ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!
បច្ចេកវិទ្យាទំនើប គេអាចដឹងថា កូនក្នុងផ្ទៃលូតលាស់បានល្អ ឬមិនល្អ មានបញ្ហាអីឬអត់។ ក្នុងនោះកូនមានជំងឺខ្សោយបញ្ញាពីកំណើត ដែលពាក្យបច្ចេកទេសហៅថា Down syndrome ក៏ដឹងពេលម្តាយកំពុងពពោះដែរ។
លោកវេជ្ជបណ្ឌិត នូ អាណាហ្សា ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានឲ្យដឹងថា យើងអាចធ្វើអេកូស្ត្រីពពោះដឹងថា កូនប្រឈមជំងឺ Down syndrome ឬអត់ នៅក្នុងត្រីមាសទី១ គឺក្នុងអំឡុង សប្តាហ៍ទី ១១-សប្តាហ៍១៣និង៦ថ្ងៃ ដោយវាស់កម្រាស់កញ្ចឹងករបស់ទារកក្នុងផ្ទៃ។ ក្នុងករណីការពិនិត្យអេកូឃើញថា កម្រាស់កញ្ចឹងកកូនខុសកម្រិតធម្មតា នោះគ្រូពេទ្យសង្ស័យថា កូនក្នុងផ្ទៃមានជំងឺខ្សោយបញ្ញាពីកំណើតហើយ។
នៅក្នុងត្រីមាសទី១នេះ ក៏មានការធ្វើតេស្តឈាមម្តាយរួមបញ្ចូលគ្នាដែរ ក្នុងនោះរួមមានតេស្តឈាមមើលកម្រិតជាតិប្រូតេអ៊ីន និងតេស្តឈាមមើលកម្រិតអ័រម៉ូនក្នុងឈាម។ ការធ្វើតេស្តឈាមទាំងពីរនេះអាចដឹងថា កូនក្នុងផ្ទៃមានកត្តាប្រឈមនឹងជំងឺខ្សោយបញ្ញាពីកំណើតខ្ពស់ ឬទាប។
ករណីខ្លះលោកវេជ្ជបណ្ឌិតថា តាមរយៈរូបភាពអេកូសាស្ត្រមើលទៅឃើញកម្រាស់កញ្ចឹងកកូនធម្មតា តែមិនប្រាកដថា កូនមិនមានបញ្ហានោះទេ ដូចគ្នានេះដែរ សូម្បីតែការធ្វើតេស្តឈាមម្តាយក៏មិនទាន់អាចបញ្ជាក់បាន ១០០% ថា កូនមានជំងឺ Down syndrome។ ដូច្នេះមានតែការបូមទឹកភ្លោះ យកទៅវិភាគទេ ទើបអាចដឹងច្បាស់ ១០០% ។ ឯការបូមទឹកភ្លោះយកទៅវិភាគនោះទៀតសោត លុះត្រាតែស្ត្រីពពោះមានកត្តាប្រឈមខ្ពស់ប៉ុណ្ណោះ។
លោកវេជ្ជបណ្ឌិតបម្រើការងារនៅផ្នែកសម្ភព នៃមន្ទីរពេទ្យកុមារជាតិរូបនេះ បានបន្តថា បើដឹងលទ្ធផលច្បាស់ហើយថា កូនមានជំងឺ Down syndrome ហើយមិនមានវិធីព្យាបាលនោះទេ ព្រោះជាជំងឺពីកំណើត មានតែវិធីពិភាក្សាជាមួយឪពុកម្តាយ តើចង់បន្តផ្ទៃពោះទៀត ឬក៏បញ្ឈប់គភ៌។ “ព្រោះឪពុកម្តាយខ្លះពិបាកមានកូន ឪពុកម្តាយខ្លះស្រលាញ់កូនខ្លាំង ទោះជាមានជំងឺហ្នឹង ក៏ព្រមទទួលកូន អ៊ីចឹងគាត់នឹងបន្តទុកកូន”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
[embed-health-tool-due-date]