អំឡុងពពោះជាពេលដែលស្រីៗត្រូវថែទាំសុខភាព បំប៉នចំណីអាហារឲ្យគ្រប់គ្រាន់ និងសម្បូរជីវជាតិ ដើម្បីឲ្យគភ៌លូតលាស់បានល្អ មិនស្លេកស្លាំងទាំងម្តាយទាំងកូន។ រយៈពេល ៩ ខែ ១០ថ្ងៃ នៃការពពោះ តើម៉ាក់ៗត្រូវការពពួកវីតាមីនអីខ្លះ?
១- វីតាមីន C និង D
វីតាមីន C ជួយឲ្យខួរក្បាលកូនលូតលាស់ល្អ ឯការស្រូបជាតិដែកក៏ចូលបានល្អ ចំណែកវីតាមីន D ជួយស្រូបយកជាតិកាល់ស្យូម។ អាហារបន្លែផ្លែឈើដែលសម្បូរវីតាមីន C មានក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ ឯវីតាមីន D មានក្នុងផ្នែកលឿងនៃស៊ុត ត្រីធូណា ផ្សិត ទឹកដោះគោ ជាដើម។
២- អាស៊ីដហ្វូលិច
ជួយបង្ការកូនក្នុងពោះពីការឆែបមាត់ ពកឆ្អឹងខ្នង បេះដូងប្រហោង។ ម៉ាក់អាចញ៉ាំថ្នាំនេះពេលត្រៀមមានផ្ទៃពោះ អំឡុងពេលមានផ្ទៃពោះ និងក្រោយសម្រាលកូន។ ក្រៅពីថ្នាំ អាស៊ីដហ្វូលិច ឬវីតាមីន B9 មាននៅក្នុងបន្លែគ្រប់មុខ ពិសេសបន្លែបៃតង។
៣- ជាតិដែក
កាត់បន្ថយភាពស្លេកស្លាំងទាំងម្តាយ និងកូន បន្ថយហានិភ័យផ្សេងៗពេលសម្រាល ជួយបង្កើនគ្រាប់ឈាមក្រហម សម្រាប់ដឹកជញ្ជូនអុកស៊ីសែនទៅចិញ្ចឹមសរីរាង្គផ្សេងៗ។ ក្រៅពីមាននៅក្នុងរបបអាហារ ដូចជាសាច់ក្រហមមិនជាប់ខ្លាញ់ សាច់មាន់ សាច់ត្រី សណ្តែកខៀវ ម៉ាក់ៗអាចញ៉ាំថ្នាំជាតិដែកអំឡុងពពោះ ពិសេសនៅត្រីមាសដំបូងឲ្យបាន ៩០ គ្រាប់ និងក្រោយពេលសម្រាល ៤២ គ្រាប់។
អត្ថបទពាក់ព័ន្ធ៖ ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]