រលូតកូន ជាបទពិសោធឈឺចាប់បំផុតមួយក្នុងជីវិត ពិសេសស្រីៗ ងាយប៉ះពាល់ដល់សតិអារម្មណ៍ បាក់បង់ទំនុកចិត្តពេលចង់បានកូនម្តងទៀត។ ទោះជាបែបនេះក្តី មិនមែនឲ្យតែធ្លាប់រលូត មិនអាចយកអូនៗគួរឲ្យស្រលាញ់ដូចគ្នាឯងឯណា។ “Hello គ្រូពេទ្យ’ នឹងណែនាំវិធីសាស្ត្រជួយឲ្យអាចឆាប់យកកូនក្រោយរលូត។
១- ធ្វើចិត្តឲ្យរឹងមាំ
រឿងសោកសៅក្រោយបាត់បង់កូន អាចនឹងពិបាកភ្លេច ហេតុនេះត្រូវត្រៀមចិត្ត និងធ្វើចិត្តរឹងមាំ។ បញ្ហាបាត់បង់កូន (រលូតកូន) ស្រីៗងាយនឹងប៉ះពាល់ខ្លាំងលើផ្លូវអារម្មណ៍ បើចាំបាច់ត្រូវពិភាក្សាជាមួយប្តី ឬពេទ្យ ដើម្បីជាកម្លាំងចិត្ត កុំអស់សង្ឃឹមឲ្យសោះ ព្រោះនៅមានឱកាសច្រើនទៀតកំពុងរងចាំហើយ។ បើយើងមិនមានបញ្ហាសុខភាពប៉ះពាល់ដល់បង្កកំណើតទេ ផែនការយកកូនជាថ្មី នៅតែមានសង្ឃឹមខ្ពស់។
២- ជ្រើសពេលត្រឹមត្រូវដើម្បីពពោះ
រួមភេទត្រូវពេលវេលា ជាគន្លឹះជួយឲ្យមានផ្ទៃពោះបានលឿន ខណៈការរួមភេទលឿន មុន ឬយឺតពេក ក្រោយថ្ងៃមេជីវិតញីទុំជ្រុះ ធ្វើឲ្យឱកាសមានកូនកាន់តែទាបមិនខាន។
មេជីវិតឈ្មោលអាចរស់នៅបានរហូតពី ៣-៦ ថ្ងៃ ក្នុងរាងកាយស្រីៗ ឯមេជីវិតញី អាចរស់បានតែមួយថ្ងៃប៉ុណ្ណោះ ក្រោយទុំជ្រុះ។ បើចង់បានកូន គួររួមភេទ ១-២ ថ្ងៃមុនមេជីវិតញីទុំជ្រុះ។
អ្នកឯកទេសសុខភាពបន្តពូជជាច្រើន បានណែនាំឲ្យរួមភេទរៀងរាល់ ២ ថ្ងៃម្តង បើមិនអាចរាប់ឲ្យត្រូវថ្ងៃពិសេស (ថ្ងៃមេជីវិតញីទុំជ្រុះ) ដើម្បីឲ្យឱកាសមានផ្ទៃពោះកាន់តែខ្ពស់។
អត្ថបទពាក់ព័ន្ធ៖
- ស្វែងយល់លម្អិតពីហេតុផលសំខាន់ៗ អាចឲ្យស្រីៗរលូតកូន
- អ័រម៉ូន ប្រូហ្គេស្តេរ៉ូន អាចបន្ថយហានិភ័យរលូតកូន
៣- រកឲ្យឃើញចន្លោះពេលអាចមានកូន
ដើម្បីមានផ្ទៃពោះជោគជ័យ ស្រីៗតែងសម្គាល់លើថ្ងៃទុំជ្រុះមេជីវិតញី ហើយឱកាសមានផ្ទៃពោះស្ថិតនៅអំឡុង ៥ថ្ងៃ មុនដល់ពេលមេជីវិតញីទុំជ្រុះ។ ធ្វើការហត់នឿយពេក ឬស្ត្រេសណែនក្បាល ក៏ជះឥទ្ធិពលមិនល្អចំពោះការទុំជ្រុះមេជីវិតញីឲ្យចំថ្ងៃដែរ។ ក្រៅពីនេះ មានវិធី ៣ ផ្សេងទៀត មានប្រសិទ្ធភាពជួយឲ្យឆាប់មានកូន៖
– ប្រើប្រតិទិន៖ វិធីសាស្ត្រនេះ មានប្រសិទ្ធភាពចំពោះស្រីៗមានរដូវទៀងប៉ុណ្ណោះ។ ត្រូវរកឲ្យឃើញថាតើថ្ងៃណាជាថ្ងៃមករដូវបន្ទាប់ រួចដៅសម្គាល់ ហើយរាប់ថយក្រោយ ១២ថ្ងៃ និងដៅយក ៥ថ្ងៃបន្ទាប់ទៀត។ មេជីវិតញី នឹងអាចទុំជ្រុះក្នុងរយៈពេល ៥ ថ្ងៃនោះ បង្កឱកាសមានកូនកាន់ដែលខ្ពស់។ បើស្រីៗមានវដ្តរដូវទៀង ២៨ថ្ងៃ ឱកាសល្អបំផុតដែលទុំជ្រុះមេជីវិតញី គឺចំថ្ងៃទី ១៤ នៃវដ្ដរដូវ។
– តាមដានកម្ដៅរាងកាយ៖ ២-៣ ថ្ងៃក្រោយពេលស្រីៗបញ្ចេញមេជីវិតញី រាងកាយនឹងឡើងកម្ដៅស្ទំៗ។ ហេតុនេះ យើងអាចប្រើទែរម៉ូមែត្រវាស់តាមដានកម្ដៅខ្លួន ឱកាសមានកូនខ្ពស់បំផុត គឺអំឡុងពេល ២-៣ ថ្ងៃមុនកម្ដៅកើនឡើង។
– សម្គាល់ទឹករំអិលចេញតាមទ្វារមាស៖ នៅថ្ងៃធម្មតា កន្លែងសម្ងាត់ស្រីៗយើង អាចធ្លាក់សតិចតួច ហើយស្ងួត។ ប៉ុន្តែពេលមេជីវិតញីជិតទុំជ្រុះ ទឹករំអិលមានកាន់តែច្រើន ដោយមានលក្ខណៈអន្ធិលៗ ថ្លា និងរអិល។
មុនចង់មានផ្ទៃពោះម្តងទៀត សំខាន់បំផុត គួរជួបពិភាក្សាជាមួយពេទ្យ ដើម្បីស្វែងយល់ពីហេតុផលកូនរលូតពីមុន។ ដឹងពីស្ថានភាពសុខភាព និងទទួលបានការព្យាបាលត្រឹមត្រូវ ជារឿងសំខាន់ ជួយឲ្យលទ្ធភាពមានផ្ទៃពោះកាន់តែជោគជ័យ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា ធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]