មនុស្សមួយចំនួនតែងលើកឡើងថា ពេលស្ទាបក្បាលទៅមានអាការៈក្ដៅជាងពេលស្ទាបខ្លួន ហើយនាំគ្នាសន្និដ្ឋានថា ក្ដៅក្បាលស្ទីងៗ។ សម្រាប់គ្រូពេទ្យវិញបានអះអាងថា សភាពក្ដៅក្បាល ឬក្ដៅខ្លួនអាចដឹងទៅបាន គឺអាស្រ័យលើឧបករណ៍វាស់ស្ទង់កម្ដៅប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេសរោគកុមារ និងទារក នៅមន្ទីរពេទ្យកុមារជាតិ បានពន្យល់ថា សម្រាប់មនុស្សមួយចំនួនដែលថា ក្បាលក្ដៅជាងខ្លួន ព្រោះតែអ្នកនោះយកដៃមានសភាពត្រជាក់ ឬសើមទៅប៉ះ។
លោកគ្រូពេទ្យក៏បានបន្ថែមទៀតថា “ជាធម្មតាកម្ដៅក្នុងខ្លួនមនុស្សយើងមានកម្ដៅ ៣៧ អង្សារសេ ហើយមិនមែនក្ដៅដុំៗមិនស្មើគ្នាបែបហ្នឹងទេ ចំពោះការសន្និដ្ឋានទាំងឡាយក៏គួរតែឈប់ទៅ ត្រូវយកឧបករណ៍ស្ទង់កម្ដៅទែរម៉ូមែត្រយកមកដាក់ ហើយបើឃើញលើស ៣៨ អង្សារសេនោះ ទើបអាចហៅថាក្ដៅខ្លួន ដៃមិនអាចវាស់ដឹងបានឡើយ ហើយចំពោះទែរម៉ូមែត្រទៀតសោត ទោះជាទិញប្រភេទបាញ់ថ្ងាស គាបក្លៀក បាញ់ត្រចៀក ក៏ប្រសិទ្ធភាពវាដូចគ្នា’។
លោកបន្ថែមដោយលើកជាឧទាហរណ៍ងាយៗថា នៅពេលខ្លួនយើងមានសម្លៀកបំពាក់គ្រប់ជិត ហើយក្បាលគ្មានអ្វីបិទបាំង ធ្វើឲ្យបរិវេណនោះងាយប៉ះពាល់នឹងអាកាសធាតុខាងក្រៅផ្ទាល់ ហើយខ្លួនដែលមានខោអាវគ្របជិត មិនសូវប៉ះអាកាសធាតុក្ដៅ ឬត្រជាក់ឡើយ។ ដូចនេះហើយបានជាយើងប៉ះទៅក្បាល រាងក្ដៅជាងខ្លួនបន្តិច តែធាតុពិតកម្ដៅចេញមកពីក្នុងវាមិនបែបនោះឡើយ។
[embed-health-tool-bmi]