ពេលស្រីៗយើងចាប់ផ្ដើមពពោះ អាចចាត់ទុកថាជាពេលដ៏លំបាកមួយសម្រាប់ជិវិតទៅហើយ ដោយសារជួបបញ្ហាចាញ់កូនផង ពិបាកធ្វើដំណើរ និងថែមទាំងត្រូវប្ដួរបែបបទនៃការរស់នៅទៀតផង។ ចុះយើងសាកស្រម៉ៃមើលថា បើកំពុងពពោះ ហើយស្រីៗយើងជួបបញ្ហាជំងឺឫសដូងបាតទៀតនោះនឹងទៅជាយ៉ាងណា?
ហេតុអ្វីបានជាស្រ្តីមានផ្ទៃពោះខ្លះកើតជំងឺឫសដូងបាត ហើយកើតឡើងដោយរបៀបណា?
១–មូលហេតុនៃការកើតជំងឺឫសដូងបាត
ទារកដែលកំពុងលូតលាស់នៅក្នុងស្បូននឹងបង្កើនសម្ពាធយ៉ាងខ្លាំងទៅលើឆ្អឹងអាងត្រគាករបស់ម៉ាក់ៗ។ ធម្មជាតិនៃការមានផ្ទៃពោះគឺទារក និងជាលិកាជុំវិញស្បូននឹងមានការលូតលាស់ជាបន្តបន្ទាប់ដែលជាហេតុបណ្តាលឲ្យមានសម្ពាធកើនឡើងរហូត។
ដូច្នេះ ករណីជំងឺឫសដូងបាតភាគច្រើនកើតឡើងជាធម្មតានៅត្រីមាសទី៣ ។ សម្ពាធនេះកើតឡើងដោយសារការកកស្ទះសរសៃឈាមវ៉ែននៅក្នុងបំពង់រន្ធគូទ។ លើសពីនេះទៀតអ័រម៉ូនដែលទាក់ទងនឹងការមានផ្ទៃពោះក៏ដើរតួនាទីសំខាន់ផងដែរ។ ការកើនឡើងនៃអ័រម៉ូនមាន ដូចជាអ័រម៉ូនអ៊ឺស្ត្រូសែន និងប្រូសេស្តេរ៉ូនធ្វើឲ្យការដឹកជញ្ជូនចំណីអាហារនៅក្នុងពោះវៀនមានការថយចុះ ដែលធ្វើឲ្យស្ត្រីមានផ្ទៃពោះជួបបញ្ហាទល់លាមក និងលាមកមានសភាពរឹងដែលនាំឲ្យមានការវិវត្តជាជំងឺឫសដូងបាត។
អ័រម៉ូនទាំងនេះក៏ជះឥទ្ធិពលដល់ជញ្ជាំងសរសៃឈាម ដែលបណ្តាលឲ្យមានការហើមផងដែរ។ ក្នុងអំឡុងពេលមានផ្ទៃពោះស្ត្រីមានផ្ទៃពោះក៏មានការកើនឡើងបរិមាណឈាមដែលបង្កើនឲ្យមានការកកស្ទះសរសៃឈាមនៅក្នុងរន្ធគូទ។
២–វិធីការពារ
វិធីមួយចំនួនអាចជួយការពារស្រ្តីមានផ្ទៃពោះរួចផុតពីការវិវត្តនៃជំងឺឫសដូងបាតនេះដែរ។ វិធីមួយក្នុងចំណោមនោះគឺបង្កើនការញ៉ាំអាហារមានជាតិសរសៃ និងផ្លែឈើ។ ផ្លែឈើដូចជាផ្លែសេផ្លែបឺរី ផ្លែប័រ ចេកទុំ និងផ្លែល្ហុងទុំ គឺសុទ្ធជាប្រភពដ៏ល្អនៃជាតិសរសៃ។ ដូចគ្នាដែរ ការផឹកទឹកឲ្យបានគ្រប់គ្រាន់ក៏ជួយសម្រួលដល់ការបន្ទោរបង់ដែរ។ មួយទៀត ស្រីៗយើងកំពុងពពោះមិនត្រូវទប់ឬទ្រាំនៅពេលឈឺពោះចង់បត់ជើងធំនោះទេ។
ក្រៅពីនេះស្ត្រីមានផ្ទៃពោះក៏ត្រូវបានណែនាំមិនឲ្យអង្គុយ ឬឈរយូរពេកទេ។ ដើម្បីជួយដល់ចរន្តឈាមស្រីៗយើងគួរតែឧស្សាហ៍ដើរពីរបីជំហានរៀងរាល់មួយម៉ោងម្តង។
ដំណឹងល្អអំពីជំងឺឫសដូងបាតដែលបណ្តាលមកពីការមានផ្ទៃពោះគឺជាបញ្ហាអាចនឹងបាត់ទៅវិញក្រោយពេលសម្រាលកូន។ បរិមាណឈាមក្នុងចរាចរឈាម សម្ពាធក្នុងពោះ និងអ័រម៉ូនក្នុងអំឡុងពេលមានផ្ទៃពោះ នឹងត្រូវកាត់បន្ថយក្រោយពេលសម្រាលកូនរួច។ ក្រោយពេលកើតកូនហានិភ័យទាំងនោះនឹងមានការថយចុះមកដូចមនុស្សធម្មតាដែរ។
៣–ហានិភ័យសុខភាពផ្សេងទៀតពេលមានផ្ទៃពោះ
ក្រៅពីជំងឺឫសដូងបាត ស្ត្រីមានផ្ទៃពោះក៏ប្រឈមនឹងហានិភ័យនៃសរសៃឈាមវ៉ែនរ៉ាំរ៉ៃ (CVI) ដែរ។ CVI កើតឡើងនៅពេលដែលមានភាពមិនប្រក្រតីនៃលំហូរឈាមនៅក្នុងសរសៃឈាមវ៉ែន។ បញ្ហានេះបណ្តាលមកពីវ៉ាល់ធ្វើការមិនបានល្អ នាំឲ្យមានការហូរឈាមបញ្ចា្រស់វិញ ស្ទះលំហូរឈាមវ៉ែន ឬមានការបូកបញ្ចូលគ្នាទាំងពីរតែម្ដង។
លំហូរឈាមមិនគ្រប់គ្រាន់នៅក្នុងសរសៃឈាមវ៉ែនបណ្តាលឲ្យមានការកាត់បន្ថយលំហូរឈាមទៅកាន់បេះដូង។ រោគសញ្ញារួមមាន telangiectasias ហើម ដំបៅ និងស្បែកប្តូរពណ៌។ ដូចគ្នានឹងជំងឺឫសដូងបាតដែរ CVI អាចមានផលកាន់តែអាក្រក់ក្នុងអំឡុងពេលមានផ្ទៃពោះហើយវាអាចនឹងប្រសើរឡើងក្រោយពេលសម្រាលកូនរួច។
ជាទូទៅការព្យាបាលសម្រាប់លក្ខខណ្ឌទាំងពីរនេះត្រូវបានបែងចែកជា៣ ប្រភេទគឺតាមរបៀបរស់នៅប្រចាំថ្ងៃ ការប្រើថ្នាំ និងការវះកាត់ ។ ការព្យាបាលសម្រាប់ជំងឺឫសដូងបាត និង CVI គឺមានការពាក់ព័ន្ធនឹងការប្រើប្រាស់ថ្នាំ ដែលថ្នាំខ្លះមាននាទីបឺតស្រូបបានរហ័សនូវមីក្រូសារធាតុនៃភាគល្អិតសកម្ម។
[embed-health-tool-due-date]