ស្រីៗយើងកំពុងពពោះ ធ្លាប់ឮពីការឆ្លងរោគលើផ្លូវទឹកនោមដែរឬអត់? បើមិនធ្លាប់ឮទេ អត្ថបទនេះនឹងប្រាប់គ្នាយើងឲ្យបានដឹង និងអាចស្វែងរកការព្យាបាលបានត្រឹមត្រូវ ដើម្បីធានាថាសុខភាពម៉ាក់ៗ និងប៊េប៊ីមិនរងផលប៉ះពាល់។
១-អ្វីទៅជាការឆ្លងរោគតាមផ្លូវទឹកនោម?
ការឆ្លងរោគតាមផ្លូវទឹកនោម គឺជាប្រភេទជំងឺដែលកើតឡើងនៅពេលស្រីៗយើងធ្លាប់មានការរលាកដោយសារបាក់តេរីក្នុងបំពង់នោម។ ស្ត្រីមានផ្ទៃពោះអាចងាយឆ្លងជំងឺនេះជាងអ្នកផ្សេងទៀត។ ជំងឺប្រភេទនេះច្រើនកើតមានលើស្ត្រីកំពុងពពោះចន្លោះពីសប្ដាហ៍ទី៦រហូតដល់សប្ដាហ៍ទី២៤។
២- តើអ្វីជាមូលហេតុនៃការឆ្លងរោគនេះ?
ការឆ្លងមេរោគលើបង្ហួរទឹកនោមរច្រើនកើតមានលើស្ត្រីអំឡុងពេលមានផ្ទៃពោះ ដោយសារតែបំពង់ទឹកនោមមានការប្រែប្រួល។ ជាធម្មតាស្បូនឋិតលើផ្លោកនោម ដូច្នោះពេលផ្ទៃពោះកាន់តែរីកធំ កាន់តែកើនទម្ងន់ ក្លាយទៅជារបាំងរាំងស្ទះបង្ហូរនោមបណ្ដាលឱ្យរលាកឆ្លងមេរោគ។ មានមូលហេតុមួយទៀតបណ្ដាលមកពីការប្រែប្រួលអ័រម៉ូនពេលស្ត្រីកំពុងមានផ្ទៃពោះ។ មូលហេតុទាំងនេះហើយដែលគេសង្កេតឃើញស្ត្រីមានផ្ទៃពោះជាច្រើនឆ្លងរោគតាមប្រព័ន្ធទឹកនោម។
៣- រោគសញ្ញា
មានសញ្ញាមួយចំនួនដែលអាចសម្គាល់បានពេលឆ្លងមេរោគផ្លូវបង្ហួរទឹកមូត្រដូចជា៖
-ឈឺចាប់ ឬអារម្មណ៍ថាក្ដៅឆួលពេលជុះនោម។
– នោមញឹកញាប់ជាងធម្មតា។
– ជុះនោមមានឈាម ឬមានលាយទឹករម្អិល ដែលអាចកើតឡើងក្នុងលក្ខណៈធ្ងន់ធ្ងរ។
– ឈឺក្រពះ ឬមានការឈឺចាប់ត្រង់ពោះផ្នែកខាងក្រោម។
-ឈឺចាប់ពេលរួមភេទ
-មានគ្រុនញាក់ គ្រុនក្ដៅ បែកញើស ឬលេចទឹកនោមដោយមិនដឹងខ្លួន។
-បរិមាណទឹកនោមប្រែប្រួលច្រើនឬតិច។
-ទឹកនោមមានក្លិនមិនល្អ។
នៅពេលបាក់តេរីរាលដាលទៅតម្រងនោមស្រីៗយើងអាចមានការឈឺចាប់ ញាក់ ក្អួត ចង្អោរ។ ប្រសិនមិនព្យាបាលទេវាអាចបណ្ដាលអោយឆ្លងមេរោគទៅតម្រងនោម ជាលទ្ធផលទារកកើតមកមិនគ្រប់គីឡូហើយងាយគ្រោះថ្នាក់បំផុត។
៤- រោគវិនិច្ឆ័យនិងការព្យាបាល
ការទទួលបានការរោគវិនិច្ឆ័យ និងការព្យាបាលទាន់ពេលអាចបញ្ឈប់ជំងឺបាន។ ចំពោះការពារ សង្គ្រោះបន្ទាន់ផ្នែកវេជ្ជសាស្ត្រផ្សេងទៀតសូមប្រញាប់ប្រឹក្សាជាមួយគ្រូពេទ្យឱ្យបានឆាប់បំផុត។ គ្រូពេទ្យអាចទាមទារពិនិត្យទឹកនោម រកមេរោគព្រមទាំងពិនិត្យកោសិកាឈាមសរ និងឈាមក្រហម។ ចំពោះការព្យាបាលអាចធ្វើឡើងយ៉ាងមានសុវត្ថិភាពទាំងម្ដាយ និងទារក។
៥- ធ្វើដូចម្តេចដើម្បីការពាររឆ្លងមេរោគផ្លូវទឹកនោម
មានគន្លឹះច្រើនយ៉ាងដែលអាចជួយយើងឱ្យជៀសផុតពីការឆ្លងជំងឺប្រភេទនេះ។
-អ្នកគួរផឹកទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ។
-បើយើងត្រូវការទឹករម្អិលពេលរួមភេទសូមជ្រើសរើសទឹករម្អិលដែលមានជាតិទឹក ហើយប្រើទឹកថ្នាំលាងសម្អាតទ្វារមាសផង។
-កុំស្លៀកខោដែលតឹងពេក។
ក្នុងករណីដែលយើងគិតថាមានឆ្លងមេរោគលើផ្លូវបង្ហួរទឹកមូត្រ សូមកុំស្ទាក់ស្ទើរប្រាប់វេជ្ជបណ្ឌិតជំនាញ ដើម្បីថែទាំកូនក្នុងផ្ទៃនិងខ្លួនយើងឲ្យមានសុខភាពល្អ។
[embed-health-tool-due-date]