ្សោយខ្លាំង
– ធ្លាប់មានប្រតិកម្មអាលែកហ្ស៊ីដោយសារឃ្មុំ ឪម៉ាល់ ឬសត្វដទៃទិចពីមុន (មិនត្រឹមតែចេញកន្ទាលត្រអាកទេ)
– ក្មេងមើលទៅ ឈឺ ឬមានសកម្មភាពបញ្ជាក់ថាកំពុងឈឺ
– ឡើងកន្ទាលត្រអាក ឬហើម នៅកន្លែងណាមួយលើរាងកាយ
– ទិចនៅត្រង់ភ្នែក
– ចុកឈឺពោះ ឬក្អួត
– ទិចច្រើនជាង ៥ ទ្រនិច ក្នុងទម្ងន់ ៥ គីឡូ (ក្មេងជំទង់លើសពី ៥០ ទ្រនិច)
– គ្រុនក្ដៅ និងកន្លែងទិច មើលទៅដូចឆ្លងរោគ (ឡើងក្រហមរាលលើស្បែក)។
អត្ថបទពាក់ព័ន្ធ៖
- វិធីជួយសង្គ្រោះអ្នកត្រូវពស់ចឹក មិនឲ្យគ្រោះថ្នាក់ដល់ជីវិត
- បើក្មេងលង់ទឹក នេះជាវិធីសង្គ្រោះបឋមជួយបានភ្លាមៗ
ហៅទៅគ្រូពេទ្យភ្លាម កុំទុកឲ្យលើស ២៤ ម៉ោង ក្នុងករណី
– គិតថាគួរតែយកក្មេងទៅឲ្យពេទ្យពិនិត្យ។
– បន្ទាប់ពីទិចលើស ៤៨ម៉ោង កន្លែងទិចឡើងក្រហម ធំទៅៗ (សម្គាល់៖ ករណីបង្ករោគ គឺកម្រ ហើយយ៉ាងហោច ត្រូវប្រើពេល ពី ២៤-៤៨ ម៉ោង បន្ទាប់ពីត្រូវទិច។ បើបញ្ហាក្រហមស្បែកកើតឡើងអំឡុងពេល ២៤ ម៉ោង គឺបណ្ដាលមកពីពិសប៉ុណ្ណោះ។
– ហើមធំខ្លាំង (ឧទាហរណ៍ រាលទៅដល់សន្លាក់ ដូចជា កដៃ ឬកជើង)។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]