ក្នុងអាទិត្យទី ២៧ នេះ គភ៌មានទំហំប៉ុនផ្កាស្ពៃ ហើយមានគីឡូប្រហែល ៩០០ ក្រាម និងប្រវែង ៣៦,៨ សង់ទីម៉ែត្រ។ នៅសប្តាហ៍ទី ១ នៃឆមាសទី ៣ នេះ បេប៊ីមានមុខមាត់ដូចពេលដែលអាអូនកើតដែរ។ ទោះបីជា សួត ថ្លើម និងប្រព័ន្ធការពារគភ៌ត្រូវការពេលដើម្បីលូតលាស់ កូនយើងមានឱកាសរស់ខ្ពស់ប្រសិនបើត្រូវកើតភ្លាមៗ។ បេប៊ីអាចស្គាល់សំឡេងយើង ប៉ុន្តែដោយសារមានសារធាតុរម្អិលមកគ្របការពារត្រចៀកពីទឹកភ្លោះ ស្តាប់មិនសូវច្បាស់ទេ។


១- រាងកាយប្រែប្រួលអីខ្លះ?
សម្រាលកូនមិនមែនជារឿងងាយទេ គេតែងប្រៀបប្រដូចទៅនឹងការឆ្លងទន្លេ ឬមហាសាគរដែលត្រូវប្រឈមនឹងគ្រោះថ្នាក់។ ដូច្នេះយើងគួរតែររៀនបន្ថែមពីវិធីបន្ថយភាពឈឺចាប់ពេលបង្កើតកូន បញ្ហាដែលមានចំពោះកូនទើបកើត របៀបបំបៅដោះ និងរបៀបសង្គ្រោះបឋមចំពោះទារក ដើម្បីបង្កើនទំនុកចិត្តយើងពេលសម្រាល។
ចំណុចអីខ្លះគួរបារម្ភ?
ចាប់ពីពាក់កណ្តាលរហូតដល់ចុងត្រីមាសនេះ បេប៊ីស្ថិតនៅក្នុងទម្រង់ត្រៀមសម្រាលជានិច្ច ធ្វើឲ្យទម្ងន់ក្បាលកូនសង្កត់ទៅលើសរសៃប្រសាទស្កាទិកានៃឆ្អឹងខ្នងខាងក្រោម ដែលបណ្តាលឲ្យយើងឈឺចាក់មកដល់ចុងជើង។
គន្លឹះក្នុងការបន្ថយការឈឺចាប់៖
អង្គុយ៖ ការអង្គុយចុះជួយបន្ថយការឈឺចាប់ចាក់ទៅជើង ហើយការគេងក៏អាចជួយបន្ថយសម្ពាធនេះបានដែរ។
ស្អំ៖ បិទកៅអៀក ដើម្បីបន្ថយភាពឈឺចាប់ ឬត្រាំក្នុងទឹកក្តៅឧណ្ហៗក៏អាចជួយបានដូចគ្នា។
ធ្វើលំហាត់ប្រាណ៖ ការបង្វិលត្រគាក ឬធ្វើចលនាបត់បែនចុះឡើងក៏អាចបន្ថយសម្ពាធនេះបានដែរ។
ហែលទឹក៖ វាជាលំហាត់ប្រាណដ៏ល្អសម្រាប់ស្រីៗគ្នាយើងដែលឈឺត្រគាក ដោយសារតែវាជួយទាញសាច់ដុំ ធ្វើឲ្យការឈឺចាប់ថយចុះ។ របៀបផ្សេងៗទៀត៖ ដូចជាការចាក់ម្ជុលវិទ្យាសាស្រ្ត និងម៉ាស្សាដោយអ្នកជំនាញក៏ជួយបានខ្លះដែរ។
២- ប្រាប់អីខ្លះទៅពេទ្យ?
ពេលនេះ អាត្រានៃការកើតកូនមុនខែ មានភាគរយតិចណាស់។ ទោះជាបែបនេះក្តី យើងគួរតែដឹងសញ្ញារបស់វា៖
– ឈឺពោះដូចពេលមករដូវ
- រាក ចង់ក្អួត ឬពិបាករំលាយអាហារ
– ស្បួនកន្ត្រាក់ ១០ នាទី/ដង ទោះជាប្តូរទម្រង់គេងនៅតែឈឺ
– ចុកខ្នងជាប់
– មានធ្លាក់ទឹករម្អិល អាចជាឈាម ឬទឹកថ្លា
– ឈឺចាប់នៅអាងត្រគាក ភ្លៅ និងក្រលៀន
– មានធ្លាក់ស។
យើងមានរោគសញ្ញាទាំងអស់នេះក៏មិនប្រាកដថា កូនកើតមុនខែនោះទេ គួរតែពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យច្បាស់។
តេស្តអីខ្លះដែលចាំបាច់?
ក្នុងខែនេះយើងត្រូវធ្វើតេស្តថ្មី ២-៣មុខ ដោយតេស្តនីមួយៗទៅតាមបែបបទនៃគ្រូពេទ្យ។
– ថ្លឹងគីឡូ និងវាស់សម្ពាធឈាម
– ធ្វើតេស្តទឹកនោមរកមើលប្រូតេអ៊ីន និងជាតិស្ករ
– វាស់ចង្វាក់បេះដូងកូន
– ស្ទាបទំហំរបស់ស្បូនពីខាងក្រៅ
– វាស់កម្ពស់ស្បូន
– រកមើលមានរីកសរសៃវ៉ែននៅជើង
– តេស្តមើលជាតិស្ករ
– តេស្តឈាមរកមើលជំងឺស្លេកស្លាំង
– ចាក់វ៉ាក់សាំងការពារជំងឺខាន់ស្លាក់
– រកមើលរោគសញ្ញាមិនប្រក្រតី។
៣- ត្រូវដឹងពីអីខ្លះ?
ការជម្រុះរោម៖ តាមការស្រាវជ្រាវពុំទាន់ដឹងច្បាស់ថាការដករោមចេញដោយអគ្គិសនីប៉ះពាល់ដល់គតិ ឬអត់នោះទេ? ហើយក៏មានពុំមានករណីទាក់ទងនឹងបញ្ហានេះដែរ អ៊ីចឹងបើអាចប៉ះពាល់ក៏តិចតួចដែរ។
ការធ្វើក្រចក៖ ចង់លាបក្រចក យើងគួររងចាំដល់ពេលសម្រាលហើយ ព្រោះទឹកថ្នាំក្រចកអាចធ្វើឲ្យយើងមានប្រតិកម្ម ឬឆ្លងរោគចូលតាមគល់ក្រចកបាន។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Poppy seed to pumpkin: How big is your baby?
http://www.babycenter.com/slideshow-baby-size. Accessed March 30, 2015.
Pregnancy calendar week 27. http://kidshealth.org/parent/pregnancy_center/pregnancy_calendar/week27.html. Accessed March 30, 2015.
Your pregnancy: 27 weeks. http://www.babycenter.com/6_your-pregnancy-27-weeks_1116.bc. Accessed March 30, 2015.
កំណែប្រែបច្ចុប្បន្ន
21/03/2019
អត្ថបទដោយ Duk Panharat
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ