យើងសុទ្ធប្រឈមនឹងបញ្ហារបួស ឬការឈឺចាប់ នៅពេលណាមួយ សូម្បីតែការអង្គុយធ្វើការ ក៏អាចឈឺចាប់ឆ្អឹងខ្នង សន្លាក់ ឬជង្គង់ផងដែរ។ ពេលរាងកាយឈឺចាប់ គ្នាយើងខ្លះ អាចលេបថ្នាំបំបាត់ការឈឺចាប់ និងលាបក្រែម (Balm)។ តែយើងក៏អាចប្រើទឹកកក ឬកម្ដៅ សម្រាប់ស្អំ សម្រួល ឬព្យាបាលការឈឺចាប់ផងដែរ។
១. ប្រើទឹកកក
ការប្រើទឹកកក គឺសម្រាប់ការឈឺចាប់ស្រួចស្រាវ ការរលាក និងរបួសថ្មីៗ។ បើសិនរបួស ពេលលេងបាល់ ឬរត់ ជម្រើសល្អ យើងត្រូវប្រើទឹកកក ឬកុំប្រេសត្រជាក់សម្រាប់ស្អំ ព្រោះវាជួយធ្វើឲ្យសរសៃឈាមរួមតូច និងបន្ថយការរលាក។ ក្នុងករណីនេះ បើយើងប្រើកម្ដៅស្អំ វាអាចបណ្ដាលឲ្យហើមកាន់តែធំជាងមុន។
២. ប្រើកម្ដៅ
ការព្យាបាលដោយប្រើកម្ដៅស្អំ ល្អបំផុតសម្រាប់ការឈឺចាប់ ឬរបួសរ៉ាំរ៉ៃ ដែលមិនហើម ព្រោះការប្រើកម្ដៅស្អំកន្លែងហើម អាចបណ្ដាលឲ្យការរលាកកាន់តែធ្ងន់ធ្ងរ ហើយរបួសមិនងាយជាសះស្បើយនោះទេ។ ការប្រើកម្ដៅ ក៏ល្អដែរសម្រាប់សម្រួលសាច់ដុំ ដែលតឹង ឬឡើងរឹង។ វិធីព្យាបាលបែបនេះ ជួយដល់លំហូរឈាម ទៅកាន់ផ្នែកណាមួយក្នុងរាងកាយផងដែរ ដោយតាមរយៈការបង្កើនសីតុណ្ហភាព។
ប៉ុន្ដែក្នុងករណីខ្លះ យើងអាចប្រើទាំងការស្អំដោយទឹកកក និងកម្ដៅ ដូចជា ការឈឺខ្នងផ្នែកខាងលើ និងផ្នែកខាងក្រោម និងការឈឺជង្គង់ ដោយដំបូងយើងស្អំទឹកកក រយៈពេល ៧២ម៉ោង ទើបយើងស្អំកម្ដៅបន្ថែមទៀត។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]