បុរស និងស្ត្រីដែលជាប់សាច់ឈាមនឹងគ្នា មិនថាសាច់ជិត ឬឆ្ងាយនោះទេ គេកម្រឲ្យយកគ្នាជាប្តីប្រពន្ធណាស់។ ក្នុងនោះក៏មានការលើកឡើងថា ប្តីប្រពន្ធមានជាប់សាច់ឈាមនឹងគ្នា នោះកើតមកមិនសូវឆ្លាតនោះទេ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ លោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី សញ្ញាបត្រមកពីប្រទេសបារាំង បកស្រាយថា ប្តីប្រពន្ធជាប់សាច់ឈាមគ្នា កើតកូនមកពាក់ព័ន្ធនឹងជំងឺតំណពូជច្រើនជាងបញ្ញាស្មារតី ឆ្លាត ឬមិនឆ្លាត។ លោកស្រីវេជ្ជបណ្ឌិតថា កាលណាប្តីប្រពន្ធមានសាច់ឈាមជាប់គ្នា ឬជិតគ្នាពេក មានន័យថាប្តីប្រពន្ធជាបងប្អូនជីដូនមួយនឹងគ្នា នោះកូនកើតមកប្រឈមនឹងជំងឺតំណពូជច្រើន។
” អ៊ីចឹងបានគេតែងតែសួរដែរ គាត់បងប្អូនគ្នាឬអត់? កាលណាជាប់សាច់ឈាមគ្នា អាចប្រឈមមុខនឹងជំងឺតំណពូជច្រើន ពីជីដូនជីតា ឪពុកម្តាយ មានជំងឺអី នោះកូននឹងមានជំងឺហ្នឹងដែរ កាលណាបែកមែកឆ្ងាយៗ នោះអត្រាកើតជំងឺតំណពូជតិច”។ លោកស្រីវេជ្ជបណ្ឌិតរៀបរាប់។
បើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ ជំងឺតំណពូជដែលប្តីប្រពន្ធជាប់សាច់ឈាមនឹងគ្នា ប្រឈមដល់កូននោះរួមមាន ជំងឺគ្រាប់ឈាម ជំងឺ Cystic fibrosis ជំងឺស្វិតសាច់ដុំខួរឆ្អឹងខ្នង ខ្សោយប្រាជ្ញាពីកំណើត ជំងឺឆ្អួតជ្រូក ជាដើម។
[embed-health-tool-due-date]