បច្ចុប្បន្នអារឿងផឹកស្រាពេញនិយមណាស់ ទាំងក្មេងទាំងចាស់ មិនថាស្រី មិនថាប្រុស ភាគច្រើនសុទ្ធតែមានជំនាញមែនទែន។ ប៉ុន្តែធ្លាប់ចាប់អារម្មណ៍ ឬឃើញគ្នាយើងផឹកស្រា ស្រាប់តែសន្លប់ ឬវង្វេងវង្វាន់លែងដឹងអ្វីភ្លាមៗដែរអត់? ចុះដឹងហេតុអ្វីទេ? អាការៈនេះ គេហៅថាពុលស្រា ភាគច្រើនកើតឡើងនៅពេលយើងផឹកស្រាច្រើនក្នុងរយៈពេលខ្លី។ អ្វីគួរឲ្យបារម្ភខ្លាំងនោះ ពុលស្រា គឺប៉ះពាល់សុខភាពធ្ងន់ធ្ងរណាស់ អាចបណ្តាលឲ្យស្លាប់បាន ហេតុនេះ “Hello គ្រូពេទ្យ’ នឹងពន្យល់គ្នាយើងពីការពុលស្រា ក្នុងអត្ថបទខាងក្រោមនេះ។
១- រោគសញ្ញាពុលស្រា
រោគសញ្ញាពុលស្រា អាចកើតឡើងភ្លាមៗ ដោយអាស្រ័យលើកម្រិតស្រាយើងផឹក និងស្ថានភាពសុខភាពយើងផ្ទាល់ ដោយរោគសញ្ញាមានដូចជា៖
– វង្វេងវង្វាន់
– ពិបាកក្នុងការនិយាយ
– បាត់បង់លំនឹងរាងកាយ
– ក្អួត
– ដកដង្ហើមមិនប្រក្រតី
– ខ្លួនចុះត្រជាក់
– ស្បែកឡើងស្លេក
– បាត់បង់ស្មារតី
– ភាំង ស្រឡាំងកាំង (Stupor)
២- ពុលស្រាក្នុងស្ថានភាពណាចាំបាច់ត្រូវទៅពេទ្យ?
បើមានករណីផឹកច្រើនហួសហេតុ ឬឃើញមនុស្សពុលស្រា ត្រូវរកគ្រូពេទ្យឲ្យជួយភ្លាម ហើយនៅអំឡុងពេលរង់ចាំគ្រូពេទ្យ គួរធ្វើវិធីសង្គ្រោះបឋមដូចខាងក្រោមនេះ៖
– ត្រូវផ្អៀងជនរងគ្រោះទៅម្ខាង ក្នុងស្ថានភាពសុវត្ថិភាព (Recovery position) ហើយពិនិត្យមើល តើជនរងគ្រោះនៅដកដង្ហើមដែរអត់។
– បើនៅក្រោមកម្តៅថ្ងៃ ត្រូវយកជនរងគ្រោះមកកន្លែងម្លប់វិញ ហើយបើកម្ដៅរាងកាយចុះត្រជាក់ ត្រូវផ្ដល់កំដៅឲ្យជនរងគ្រោះ ដោយដណ្ដប់ភួយ ឬផ្លាស់ទីរងគ្រោះ ទៅជិតកន្លែងមានកម្តៅ។
– ត្រូវពិនិត្យមើលជនរងគ្រោះ និងតាមដានរោគសញ្ញា រហូតទាល់តែរថយន្តសង្គ្រោះបន្ទាន់មកដល់។ កម្រិតជាតិអាល់កុលនៅក្នុងឈាមជនរងគ្រោះ អាចនឹងកើនឡើងនៅចន្លោះពេល ៣០-៤០ នាទីក្រោយផឹក។ ករណីនេះ អាចធ្វើឲ្យស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង។
– មិនគួរឲ្យអាហារ ភេសជ្ជៈ ឬថ្នាំពេទ្យ ទៅជនរងគ្រោះឡើយ។ ត្រូវចាំថា មានតែពេលវេលាទេ ទើបអាចបន្សាបជាតិស្រវឹងបាន ហេតុនេះ ងូតទឹក ដើរ ឬផឹកកាហ្វេ សុទ្ធតែមិនអាចជួយឲ្យស្វាងបានឡើង ផ្ទុយមកវិញ កាន់តែធ្វើឲ្យប្រឈមគ្រោះថ្នាក់ខ្លាំងថែមទៀត។
៣- ការព្យាបាលនៅមន្ទីរពេទ្យ
នៅមន្ទីរពេទ្យ ជនរងគ្រោះ នឹងត្រូវតាមដានយ៉ាងម៉ត់ចត់ រហូតទល់តែការសង្គ្រោះបន្ទាន់ចប់ ហើយអាចនឹងមានការព្យាបាលបន្ថែមទៀត រួមមាន៖
– ដាក់បំពង់ចូលក្នុងមាត់ និងបំពង់ខ្យល់ ដើម្បីជួយផ្លូវដង្ហើមស្រលះ យកចេញអ្វីស្ទះ និងបង្កើនការដកដង្ហើម។
– ចាក់ព្យួរសេរ៉ូមតាមសរសៃ ដើម្បីផ្ដល់ជាតិទឹក បង្កើនជាតិស្ករក្នុងឈាម និងវីតាមីនរាងកាយកំពុងត្រូវការ។
– ដាក់បំពង់ស្ដើងចូលក្នុងបង្ហួរនោម ដើម្បីបញ្ចេញទឹកនោមចូលក្នុងថង់មួយ បែបនេះជនរងគ្រោះ នឹងមិនលេចនោមទេ។
អត្ថបទពាក់ព័ន្ធ៖
- ដាក់ជ្រុលស្រវឹង ហើយអត់ស្រួលខ្លួន នេះជាវិធីដោះស្រាយ
- អាការៈក្រោយស្រវឹង
៤- គ្រោះថ្នាក់ដោយការពុលស្រា
បើយើងផ្ទាល់ ឬនរណាម្នាក់ពុលស្រា អាចមានអាការ ឬប្រឈមគ្រោះថ្នាក់ដូចជា៖
– ស្លាក់នឹងកម្អួត ឬហឺតយកកម្អួតខ្លួនឯង បណ្ដាលឲ្យស្លាប់ដោយសារស្ទះ និងខូតខាតសួត
– មានចង្វាក់ដង្ហើមមិនប្រក្រតី
– គាំងបេះដូង
– បាត់បង់ជាតិទឹកច្រើន ក្នុងករណីធ្ងន់ធ្ងរខ្លាំង អាចបណ្ដាលឲ្យខូចខួរក្បាលជារៀងរហូត
– រាងកាយចុះត្រជាក់ខ្លាំង
– ប្រកាច់ដោយសារជាតិស្ករក្នុងឈាមចុះទាប។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]