លំហាត់ប្រាណពេលមានផ្ទៃពោះមិនមែនជារឿងគ្រោះថ្នាក់នោះទេ គឺល្អចំពោះសុខភាព និងអាចជួយឲ្យសម្រាលកូនស្រួលទៀតផង។ តែទោះយ៉ាងណាស្រីៗយើងត្រូវចេះជ្រើសរើសក្បាច់ហាត់ប្រាណណាដែលសមស្របចំពោះរាងកាយយើង និងគភ៌។
Hello គ្រូពេទ្យ នឹងណែនាំនូវក្បាច់ហាត់ប្រាណមួយចំនួនដែលមានសុវត្ថិភាព និងល្អបំផុតចំពោះស្ត្រីមានផ្ទៃពោះ។
១- ដើរ
ការដើរចុះដើរឡើងឲ្យបានច្រើនពេលមានផ្ទៃពោះជួយសម្រួលសរសៃសសូង កាត់បន្ថយអាការៈហើមជើង និងងាយស្រួលក្នុងការសម្រាលកូន។
២- អង្គុយងើបចុះឡើង
វិធីហាត់ប្រាណបែបនេះ គួរហាត់រយៈពេល ១៥ នាទី ដោយកាន់ដុំដែកទម្ងន់ ១,៥-២ គីឡូ ឈរកន្ធែកជើងឲ្យធំជាងទំហំត្រគាកបន្តិច ប្រឹងក្បាលពោះ ហើយបង្វិលស្មាទៅក្រោយ។ ចាប់ផ្ដើមបន្ទន់ជង្គង់ ហើយបន្ទាបខ្លួនអង្គុយចុះ រក្សាទីតាំងជង្គង់ កុំឲ្យលយទៅមុខហួសម្រាមជើង រួចពន្លាជង្គង់មកទីតាំងដើមវិញ ហើយលើកដៃឡើងលើឲ្យផុតក្បាល។ ធ្វើបែបនេះសារឡើងវិញឲ្យបាន ១០-១៥ ដង។
៣- ហែលទឹក
ហែលទឹកវិធីដ៏ល្អដើម្បីឲ្យរាងកាយនៅសកម្ម និងធ្វើចលនាសាច់ដុំអាងត្រគាក វាមានសុវត្ថិភាពល្អណាស់ មិនប៉ះពាល់ដល់អាអូនទេលើកលែងតែគ្រូពេទ្យហាមឃាត់។ យើងអាចចាប់ផ្តើមដោយការហែលយឺតៗ ហើយបង្កើនកម្រិតពេលខ្លួនយើងអាចទៅរួច។ យ៉ាងណាក៏ដោយ យើងគួរប្រុងប្រយ័ត្នពេលទៅហែលក្នុងអាងហែលទឹករួម ដែលមានមនុស្សច្រើនពីកន្លែងផ្សេងៗគ្នា ព្រោះប្រព័ន្ធការពារយើងខ្សោយជាងមុនធ្វើឲ្យងាយឆ្លងរោគ។
៤- ហាត់យូហ្គា
យូហ្គា ជាវិធីហាត់ប្រាណបែបស្រាលៗ ដែលពិភពលោកសុទ្ធតែជឿថា អាចជួយបានច្រើនទាំងសុខភាពផ្លូវកាយ និងផ្លូវចិត្ត ពិសេសស្រីៗគ្នាយើងកំពុងពពោះ ហាត់យូហ្គា កាន់តែល្អទៀត ព្រោះអាចជួយរក្សាទម្ងន់ខ្លួនបានត្រឹមត្រូវ រក្សាសម្ពាធ កម្រិតជាតិស្ករ កាត់បន្ថយបញ្ហាប្រឈមជាច្រើនពេលពពោះ។
៥- លើកដៃលើកជើង
បើមិនអាចហាត់ប្រាណតាមប៉ុន្មានវិធីខាងលើ ហោចណាស់ម៉ាក់ៗអាចធ្វើចលនារាងកាយ ដោយ កាយវិការដោយលើកដៃលើកជើងក៏បាន មិនត្រូវនៅស្ងៀម ឬអង្គុយធ្វើការយូរនោះទេ។ អ្វីដែលគួរបារម្ភនោះគឺការអង្គុយយូរនាំឲ្យចលនាឈាមរត់មិនបានល្អដែលយើងគួរតែងើបឈរ ដើរ ២-៣ ជុំ ឬពត់ដៃជើងរៀងរាល់ ១ម៉ោងម្តងពេលកំពុងធ្វើការ ឬដើរមួយភ្លែតជុំវិញផ្ទះ។
លំហាត់ប្រាណគួរចៀសវាងពេលពពោះ៖
– លំហាត់ប្រាណទាំងឡាយណា ងាយធ្វើឲ្យដួល
– លំហាត់ប្រាណទាំងឡាយណា អាចប៉ះទង្គិចពោះ(គ្រវីខ្លួន ឬប្តូរទីតាំងភ្លាមៗ)
– កីឡា ត្រូវប៉ះពាល់នឹងរាងកាយ
– លំហាត់ប្រាណទាំងឡាយណា ត្រូវការលោត ហក់ ឬផ្លោះ
– លំហាត់ប្រាណដែលត្រូវបង្វិលចង្កេះពេលឈរ
– លំហាត់ប្រាណត្រូវប្រើកម្លាំងខ្លាំង
– ហាត់ប្រាណក្នុងអាកាសធាតុក្តៅ ហើយសើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-due-date]