យើងដឹងហើយថា ជំងឺគ្រុនឈាម កើតឡើងបានទាំងលើកូនក្មេងៗ និងមនុស្សចាស់ ហើយស្ត្រីពពោះរឹតតែមានគ្រោះថ្នាក់បើកើត ព្រោះអាចចម្លងទៅកូនក្នុងផ្ទៃបាន។ បើស្ត្រីពពោះ កើតជំងឺគ្រុនឈាម វាមិនត្រឹមនាំទុក្ខដល់ម៉ាក់ៗទេ កូននៅក្នុងផ្ទៃក៏អាចជួបបញ្ហាធ្ងន់ដូចគ្នា។
ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសផ្នែកសម្ភព និងរោគស្ត្រី លើកឡើងថា បើម៉ាក់ៗពពោះ មានរោគសញ្ញាដូចជា ក្ដៅខ្លួន ឈឺក្បាល ឈឺសន្លាក់សាច់ដុំ ឈឺក្នុងភ្នែក ឡើងកន្ទួលក្រហមលើស្បែក ឬចេញឈាមច្រមុះ មានន័យថា ម៉ាក់ៗកើតជំងឺគ្រុនឈាមហើយ។ ប៉ុន្តែ បើម៉ាក់ៗពពោះឈឺគ្រុនឈាម វិវត្តដល់កម្រិតធ្ងន់ធ្ងរ ហៅថា Dengue Hemorrhagic Fever (DHF) ដែលមានរោគសញ្ញាដូចជា ក្អួតចង្អោរ ចុកពោះខ្លាំង ពិបាកដកដង្ហើម មានហូរឈាមតាមច្រមុះ អញ្ចាញធ្មេញ ឬនៅពីក្រោមស្បែក។
ចុះបើម្ដាយកើតគ្រុនឈាម អាចនាំទុក្ខដល់កូនក្នុងផ្ទៃម៉េចខ្លះ?
ក្នុងករណីដែល ម៉ាក់ៗវិវត្តដល់ជំងឺគ្រុនឈាមប្រភេទធ្ងន់ធ្ងរ អាចបង្កគ្រោះថ្នាក់ដល់ជីវិត បើមិនបានព្យាបាលត្រឹមត្រូវ។ ចំណែកករណីខ្លះទៀត អាចបង្កគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃដូចជា៖
- កូនកើតមិនគ្រប់ខែ
- កើតមិនគីឡូ ឬ
- អាចស្លាប់ក្នុងផ្ទៃ។
ដ្បិតតែជំងឺគ្រុនឈាម អាចព្យាបាលឲ្យជាសះស្បើយបានក្រោយ ធ្វើតាមការណែនាំរបស់ពេទ្យក៏ពិតមែនដូចជា ញ៉ាំទឹកឲ្យច្រើន គេងបានគ្រប់គ្រាន់ និងលេបថ្នាំបន្ថយគ្រុនក្ដៅ និងបន្ថយអាការៈឈឺចាប់ប៉ុណ្ណឹងឯង។ ប៉ុន្តែថ្នាំមួយចំនួនអាចរំខានដល់គភ៌ក្នុងផ្ទៃ ដូចនេះម៉ាក់ៗត្រូវពិគ្រោះពីផលប៉ះពាល់ និងវិធីដោះស្រាយត្រឹមត្រូវជាមួយគ្រូពេទ្យជំនាញ។
ប៉ុន្តែ បើក្នុងរយៈពេល២៤ម៉ោង ម៉ាក់ៗមានអារម្មណ៍ថាមិនស្រួល (ឧ.ចង់ក្អួត ឬចុកពោះខ្លាំង) ម៉ាក់ៗត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាម ចៀសវាងកើតបញ្ហាសុខភាពធ្ងន់ធ្ងរ។
យោងតាមមជ្ឈមណ្ឌលទប់ស្កាត់ និងប្រឆាំងជំងឺឆ្លង CDC អាមេរិក ឲ្យដឹងថា ស្ត្រីពពោះអាចការពារខ្លួនពីជំងឺគ្រុនឈាមនេះបានដោយ៖
– ប្រើថ្នាំការពារសត្វល្អិតដែលមានគុណភាព
– ស្លៀកសម្លៀកបំពាក់ជិតៗ (អាវដៃវែង ខោជើងវែង)
– បិទទ្វារ ឬបង្អួចឲ្យជិត និងប្រើម៉ាស៊ីនត្រជាក់ (បើអាច)
– ធ្វើតាមការណែនាំ កម្ចាត់សំបុកមូសខ្លា។ល។
[embed-health-tool-due-date]