ការលូតលាស់គភ៌
បើបានមើលអេកូសប្តាហ៍នេះ ម៉ាក់ប៉ាច្បាស់ជាញញឹមបិទមាត់មិនជិតទេ ពេលឃើញបេប៊ីចាប់ផ្តើមចេះព្រិចភ្នែក ហើយរោមភ្នែក និងសក់ក៏ចាប់ផ្តើមដុះដែរ។ ភ្នែកអាអូនកើតមកអាចមានភ្នែកពណ៌ត្នោត ឬពណ៌ខ្មៅ ឯទំហំបេប៊ីវិញប៉ុនមើមខ្ទឹមបារាំង វាស់ពីក្បាលដល់ជើងបានប្រវែង ៣៩ សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ៧៥០ ក្រាម។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
ស្បូនយើងប្រៀបបានជាឋានសួគ៌មួយសម្រាប់កូនយើងមុនពេលកើត។ ដោយឡែក ក្រោយពេលកើតមក ម៉ាក់និងប៉ាជាអ្នករៀបចំឋានសួគ៌ថ្មីមួយឲ្យពួកគេ ទាំងគ្រែ ពូកខ្នើយ និងប្រដាប់ប្រដាក្មេងលេង ត្រូវតែសម្រិតសម្រាំងជាពិសេស ដើម្បីត្រៀមទទួលបេប៊ី។
ចំណុចអីខ្លះគួរបារម្ភ?
មិនស្រួលទេ ទាំងពេលដេកដើរឈរអង្គុយ ពោះកាន់តែធំ ខ្លួនយោងទៅមុខបន្តិច ស្រីៗយើងប្រាកដណាស់នឹងពិបាកដើរ ឯសន្លាក់ក៏មិនរឹងមាំដូចមុន ងាយនឹងដើរដួល ដូច្នេះត្រូវប្រយ័ត្នប្រយែងឲ្យមែនទែន កុំឲ្យមានបញ្ហាអីកើតឡើងឲ្យសោះ។
ការជួបជាមួយគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
ដូចគ្នានឹងសប្តាហ៍មុនដែរ យើងមានចេញសង្វារ និងដុំរមាស់ ធ្វើឲ្យមានការរំខានមែនទែន ពេលខ្លះទ្រាំអេះសឹងតែមិនបាន។ ដុំរមាស់ភាគច្រើនចេញតាមស្នាមសង្វារនៅក្បាលពោះ ភ្លៅ គូទ និងដើមដៃ។ គ្រូពេទ្យអាចនឹងឲ្យថ្នាំលាប ឬថ្នាំចាក់ ដើម្បីឲ្យអន់រមាស់ ប៉ុន្តែយ៉ាងណាយើងត្រូវតែទ្រាំ ព្រោះសល់តែ ៣ ខែទៀតទេ យើងនឹងបានឃើញកូនដ៏គួរឲ្យស្រលាញ់ហើយ។
តេស្តអីខ្លះចាំបាច់?
ក្នុងខែនេះយើងត្រូវធ្វើតេស្តថ្មី ២-៣មុខ បន្ថែមទៀត ការធ្វើតេស្តនីមួយៗគឺទៅតាមបែបបទគ្រូពេទ្យ។
– ថ្លឹងគីឡូ និងវាស់សម្ពាធឈាម
– តេស្តទឹកនោមមើលប្រូតេអ៊ីន និងជាតិស្ករ
– វាស់ចង្វាក់បេះដូងកូន
– ស្ទាបទំហំស្បូនពីខាងក្រៅ
– វាស់កម្ពស់របស់ស្បូន
– មើលរីកសរសៃវ៉ែនជើង ឬហើមដៃហើមជើង
– តេស្តមើលជាតិស្ករ
– តេស្តឈាមរកមើលជំងឺស្លេកស្លាំង
– ចាក់វ៉ាក់សាំងការពារជំងឺខាន់ស្លាក់។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងអីខ្លះ?
មានចំណុចសំខាន់ ២ ដែលស្រីយើងត្រូវដឹង និងយកចិត្តទុកដាក់ចំពោះសុខភាពយើងអំឡុងពេលនេះ។
ការឡើងហើម៖ មិនមែនមានតែពោះមួយទេដែលរីកធំ កជើង និងជើងយើងក៏ឡើងហើមដែរ ជាពិសេសពេលយប់។ ការឡើងហើមនេះគ្មានគ្រោះថ្នាក់ទេ នេះដោយសារកើនឡើងនូវកម្រិតជាតិទឹកក្នុងខ្លួនពេលមានផ្ទៃពោះ។ ស្រីៗយើងប្រហែលជា ៧៥%ឡើងហើមបែបនេះនៅក្នុងសប្តាហ៍ទី ២៦ វាកាន់តែហើមខ្លាំង កាលណាសីតុណ្ហភាពក្តៅ ឈរ ឬអង្គុយយូរពេក ប៉ុន្តែនឹងស្រកទៅវិញបន្ទាប់ពីយើងគេងតម្រង់ខ្នង ២-៣ ម៉ោង។
ការសាក់៖ ស្រីៗមួយចំនួនចូលចិត្តសាក់ ប៉ុន្តែយើងមិនគួរធ្វើវានៅពេលពពោះបែបនេះទេ ព្រោះវាអាចនាំឲ្យមានបញ្ហាខាងក្រោមនេះ៖
-ជំងឺរលាកថ្លើម និងជំងឺអេដស៍សុទ្ធតែឆ្លងតាមឈាម ហើយយើងអាចឆ្លងវាតាមម្ជុលសាក់បាន ហើយយើងក៏អាចចម្លងជំងឺនេះទៅកូនយើងបានដែរ។
-ពេលសម្រាលគ្រូពេទ្យចាក់ថ្នាំស្ពឹកនៅខ្នងផ្នែកខាងក្រោម ដូចនេះកាលណាយើងមានសាក់នៅទីនោះ គួរតែទៅពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់។
-រូបយើងសាក់ពេលមានផ្ទៃពោះអាចមានការប្រែប្រួល នៅពេលសម្រាលកូនហើយដោយសារតែស្បែកយារ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]