ត្រីមាសទីមួយនៃការមានផ្ទៃពោះ គឺជារយៈពេលបីខែដំបូងនៃការពពោះ ហើយត្រូវគ្រូពេទ្យកំណត់ពីសប្ដាហ៍ទី១ដល់ទី១២ ឬខ្លះថាដល់ទី១៤។ គ្រូពេទ្យបានកំណត់ថ្ងៃទីមួយនៃដំណាក់កាលមានផ្ទៃពោះនៅថ្ងៃចុងក្រោយនៃវដ្ដរដូវ ដែលស្រីៗខ្លះពេលដឹងថាបាត់រដូវ អាចមានផ្ទៃពោះបួនសប្ដាហ៍ហើយក៏មាន។ បើអ៊ីចឹងតើមានសញ្ញាអ្វីខ្លះអាចថាស្រីៗយើងមានផ្ទៃពោះ?
ខាងក្រោមនេះជាសញ្ញាមួយចំនួនសម្រាប់ស្រីៗយើងតាមដានខ្លួនឯង ព្រោះថារាងកាយយើងមិនដួចគ្នា អាការៈពេលពពោះក៏អាចខុសគ្នាដែរ។
១. អស់កម្លាំង
ស្រីៗយើងខ្លះពេលចាប់ផ្ដើមមានផ្ទៃពោះដំបូង អាចថាមានអាការៈឆាប់ហត់នឿយ អស់កម្លាំង ជាងធម្មតា។ ចំណែកអ្នកខ្លះទៀត អស់កម្លាំងល្ហិតល្ហៃតែម្ដង ក៏មាន។
២. ចង្អោរ
អាការៈចង្អោរ ជាអាការៈទូទៅមួយសម្រាប់ស្រីៗពេលមានផ្ទៃពោះ។ បើសិនជាអាការៈចង្អោរបង្កឲ្យក្អួតញឹកញាប់ មិនអាចញ៉ាំអាហារបាន ស្រីៗយើងគួរទៅជួបគ្រូពេទ្យ។
៣. ឈឺក្បាល ឬឈឺខ្លួន
ស្រីៗខ្លះអាចមានអាការៈដូចជាឈឺក្បាល នៅពេលចាប់ផ្ដើមមានផ្ទៃពោះ ហើយខ្លះទៀតក៏អាចមានការឈឺចាប់នៅត្រង់សាច់ដុំ ឬខ្លួនក៏មាន។
៤. សុដន់ប្រែប្រួល
ការប្រែប្រួលសុដន់ក៏ជាសញ្ញាមួយនៃការមានផ្ទៃពោះដែរ។ ស្រីៗយើងសាកសង្កេតមើលថាសុដន់មានឡើងធំជាងមុន ឬប្រែប្រួលសណ្ឋានឬយ៉ាងណា។ សុដន់អាចឡើងតឹង និងអ្នកខ្លះអាចជួបបញ្ហាស្រៀវចុងសុដន់ផងដែរ។
៥. អារម្មណ៍ប្រែប្រួល
អារម្មណ៍ក៏ដូចគ្នា បើស្រីៗយើងសង្កេតឃើញថាខ្លួនយើងមានអារម្មណ៍មិនសូវល្អ ប្រែប្រួលមិនទៀតនោះក៏ជាសញ្ញាមួយដែរ។ ការមានផ្ទៃពោះគឺជាការផ្លាស់ប្ដូរដ៏ធំមួយក្នុងជីវិតមនុស្សយើង ដែលអាច ធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍។ អ័រម៉ូនមានផ្ទៃពោះ និងការប្រែប្រួលផ្នែករាងកាយសុទ្ធតែធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍យើង។
៦. វិលមុខ
អាមារៈវិលមុខ ឬវិលមុខឆាប់រហ័សភ្លាមៗក៏ជាសញ្ញាទូទៅមួយនៃការមានផ្ទៃពោះដែរ។ ពេលខ្លះអាការៈវិលមុខនេះកើតឡើងនៅពេលយើងឃ្លាន ស្រេកទឹក ឬក៏ក្រោកឈរភ្លាមៗ។
៧. តឹងច្រមុះ
អាការៈតឹងច្រមុះអាចកើតមាននៅពេលលំហូរឈាមក្នុងរាងកាយយើងប្រែប្រួល ដែលនាំឲ្យកើតមានសម្ពាធ ឬស្ទះនៅច្រមុះ រហូតអ្នកខ្លះមានឈាមច្រមុះទៀតផង។
៨. ធ្លាក់សខុសធម្មតា
ស្រីៗយើងខ្លះអាចជួបការប្រែប្រួលសណ្ឋាននៃការធ្លាក់ស។ ការធ្លាក់សអាចប្រែទៅជាច្រើនជាងធម្មតា ឬក៏មានសភាពប្លែកពីធម្មតា។ ការមានអាការៈបែបនេះ គឺជារឿងខុសប្រក្រតីដែលអាចធ្វើឲ្យយើងឈឺ ឬរមាស់ត្រង់ទ្វារមាស។ ដូចនេះ បើស្រីៗយើងជួបបញ្ហាទាំងនេះ គូរពិគ្រោះជាមួយគ្រូពេទ្យ។
៩. ធ្លាក់ឈាម
សម្រាប់ស្រីៗយើងខ្លះទៀតអាចជួបអាការៈដូចជាមានធ្លាក់ឈាមតិចៗ ពិសេសនៅដើមត្រីមាសទីមួយនៃការមានផ្ទៃពោះ។ ប៉ុន្តែបើស្រីៗយើងឃើញមានធ្លាក់ឈាមច្រើន ឬក្រហមក្រម៉ៅគួរប្រញាប់ទៅជួបគ្រូពេទ្យ។
[embed-health-tool-due-date]