ដំបូន្មានរបស់គ្រូពេទ្យចំពោះស្ត្រីមានផ្ទៃពោះ គឺធ្វើយ៉ាងណាញ៉ាំអាហារសម្បូរជីវជាតិ សម្រាកគ្រប់គ្រាន់ និងធ្វើខ្លួនឲ្យរីករាយ ដើម្បីកូនក្នុងផ្ទៃរីករាយតាមដែរ។ ក្នុងនោះការអានសៀវភៅ និងស្ដាប់តន្ត្រីនៅពេលកំពុងមានផ្ទៃពោះ បានរួមចំណែកយ៉ាងសំខាន់ ជួយឲ្យកូនយើងកាន់តែមានអារម្មណ៍ល្អ។
សាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថា ការអាន និងស្ដាប់តន្ត្រី ជាពិសេសបទចម្រៀងបែបសប្បាយៗ ពិតជាអាចជួយបំបាត់ភាពតានតឹង ធុញថប់ អារម្មណ៍ស្មុគស្មាញ កាត់បន្ថយស្ត្រេស និងអាចជួយសម្រាលក្ដីទុក្ខសោកកង្វល់នៅក្នុងចិត្តបានយ៉ាងល្អប្រសើរ។
សាស្ត្រាចារ្យផ្នែកសម្ភព រោគស្ត្រី នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលរូបនោះបានបន្ថែមថា អំឡុងពេលពពោះ ស្ត្រីតែងតែគិតច្រើនពីនេះពីនោះ ដែលអាចបង្កទៅជាផលប៉ះពាល់ដល់សុខភាពផ្លូវកាយ ផ្លូវចិត្តម្ដាយ និងទារកក្នុងផ្ទៃផងដែរ។ ដូច្នេះអ្នកជំនាញជាច្រើនតែងជំរុញមិនឲ្យគិត ក្រៅពីរបបអាហារសុខភាព ស្ត្រីមានផ្ទៃពោះគួរទទួលយកភាពរីករាយផ្នែកផ្លូវអារម្មណ៍ពីការស្ដាប់តន្ត្រី ឬអានសៀវភៅដែលវាអាចជួយឲ្យអារម្មណ៍សប្បាយភ្លេចអស់ទុក្ខកង្វល់ ថែមទាំងផ្ដល់ផលល្អដល់ទារកនៅក្នុងផ្ទៃ។
ចំពោះការអានសៀវភៅវិញ មិនត្រឹមតែអាចជួយឲ្យចិត្តស្ងប់ល្អ ថែមទាំងបង្កើនចំណេះដឹងកាន់តែច្រើន ពេលមានកូនអាចថែទាំបានល្អ និងពេលកូនកាន់តែធំ ទៅយើងមានគ្រឹះក្នុងការអប់រំណែនាំពួកគេឲ្យក្លាយជាមនុស្សល្អ។
លោកវេជ្ជបណ្ឌិតបានបន្ថែម មិនថាម្ដាយមានសកម្មភាពបែបណានោះទេ កូនក្នុងផ្ទៃក៏ទទួលបានសកម្មភាពទាំងនោះដែរ។ ឧទាហរណ៍ម្ដាយភ្ញាក់ កូនក៏ភ្ញាក់ បើមាននរណាស្រែកគំហកដាក់ម្ដាយ កូនក៏ទទួលបានអារម្មណ៍ភ័យខ្លាចដូចគ្នា ពេលម្ដាយរីករាយសើច កូនក៏ទទួលបានអារម្មណ៍ស្រស់ថ្លា ញញឹមញញែម ដូច្នេះហើយបានជាគ្រួសារត្រូវថ្នមអ្នកមានផ្ទៃពោះ កុំឲ្យមានអារម្មណ៍អាក់អន់ស្រពន់ចិត្ត ព្រោះខ្លាចប៉ះពាល់ទៅដល់កូន។
បើទោះបីជាទារកក្នុងផ្ទៃមិនអាចយល់ពីពាក្យសម្ដីដែលយើងកំពុងនិយាយក៏ពិតមែន ប៉ុន្តែការអានសៀវភៅនឹងធ្វើឲ្យកូនទទួលឥទ្ធិពលពីសំឡេង។ និយាយឲ្យស្រួលស្ដាប់ ទារកនឹងចងចាំសំឡេងរបស់យើង ហើយគ្រឹះភាសារបស់កូន គឺអភិវឌ្ឍតាំងពីនៅក្នុងស្បូនមក គេអាចស្ដាប់ឮសំឡេង និងចងចាំបានល្អ។ ហេតុនេះហើយម្ដាយគ្រប់រូបគួរតែអានសៀវភៅដែលល្អៗ ឬជាប្រភេទរឿងនិទានផ្សេងៗទៅឲ្យកូនក្នុងផ្ទៃស្ដាប់។
វេជ្ជបណ្ឌិតតំណាងគ្រូពេទ្យវះកាត់រោគស្ត្រីអាស៊ីប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជារូបនោះ បានបញ្ជាក់ថា បើទោះជាការអានសៀវភៅពេលពពោះ ជាពិសេសចាប់ពីត្រីមាសទី២ ទៅសំខាន់ក៏ពិតមែន តែកូនពេលដល់វ័យសិក្សាត្រូវតែទទួលបានការអប់រំនៅសាលា ព្រោះថាទីនោះគឺជាកន្លែងផ្ដល់ចំណេះ សីលធម៌ សុជីវធម៌ តាមបច្ចេកទេសត្រឹមត្រូវ។
[embed-health-tool-pregnancy-weight-gain]