ពេលមានផ្ទៃពោះ ស្ត្រីមានបម្រែបម្រួលអ័រម៉ូន តម្រូវឲ្យលំពែងធ្វើការ ៤ដង លើសពេលធម្មតា ក្នុងនោះ ១០% នៃស្ត្រីមានផ្ទៃពោះ លំពែងមិនអាចធានារ៉ាប់រងបាននូវការកើនឡើងនៃតម្រូវការការផលិតអាំងស៊ុយលីនទេ ធ្វើឲ្យជាតិស្កររបស់ស្ត្រីពពោះកើនឡើង ទៅជាកើតជំងឺទឹកនោមផ្អែម។ នេះបើតាមការលើកឡើងរបស់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម ក្រពេញ និងអ័រម៉ូន-ភាតរៈសមាជិក American College of Endocrinology។
លោកវេជ្ជបណ្ឌិតបន្តថា តួលេខស្រ្តីកើតជំងឺទឹកនោមផ្អែមពេលពពោះនៅអាស៊ីប្រហាក់ប្រហែលគ្នា មានប្រមាណជា ១០% នៃស្ត្រីពពោះទាំងអស់។
យើងអាចដឹងថា ស្រ្តីមានជំងឺទឹកនោមផ្អែមពេលពពោះដោយរបៀបណា?
លោកវេជ្ជបណ្ឌិតឆ្លើយថា នៅដំណាក់កាលដំបូង មិនមានរោគសញ្ញាអ្វីទាំងអស់ ទល់តែបងប្អូនស្រ្តីទៅធ្វើតេស្ត ហើយការធ្វើតេស្តនោះទៀតសោតមានលក្ខណៈពិសេសបន្តិច គឺតម្រូវឲ្យស្រ្តីពពោះញ៉ាំទឹកស្ករចំនួន ៣៥ក្រាម ដែលជាស្ករពិសេសរៀបចំនៅមន្ទីរពិសោធន៍។
“ព្រលឹមឡើងបងប្អូនស្ត្រីដែលមានផ្ទៃពោះកុំទាន់ញ៉ាំអី ហើយទៅមន្ទីរពិសោធន៍ ពេលនោះអ្នកធ្វើការនៅមន្ទីរពិសោធន៍នឹងបូមឈាមស្ត្រីពពោះ បន្ទាប់ពីបូមឈាមរួច តម្រូវឲ្យស្ត្រីញ៉ាំជាតិស្ករចំនួន ៧៥ ក្រាម រួចហើយ ១ម៉ោងក្រោយបូមឈាមម្តងទៀត ២ម៉ោងក្រោយបូមឈាមម្តងទៀត។ ដូច្នេះត្រូវបូមឈាមចំនួន ៣ដង”។ លោកវេជ្ជបណ្ឌិតរៀបរាប់។
បើលទ្ធផល មុនញ៉ាំស្ករ ៧៥ក្រាម ចន្លោះពី ៩២-១២៥ mg/dL នោះបញ្ជាក់ថា ស្ត្រីមានជំងឺទឹកនោមផ្អែមប្រភេទ៣ ឬជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះ។ ដូចគ្នានេះដែរ បើលទ្ធផលក្រោយពេលញ៉ាំស្ករ ៧៥ក្រាម ១ម៉ោង លើសពី ១៨០mg/dL ឬក៏លទ្ធផល ២ម៉ោងក្រោយញ៉ាំជាតិស្ករ ៥៧ក្រាម លើសពី ១៥៣-១៩៩ mg/dL ក៏បញ្ជាក់ថា ស្រ្តីមានជំងឺទឹកនោមផ្អែមពេលពពោះដែរ។
បើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា កម្រិតជាតិស្ករស្ត្រីពពោះតឹងរឹងខ្លាំងណាស់ កាលណាឡើងតែបន្តិចត្រូវបានរាប់បញ្ចូលថា មានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះហើយ។
[embed-health-tool-due-date]