ម៉ាក់ៗពពោះ ត្រូវការថែទាំសុខភាពឲ្យបានល្អទៅតាមការណែនាំរបស់អ្នកជំនាញ ជាពិសេសការពិនិត្យសុខភាព និងប្រយ័ត្នចំពោះអាហារដែលម៉ាក់ៗញ៉ាំជាប្រចាំ។ ប្រភេទ ឬរបបអាហារដែលម៉ាក់ៗពពោះញ៉ាំសំខាន់ណាស់ ព្រោះវាជួយផ្ដល់សារធាតុចិញ្ចឹមទៅកូន ឲ្យលូតលាស់ប្រក្រតី និងជួយដល់សុខភាពម៉ាក់ៗផង។
លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានពន្យល់ឲ្យដឹងថា អ្វីដែលស្ត្រីពពោះញ៉ាំចូលទៅ វាចូលទៅជួយចិញ្ចឹមគភ៌នៅក្នុងផ្ទៃ បើម៉ាក់ៗញ៉ាំអាហារល្អៗ និងគ្រប់គ្រាន់កូនក្នុងពោះក៏លូតលាស់ល្អ តែបើម៉ាក់ៗញ៉ាំអាហារផ្ដេសផ្ដាស ឬញ៉ាំមិនគ្រប់គ្រាន់ អាចធ្វើឲ្យអាអូនក្នុងពោះជួបបញ្ហាក្នុងការលូតលាស់ហើយ។ ដូចនេះ ស្ត្រីពពោះគួរញ៉ាំអាហារតាមការណែនាំមានដូច៖
– ផឹកទឹកជាមធ្យម ២.៥-៣លីត្រ/ថ្ងៃ ចាំបាច់បំផុត សម្រាប់ឆ្លើយតបនឹងការកើនឡើងបរិមាណឈាម និងការផលិតទឹកភ្លោះ ហើយគេងឲ្យបាន៨ម៉ោង/ថ្ងៃ
– ស្ត្រីគួរញ៉ាំអាហារចម្បងយ៉ាងហោចណាស់ ៣ដង/ថ្ងៃ មានអាហារថាមពល (បាយ នំបុ័ង…) អាហារសាងសង់ (សាច់ ស៊ុត…) និងអាហារការពារ (បន្លែ ផ្លែឈើ…) និងត្រូវបន្ថែមផ្លែឈើ ឬធញ្ញជាតិនៅពេលរសៀល។
– អាហារត្រូវឆ្អិនល្អ (ហាមដាច់ខាត សាច់ឆៅ) អាហារមានជាតិប្រូតេអ៊ីន ប្រេង និងខ្លាញ់ចូលរួមដល់ការផលិតកោសិកាខួរក្បាល និងភ្នែកទារកផងដែរ។ បញ្ជាក់៖ ប្រេងចម្រាញ់ចេញបន្លែដូច ផ្លែ Olive សណ្ដែក ល្អជាងបានពីសាច់។
– ទឹកដោះគោ ទឹកផ្លែឈើ ត្រូវឆ្លងកាត់ការសម្លាប់មេរោគ ដើម្បីចៀសវាងការឆ្លងមេរោគ
– ក្នុងមួយថ្ងៃ ម៉ាក់ៗពពោះគួរញ៉ាំវីតាមីន និងជាតិរ៉ែសំខាន់ៗយ៉ាងហោចណាស់៖ អាស៊ីដហ្វូលិក ៦០០ មិល្លីក្រាម ជាតិដែក ២៧ មិល្លីក្រាម កាល់ស្យូម ១.០០០ មិល្លីក្រាម (ទទួលទានជាមួយម៉ាញ៉េស្យូម ដើម្បីការស្រូបយកល្អ)។ល។
បន្ថែមពីលើនេះ វេជ្ជបណ្ឌិតផ្នែកសម្ភពរូបនេះ បានឲ្យដឹងថា ម៉ាក់ៗពពោះ ក៏ត្រូវចៀសវាងការញ៉ាំអាហារមួយចំនួនដែលមិនល្អ ពេលញ៉ាំពពោះដូចជា៖
១.ចៀសវាង តែកាហ្វេ (ញ៉ាំបាន១ពែង ច្រើនបំផុត និងតិចជា ២០០ មិល្លីក្រាម/ថ្ងៃ) ភេសជ្ជៈដែលមានជាតិស្ករខ្ពស់
២.ម៉ាក់ៗពពោះ គួរចៀសវាងត្រី និងគ្រឿងសមុទ្រមួយចំនួនដែលមានជាតិបារ៉តខ្ពស់ ដូចជាត្រីឆ្លាម។
៣.ហាមដាច់ខាតការប្រើប្រាស់ថ្នាំខ្មែរ ថ្នាំចិនសែ ស្រាថ្នាំ ដូងទុំ គ្រាប់ជី…(មិនមានការពន្យល់ច្បាស់លាស់ពីផលចំណេញ និងផលប៉ះពាល់លើសុខភាព តែសង្កេតឃើញមានការធ្លាក់ឈាមធ្ងន់ធ្ងរក្រោយសម្រាល)។
[embed-health-tool-pregnancy-weight-gain]