សុកពាំងមាត់ស្បូន គឺជាសុកស្ថិតក្នុងស្បូនមានទីតាំងមិនធម្មតា នៅទាប ឬនៅពីលើមាត់ស្បូនតែម្ដង។ ដូចនេះវេជ្ជបណ្ឌិត ច័ន្ទ រស្មី ឯកទេសសម្ភព និងរោគស្ត្រីបានរៀបរាប់ពីរោគសញ្ញា និងបញ្ហាដែលកូនត្រូវប្រឈម ពេលម៉ាក់ៗមានបញ្ហានេះដូចខាងក្រោម។
១- រោគសញ្ញារួមមានការហូរឈាមតាមទ្វារមាស
អាចចាប់ផ្ដើមនៅពាក់កណ្ដាលត្រីមាសទី២ នៃការមានផ្ទៃពោះ។ ចំណែកការហូរឈាមនេះទៀតសោត ឈាមមានពណ៌ក្រហមស្រស់ ជាទូទៅមិនមានការឈឺពោះទេ។
២- កត្តាហានិភ័យដែលបណ្តាលឲ្យមានសុកពាំងមាត់ស្បូនមាន៖
– មានគភ៌នៅវ័យចំណាស់
– ជក់បារី ឬស្រូបផ្សែងបារីដោយផ្ទាល់ និងប្រយោល
– ធ្លាប់សម្រាលកូនដោយវះកាត់ពីមុន
– ធ្លាប់រំលូតកូន
៣- ផលវិបាកចំពោះម៉ាក់ៗ
– ធ្លាក់ឈាមមុនសម្រាល
– កូនបង្ហាញទម្រង់មិនត្រឹមត្រូវ
– សុកកូនមិនធម្មតា
– ធ្លាក់ឈាមក្រោយសម្រាល
– បង្ករោគក្រោយសម្រាល
៤- ផលវិបាកចំពោះទារក
– លូតលាស់ក្នុងផ្ទៃយឺត
– ខ្វះអុកស៊ីសែន កូនខ្សោយ
– កូនមិនគ្រប់ខែ
– កូនស្លាប់
៥- ការគ្រប់គ្រងសុកពាំងមាត់ស្បូន
– ចំពោះម៉ាក់ៗដែលមានផ្ទៃពោះតិចជាង ៣៦ សប្ដាហ៍មានធ្លាក់ឈាមតិចតួចត្រូវសម្រាកលើគ្រែ និងចៀសវាងការរួមភេទ ឬត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ប្រសិនបើឈាមនៅតែធ្លាក់ទោះតិចក្ដី ច្រើនក្ដី។
– ចំពោះម៉ាក់ដែលមានគភ៌លើសពី ៣៦ សប្តាហ៍ ឬមានបរិមាណឈាមធ្លាក់ច្រើន គួរតែធ្វើការសម្រាលដោយវះកាត់ជាបន្ទាន់។
– ម៉ាក់ៗមានផ្ទៃពោះមានអាយុតិចជាង ៣៦ សប្ដាហ៍ថ្នាំស្តេរ៉ូអុីត ត្រូវប្រើជំនួយដល់សួតរបស់ទារកទុំ ដើម្បីបំពេញមុខងារដង្ហើមរបស់ទារក យ៉ាងហោចណាស់ ១២ ម៉ោងមុនសម្រាល។
[embed-health-tool-due-date]