ការលូតលាស់គភ៌
ក្នុងរយៈពេល ២អាទិត្យបន្ទាប់ពីថ្ងៃហូរឈាមរដូវដំបូង រាងកាយស្រីៗយើងត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលយកមេជីវិតឈ្មោលដើម្បីបង្កកំណើត។ តើស្រីៗយើងមានដឹងទេថាក្នុងពេលបង្កកំណើតដំបូងរបស់គភ៌ គឺវាបានកំណត់នូវភេទប្រុស ឬស្រីរួចស្រេចទៅហើយ ប៉ុន្តែទម្រាំយើងអាចមើលឃើញតាមអេកូត្រូវចាំរហូតដល់ជាង ៤ខែឯណោះ។
តាមជីវវិទ្យា មនុស្សម្នាក់ៗមានក្រូម៉ូសូមចំនួន ៤៦ ដែលមានតួនាទីផ្ទុកនូវព័ត៌មានតំណពូជ ហើយក្នុងនោះមានក្រូម៉ូសូម ២ជាអ្នកកំណត់ភេទ។ យើងបានដឹងត្រួសៗរួចមកហើយថាយើងម្នាក់ៗគឺទទួលព័ត៌មានសេណេទិកម្នាក់ពាក់កណ្ដាលពីម៉ាក់ប៉ារបស់យើង លក្ខណៈពិសេសនោះត្រង់ថាម្តាយមានក្រូម៉ូសូមកំណត់ភេទតែមួយប្រភេទប៉ុណ្ណោះ គឺ X ផ្ទុយពីឪពុកដែលមានក្រូម៉ូសូមកំណត់ភេទ ២ប្រភេទផ្សេងគ្នាគឺ X និង Y ចឹងហើយការកំណត់ភេទអាស្រ័យលើមេជីវិតប៉ាប្រភេទមួយណាដែលទៅបង្កកំណើតជាមួយនឹងមេជីវិតរបស់ម៉ាក់ ប្រសិនបើ XX គឺបានបេប៊ីស្រី ហើយ XY គឺបានអាអូនប្រុស។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
នៅពេលមានការបញ្ចេញអូវុល ស្បូនរបស់ស្រីៗយើងក៏ត្រៀមខ្លួនរួចជាស្រេចដើម្បីចាំទទួលយកស៊ុតដែលបង្កកំណើតហើយមកកាច់សំបុកលើភ្នាសរបស់វា។ ក្នុងពេលនេះភ្នាសស្បូននឹងឡើងក្រាស់ពោរពេញដោយសរសៃឈាមជាច្រើនសម្រាប់បម្រុងការចាប់កំណើតរបស់គភ៌ ប៉ុន្តែក្នុងពេលភ្លាមៗនេះស្រីៗយើងមិនអាចដឹងខ្លួនថាមានការបង្កកំណើតនោះទេ ត្រូវចាំយ៉ាងតិចក៏ប៉ុន្មានអាទិត្យដែររហូតដល់បាត់រដូវទើបដឹង។
ត្រូវធ្វើម៉េច?
ចង់ដឹងថាថ្ងៃណាដែលអូវុលស្រីៗបញ្ចេញអាចនឹងពិបាកកំណត់ព្រោះវដ្ដរដូវមិនដូចគ្នានោះទេ ស្រីៗយើងខ្លះមានរដូវទៀង ឬខ្លះទៀតមិនទៀង តែទោះយ៉ាងណាក៏នៅមានវីធីអាចកំណត់បានដែរ ដូចជាការឡើងកម្តៅរាងកាយ មានធ្លាក់ទឹករំអិលពីមាត់ស្បូន ដែលទាំងនេះបង្ហាញថាយើងកំពុងមានការបញ្ចេញអូវុលហើយ។ មួយវិញទៀតដើម្បីប្រាកដប្រជានោះគួរគេងជាមួយគ្នា ២ ឬ ៣ថ្ងៃមុន និងក្រោយពេលដែលមានសញ្ញាទាំងនេះ។
ការជួបជាមួយគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ
បើយើងកំពុងតែព្យាយាមយកកូនក្នុងពេលនេះគួរប្រាប់គ្រូពេទ្យ ព្រោះថាអាចមានការពិនិត្យខ្លះដែលត្រូវធ្វើមុននឹងមានបេប៊ីបានបានដូចចិត្ត។ ម្យ៉ាងទៀតបើយើងកំពុងប្រើថ្នាំផ្សេងៗដែលគ្មានវេជ្ជបញ្ជាក៏ត្រូវប្រាប់ដល់គ្រូពេទ្យដែរ ជៀសវាងផលប៉ះពាល់ផ្សេងៗដល់គភ៌។
តេស្តអ្វីខ្លះដែលចាំបាច់?
ដើម្បីត្រៀមខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយស្រីៗយើងអាចធ្វើតេស្តដើម្បីដឹងថាមានការបញ្ចេញអូវុល ឬអត់ ហើយមានតេស្តមួយទៀតដើម្បីឲ្យច្បាស់ថាមានបេប៊ី ឬអត់នោះ។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងអីខ្លះ?
ពេលខ្លះស្រីៗយើងអាចមានអាការៈឈឺក្បាលតិចតួចហើយក៏នឹកឃើញដល់ថ្នាំប៉ារ៉ាសេតាមុលដែលគ្រប់គ្នាអាចរកទិញបានមិនចាំបាច់មានវេជ្ជបញ្ជានោះទេ។ តែត្រូវដឹងថាថ្នាំប៉ារ៉ាប្រភេទខ្លះមានជាតិកូដេអ៊ីនដែលអាចមានផលប៉ះពាល់ដល់គភ៌ ចឹងហើយគួរតែប្រុងប្រយ័ត្ន និងសួរយោបល់គ្រូពេទ្យ ឬឱសថការីមុននឹងប្រើ។
អ្វីខ្លះគួរជៀសវាង?
ស្រា បារី និងថ្នាំញៀន សារធាតុទាំង៣ នេះត្រូវជៀសឲ្យឆ្ងាយ ព្រោះវាមានផលអាក្រក់ណាស់ទៅលើសុខភាពរបស់យើង និងគភ៌។ មិនត្រឹមតែពេលពពោះនោះទេ ក្រោយសម្រាលហើយក៏នៅតែអាចទទួលរងផលប៉ះពាល់ដែរដូចជា បញ្ហាផ្លូវដង្ហើមទារក កើតមកមិនគ្រប់គីឡូជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]