ការពិនិត្យសុខភាពឲ្យបានទៀងទាត់ ជាកត្តាសំខាន់មួយសម្រាប់ម៉ាក់ៗពពោះអាចដឹងពីស្ថានភាពសុខភាព ក៏ដូចជាផ្ដល់ភាពងាយស្រួលដល់ម៉ាក់ៗចំពោះការថែទាំសុខភាពទាំងម្ដាយ និងអាអូនក្នុងផ្ទៃដែរ។ ក្រៅពីនេះ បើពិនិត្យសុខភាពតាមចំណុចមួយចំនួន ម៉ាក់ៗអាចដឹងថាអាអូនក្នុងផ្ទៃអាចកើតជំងឺខ្សោយបញ្ញាពីកំណើត (Down syndrome) បានថែមទៀត។
ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត សឿច័ន្ទ វិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានពន្យល់ឲ្យដឹងថា ករណីកូនកើតមកមានបញ្ហាមិនគ្រប់ទឹកពីកំណើត ឬយើងហៅថា Down syndrome អាចបណ្ដាលមកពីមូលហេតុច្រើនយ៉ាងដូច តំណពូជ និងម៉ាក់ប៉ាមានការប្រែប្រួលក្រូម៉ូសូមខុសប្រក្រតី ស្ត្រីពពោះនៅអាយុចាស់ពេក (៣៥ឆ្នាំឡើង)។ល។
លោកបន្តថា ដើម្បីស្វែងរកថា អាអូនក្នុងផ្ទៃមានហានិភ័យកើតជំងឺនេះ ឬអត់ ម៉ាក់ៗពពោះត្រូវពិនិត្យមើល Prenatal Screening នៅចុងត្រីមាសទី១ គឺកូន១១-១៣អាទិត្យ ៦ថ្ងៃ គឺជាពេលវេលាសំខាន់បំផុត មិនអាចអាក់ខានឡើយ រួមផ្សំនិងការពិនិត្យផ្នែកផ្សេងៗទៀតដូចជា៖
១. ពិនិត្យអេកូ វាស់កម្រាស់កញ្ចឹងកកូន NT និងវាស់ឆ្អឹងខ្ទង់ច្រមុះ(Nasal Bone)
២. បូមឈាមម្ដាយធ្វើតេស្ត (Double test: Free beta hCG និងPAPP A)
៣. អាយុម្ដាយ
ចំពោះ ការពិនិត្យខាងលើនេះអាចឲ្យយើងរកឃើញអត្រាកូនក្នុងផ្ទៃអាចមានជំងឺ Down syndromeដូចជា៖
– ពឹងផ្អែកលើអាយុម៉ាក់ អាចរកឃើញ ៣០%
– អាយុម៉ាក់ + វាស់កម្រាស់កញ្ចឹងកកូន អាចរកឃើញ អាត្រា ៧០-៨០%
– អាយុម៉ាក់ + វាស់កម្រាស់កញ្ចឹងកកូន + Double test អាចរកឃើញ៨០-៩៥%
– អាយុម៉ាក់ + វាស់កម្រាស់កញ្ចឹងកកូន + ឆ្អឹងខ្ទង់ច្រមុះ អាចរកឃើញ ៩០%
– អាយុម៉ាក់ + វាស់កម្រាស់កញ្ចឹងកកូន + ឆ្អឹងខ្ទង់ច្រមុះ+ Double test អាចរកឃើញ 95%
វេជ្ជបណ្ឌិតផ្នែកសម្ភពរូបនេះថា បន្ទាប់ពីធ្វើ Prenatal screening ដូចខាងលើ បញ្ជាក់ថាមានហានិភ័យខ្ពស់ត្រូវកើតជំងឺ Down Syndrome ត្រូវបន្តធ្វើការចោះយកទឹកភ្លោះ នៅអាយុចាប់ពី១៦អាទិត្យឡើង ដើម្បីយកកោសិកាកូនដែលមាននៅក្នុងទឹកភ្លោះនោះទៅ ពិនិត្យរកចំនួនក្រូម៉ូស៉ូម គូទី២១ ថាតើមានចំនួន៣ក្រម៉ូស៉ូមឬក៏អត់? បើគូទី២១មានចំនួនក្រម៉ូសូម៣នោះ ទារកគឺកើតជំងឺមិនគ្រប់ទឹកពីកំណើត ឬdown syndromeហើយ។
[embed-health-tool-due-date]