ក្នុងដំណាក់កាលរីករាលនៃជំងឺ COVID-19 ម៉ាក់ៗដែលកំពុងពពោះ ឬត្រៀមសម្រាល ប្រហែលជាបារម្ភច្រើនអំពីសុវត្ថិភាពរបស់ខ្លួន និងកូនក្នុងផ្ទៃ។ អ៊ីចឹងហើយថ្ងៃនេះ Hello គ្រូពេទ្យ នឹងលើកយកកម្រងសំណួរ-ចម្លើយមួយចំនួន អំពីស្ត្រីមានផ្ទៃពោះ និងវីរុស COVID-19 ដែលចងក្រងដោយអង្គការសុខភាពពិភពលោក (WHO) ដើម្បីជាចំណេះដឹងសម្រាប់ស្ត្រីមានផ្ទៃពោះ។
សំណួរទី១. ខ្ញុំជាស្ត្រីមានផ្ទៃពោះ តើខ្ញុំត្រូវការពារខ្លួនពី COVID-19 យ៉ាងដូចម្តេច?
ចម្លើយ៖ មិនមានអ្វីប្លែកពីគេនោះទេ ស្ត្រីមានផ្ទៃពោះត្រូវអនុវត្តវិធានការពារខ្លួនពី COVID-19 ដូចមនុស្សធម្មតាដែរ។ ទី១ ត្រូវលាងសម្អាតដៃជាមួយសាប៊ូ និងទឹក ជែល ឬអាល់កុលឲ្យបានញឹកញាប់ ទី២ រក្សាចន្លោះរវាងយើង និងអ្នកដទៃ ហើយចៀសវាងទៅកន្លែងដែលមានមនុស្សច្រើន ទី៣ កុំយកដៃទៅប៉ះភ្នែក ច្រមុះ និងមាត់ ទី៤ អនុវត្តអនាម័យផ្លូវដង្ហើម ដោយយកក្រដាស ឬកែងដៃគ្របមាត់ ពេលក្អក ឬកណ្តាស់។ ក្នុងករណីមានអការៈក្តៅខ្លួន ក្អក ពិបាកដកដង្ហើម ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ។
សំណួរទី២. ពិតអត់ ស្ត្រីពពោះជាក្រុមមនុស្សប្រឈមខ្លាំងនឹងការឆ្លង COVID-19?
ចម្លើយ៖ ការស្រាវស្រាវអំពីផលប៉ះពាល់របស់វីរុស COVID-19 លើស្ត្រីមានផ្ទៃពោះកំពុងដំណើរការនៅឡើយ។ ប៉ុន្តែបច្ចុប្បន្ននេះមិនទាន់មានភស្តុតាងណាបញ្ជាក់ថា ស្ត្រីមានផ្ទៃពោះប្រឈមខ្លាំងជាងមនុស្សធម្មតានោះទេ។ ទោះយ៉ាងណាក៏ដោយ ដោយសារតែការផ្លាស់ប្តូររាងកាយ អ័រម៉ូន និងប្រព័ន្ធភាពស៊ាំ ស្ត្រីមានផ្ទៃពោះអាចរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយការឆ្លងមេរោគផ្លូវដង្ហើមមួយចំនួន ពិសេសវីរុស COVID-19។
សំណួរទី៣. តើវីរុស COVID-19 អាចឆ្លងពីម្តាយទៅកូនក្នុងផ្ទៃ ឬកូនទើបកើតទេ?
ចម្លើយ៖ នៅមិនទាន់ដឹងថា តើស្ត្រីមានផ្ទៃពោះដែលមានវីរុស COVID-19 អាចចម្លងមេរោគទៅកូនក្នុងផ្ទៃ ឬពេលសម្រាលកូនឡើយ ហើយក៏មិនទាន់ដឹងថា វីរុស COVID-19 មាននៅក្នុងទឹកភ្លោះ ឬទឹកដោះម្តាយនោះដែរ។
សំណួរទី៤.តើស្ត្រីដែលឆ្លង COVID-19 អាចបំបៅកូនដោយទឹកដោះបានទេ?
ចម្លើយ៖ ជាពិត ស្ត្រីដែលមានឆ្លងវីរុស COVID-19 អាចបំបៅកូនបាន ប្រសិនបើម៉ាក់ៗមានបំណងបំបៅកូនដោយទឹកដោះ ប៉ុន្តែម៉ាក់ៗត្រូវអនុវត្តក្បួនអនាម័យផ្លូវដង្ហើម ដោយពាក់ម៉ាស់ឲ្យបានត្រឹមត្រូវអំឡុងពេលបំបៅដោះកូន លាងសម្អាតដៃឲ្យស្អាត មុន និងក្រោយពេលបំបៅកូន។
[embed-health-tool-due-date]