
នៅក្នុងសប្តាហ៍ទី ២២នេះ អាអូនមានទំហំប៉ុនផ្លែស្វាយធំមួយ ដែលមានទម្ងន់ប្រហែល ៤៥៣ក្រាម និង មានប្រវែងប្រមាណជា ២៧,៩ សង់ទីម៉ែត្រ។ ពីពេលនេះទៅអាអូនមានទម្ងន់លើសពី ៤៥៤ ក្រាម ដូច្នេះហើយបើសិនជាមានកាសម្រាលនៅក្នុងសប្តាហ៍នេះ បេប៊ីពិតជាអាចរស់បានដោយមានការថែទាំវេជ្ជសាស្រ្ត ប៉ុន្តែក៏អាចមានគ្រោះថ្នាក់ផងដែរ។
ទោះបីជាខ្លាញ់ចាប់ផ្តើមប្រមូលផ្តុំនៅក្នុងខ្លួនអាអូនក្តី ក៏ស្បែកបេប៊ីនៅតែយារ និងជ្រួញដដែល។ កាធ្វើចលនាសាច់ដុំម្រាមដៃ ម្រាមជើង ដៃ និងជើង វាជាការកម្រើប្រចាំថ្ងៃរបស់អាអូន ដែលធ្វើឲ្យយើងមានអារម្មណ៍ថាបេប៊ីមានកម្លាំងជាងមុន។

១- រាងកាយប្រែប្រួលអីខ្លះ?
ពរពោះមិនមែនស្រួលទេ កាន់តែជិតដល់ថ្ងៃសម្រាល កាន់តែធ្វើឲ្យយើងគេងមិនលក់ ណាព្រួយបារម្ភ ណានោមញឹកញាប់ ឈឺក្រពះ ឈឺជើង ធ្វើឲ្យអារម្មណ៍មិនល្អ។ ប៉ុន្តែសុខភាពអាអូនអាស្រ័យទៅលើការសម្រាកបានគ្រប់គ្រាន់ អ៊ីចឹងយើងគួរតែថែទាំសុខភាព ដោយការត្រាំទឹកក្តៅ ស្តាប់ភ្លេង អានសៀវភៅ ឬញ៉ាំតែមួយពែងដើម្បីឲ្យគេងលក់ស្រួល។
គ្រូពេទ្យជាច្រើនបានណែនាំឲ្យស្រីៗមានផ្ទៃពោះគេងផ្អៀងទៅចំហៀងជាជាងការគេងផ្ងារ ឬផ្កាប់មុខ ការធ្វើដូចនេះអាចធ្វើឲ្យឈាមហូរទៅសុកមិនស្ទះ។ មានវិធីមួយទៀត គ្នាយើងកុំភ្លេចសាកល្បងធ្វើណា ពេលអារម្មណ៍មិនស្រួល អាចសាកដាក់ខ្នើយនៅចន្លោះជង្គង់ដើម្បីបន្ថយសម្ពាធទម្ងន់ខ្លួននៅពេលគេងផ្អៀងមួយចំហៀង។
ចំណុចអីខ្លះគួរបារម្ភ?
យើងអាចនឹងភ្ញាក់នៅពេលយប់ដោយសារតែរមួលក្រពើ។ ជាទូទៅរមួលក្រពើកើតឡើងនៅពេលយប់ ហើយភាគច្រើនមាននៅក្នុងខែទី ៦ នៃការពពោះ ហើយគ្មាននរណាដឹងមូលហេតុពិតប្រាកដរបស់វាឡើយ។ មិនបាច់គិតច្រើនទេ ទោះមូលហេតុអ្វីក៏ដោយ យើងអាចសាកតិចនិកទាំងនេះដើម្បីការពារ និងកាត់បន្ថយវា៖
– ដាក់ជើងឲ្យត្រង់ បត់កជើង និងម្រាមយឺតៗ
– ហាត់ប្រាណបែបបន្ធូរសាច់ដុំ
– លើកជើងឡើងឲ្យបានញឹកញាប់
– ពាក់ស្រោមជើងរឹបនៅពេលថ្ងៃ
– ពត់ជើងម្តងម្កាល
– ព្យាយាមឈរនៅលើកន្លែងត្រជាក់
– ម៉ាស្សាដើម្បីបន្ថយការឈឺចាប់
– ញ៉ាំទឹកយ៉ាងតិច ៨កែវ/ថ្ងៃ។
២- ប្រាប់អីខ្លះទៅពេទ្យ?
សញ្ញាដំបូងរបស់ជំងឺបម្រុងក្រឡាភ្លើង មានដូចជាឡើងគីឡូភ្លាមៗ ដែលអាចបណ្តាលមកពីហើមដៃ និងមុខ ឈឺក្បាលខ្លាំង ឈឺក្រពះ បំពង់អាហារ រមាស់ខ្លួន និងស្រវាំងភ្នែក។ បើសិនជាយើងមានសញ្ញាទាំងអស់នេះប្រញាប់ទៅជួបពេទ្យជាបន្ទាន់។
តេស្តីអីខ្លះចាំបាច់?
ការជួបគ្រូពេទ្យជាប្រចាំនឹងក្លាយជាទម្លាប់របស់ស្រីៗមានផ្ទៃពោះទៅហើយ កុំធុញទ្រាន់អី ដើម្បីសុខភាពយើង និងកូន។ សប្តាហ៍នេះ មិនខុសពីមុនប៉ុន្មានទេ យើងអាចនឹងតេស្តមួយចំនួនខាងក្រោមនេះ៖
- ថ្លឹងទម្ងន់ និងវាស់សម្ពាធឈាម
– ពិនិត្យទឹកនោមរកជាតិស្ករ និងប្រូតេអ៊ីន
– ពិនិត្យចង្វាក់បេះដូងកូន
– វាស់ទំហំស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– រកមើលហើមដៃជើង និងសរសៃវ៉ែនជើងរីកធំ។
៣- ត្រូវដឹងពីអីខ្លះ?
ស្រីៗប្រយ័ត្នឲ្យមែនទែន ពិសេសអ្នកចូលចិត្តញ៉ាំសាច់ជ្រូក៣ជាន់ ឬសាច់ក្លាស្សេទុកធ្វើជាសាច់ក្រក សាច់ចំនិត ព្រោះអាចឆ្លងមេរោគ និងបាត់តេរីផ្សេង ដែលបង្កឲ្យមានគ្រោះថ្នាក់ដល់យើង និងកូន។ ពពួកមេរោគទាំងអស់នេះអាចសម្លាប់បាន លុះត្រាតែប្រើកម្តៅខ្ពស់។ ដូច្នេះយើងគួរចម្អិនវាឲ្យបានល្អមុនពេលញ៉ាំ។
បើសិនជាយើងស្ពឹក និងតឹងណែននៅមេដៃ ចង្អុលដៃ ម្រាមកណ្តាល កូនដៃ ប្រហែលជាមានជំងឺ Carpal tunnel syndrome (កៀបសរសៃដៃ)។ ទោះជា Carpal tunnel syndrome កើតឡើងតែនៅពេលថ្ងៃ តែយើងក៏អាចឈឺចាប់នៅពេលយប់ដែរ។ នៅពេលយើងស្ពឹកដៃ ត្រូវរលាស់ដៃថ្នមៗដើម្បីបន្ថយការស្ពឹកស្រពន់ បើមិនបាត់ស្ពឹកទេ កុំភ្លេចទៅជួបពេទ្យណា។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 23. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week23.html. Accessed March 30, 2015.
Your pregnancy: 23 weeks. http://www.babycenter.com/6_your-pregnancy-23-weeks_1112.bc. Accessed March 30, 2015.
ៀ
កំណែប្រែបច្ចុប្បន្ន
25/02/2019
អត្ថបទដោយ Oum Voutha
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Ficheroulle Anne-Charlotte
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ