ស្រីៗ ស្ទើរតែគ្រប់គ្នាច្បាស់ជាធ្លាប់ឮហើយពាក្យថា ទឹកភ្លោះ ជាពិសេសនៅពេលស្ត្រីពពោះជិតសម្រាលកូនដែលតែងស្រែកថាបែកទឹកភ្លោះ។ តែធ្លាប់ឆ្ងល់ទេថា ទឹកភ្លោះដែលមានអំឡុងពេលពពោះ មានតួនាទីសំខាន់យ៉ាងម៉េចខ្លះដល់កូនក្នុងផ្ទៃ?
បើតាមលោកវេជ្ជបណ្ឌិត ចាន់ រស្មី ជំនាញផ្នែកសម្ភព និងរោគស្ត្រីបានឲ្យដឹងថា ជាទូទៅទឹកភ្លោះចាប់ផ្ដើមកកើតឡើងតាំងពីសប្ដាហ៍ដំបូងនៃការមានគភ៌ ហើយវាកើតចេញពីទឹករងៃ និងឈាមរបស់ម្ដាយដែលជ្រាបចូលទៅតាមរយៈសុក តមកពីវត្ថុរាវដែលបានជ្រាបចូលតាមរយៈស្បែករបស់ទារកក្នុងផ្ទៃ និងទឹកនោមរបស់ទារក។
តើទឹកភ្លោះមានតួនាទីអ្វីខ្លះ?
លោកវេជ្ជបណ្ឌិតថា ទឹកភ្លោះជាវត្ថុរាវដែលនៅចាំការពារទារកនៅក្នុងផ្ទៃម្ដាយ ហើយវាមានតួនាទីដូចជា៖
– ជួយការពារការប៉ះទង្គិច ការញ័ររញ្ជួយពីខាងក្រៅ (វាមានជាតិទឹក៩២% និងមានសារធាតុផ្សេង២%)
– រក្សាសីតុណ្ហភាព ឲ្យទារកក្នុងផ្ទៃមានភាពកក់ក្ដៅ
– អាចឲ្យកូនធ្វើចលនាដៃជើងបានដោយសេរី (ឧ.ដូចបានហែលទឹកនៅក្នុងពោះម្ដាយ)
-ទារកនៅក្នុងពោះបានហ្វឹកហាត់ការលេបទឹកចូលពោះ តាំងពីនៅក្នុងពោះ ដោយការលេបទឹកភ្លោះ។ ការធ្វើបែបនេះ ជាការចាប់ផ្ដើមដំណើរការគ្រឿងក្នុងទារក។
ពេលមុនសម្រាល កូននៅក្នុងផ្ទៃម្ដាយអាយុគ្រប់២០សប្ដាហ៍ ទឹកភ្លោះនឹងជ្រាបចេញចូលតាមស្រទាប់ស្បែកលែងបានទៀតហើយ វានឹងចេញមកតាមទឹកមូត្ររបស់ទារក ហើយទារកក៏លេបទឹកភ្លោះចូលទៅវិញ វិលទៅវិលមកជារឿយៗ។
លោកគ្រូពេទ្យជំនាញផ្នែកសម្ភព និងរោគស្ត្រីរូបនេះបានបញ្ជាក់ឲ្យដឹងថា ការពិនិត្យមើលទឹកភ្លោះក៏អាចប្រាប់ឲ្យដឹងពីសុខភាព និងការលូតលាស់របស់ទារកក្នុងផ្ទៃបានដែរ ក៏ប៉ុន្តែ ទោះទឹកភ្លោះមានតួនាទីសំខាន់ច្រើនដល់ទារកដូចដែលបានរៀបរាប់ក៏ដោយ ក្នុងករណីដែលបរិមាណទឹកភ្លោះមានតិចពេក ឬច្រើនពេកខុសប្រក្រតី ក៏អាចបង្កគ្រោះថ្នាក់ដល់សុខភាពកូនក្នុងផ្ទៃដែរ។
[embed-health-tool-due-date]