ការលូតលាស់គភ៌
ប្លែកទៀតហើយនៅសប្តាហ៍នេះ បេប៊ីអាចមានទំហំប៉ុនផ្លែដូង ទម្ងន់ប្រហែល ១,៥ គីឡូក្រាម និងប្រវែង ៤០ សង់ទីម៉ែត្រ។ ក្នុង១ថ្ងៃៗ អាអូនអាចនោមបានប្រហែល ២៥០ មិល្លីលីត្រក្នុងទឹកភ្លោះ ហើយក៏ផឹកទឹកភ្លោះនោះ ដែលជាធម្មតាទឹកភ្លោះនឹងត្រលប់មកពេញលេញវិញក្នុងរយៈពេល ២-៣ថ្ងៃ។
ទឹកភ្លោះច្រើនពេក មានន័យថាកូនយើងមិនបានផឹកទឹកភ្លោះទេ ឬអាអូនមានបញ្ហាស្ទះពោះវៀន។ ទឹកភ្លោះមិនគ្រប់គ្រាន់វិញក៏មានបញ្ហាដែរ ព្រោះបេប៊ីមិនអាចនោមបាន មកពីបញ្ហាទាក់ទងនឹងប្រព័ន្ធតម្រងនោម។ គ្រូពេទ្យនឹងវាស់បរិមាណទឹកភ្លោះរបស់យើងរៀងរាល់ពេលពិនិត្យអេកូ។
បម្រែបម្រួលរាងកាយ
១- រាងកាយយើងប្រែប្រួលអីខ្លះ?
សប្តាហ៍នេះស្រីៗយើងអាចតឹងៗនៅស្បូនដែលគេហៅថាការកន្រ្តាក់ស្បូន ប្រ៊ែកតុង ហ៊ីក (Braxton Hicks Contractions)។ ការកន្រ្តាក់នេះមិនទៀងទាត់ និងមិនឈឺនោះទេ ហើយមានរយៈពេលប្រហែល ៣០ វិនាទីតែប៉ុណ្ណោះ។ ផ្ទុយមកវិញ ទោះបីមិនឈឺក៏ដោយ ការកន្រ្តាក់ញឹកពេកអាចជាសញ្ញានៃការសម្រាលកូនមុនខែ ដូច្នេះយើងគួរទាក់ទងទៅគ្រូពេទ្យ បើកន្រ្តាក់ច្រើនជាង ៤ ដង/ម៉ោង ឬមានសញ្ញានៃការសម្រាលកូនមុនខែ។ សញ្ញាទាំងនោះរួមមាន ការហូរសារធាតុរាវចេញពីទ្វារមាស អាចដូចទឹកធម្មតា សារធាតុអម្អិល ឬឈាម ឈឺពោះដូចមករដូវ ធ្ងន់នៅអាងត្រគាក ឬរួយខ្នងផ្នែកខាងក្រោម។
ក្នុងអំឡុងពេលនេះ ក្រពេញទឹកដោះយើងអាចបង្កើតទឹកដោះដំបូង ដែលសម្បូរសារធាតុចិញ្ចឹមជាច្រើនមុខសម្រាប់ប៉ុន្មានថ្ងៃដំបូង។ ទឹកដោះដំបូងរបស់ស្រីៗយើងខ្លះអាចតិចហើយរាវ ឯខ្លះទៀតខាប់ និងមានពណ៌លឿង។
ចំណុចអីខ្លះគួរបារម្ភ?
បេះដូងយើងនឹងច្របាច់ឈាមខ្លាំងជាងមុនខណៈរាងកាយត្រូវការឈាមច្រើន ដើម្បីឲ្យគ្រប់តាមតម្រូវការមានផ្ទៃពោះ ហើយការប្រែប្រួលនេះអាចធ្យមានផលរំខានមួយចំនួន។ យើងនឹងឃើញមានសសៃឈាមពណ៌ក្រហម ឬបៃតងនៅលើស្បែក ជាពិសេសនៅលើជើង និងជង្គង់ ដោយសារការរីកធំនៃសសៃវ៉ែនដើម្បីផ្ទុកឈាម។
ការជួបគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
នៅត្រីមាសទី ៣ នេះ យើងអាចមានបញ្ហាប្លោកនោមដោយការហៀរទឹកនោម ព្រោះតែសម្ពាធទៅលើពោះ ដូច្នេះប្លោកនោមពិបាកគ្រប់គ្រងទឹកនោម នាំឲ្យយើងហូរទឹកនោម នៅពេល ក្អក សើច កណ្តាស់ ឬលើករបស់ធ្ងន់។ ក្រែងមិនមែនទឹកនោម យើងគួរហិតក្លិននៃសារធាតុរាវនោះ ដើម្បីដឹងថាវាជាទឹកនោម ឬទឹកភ្លោះ។
តេស្តអីខ្លះចាំបាច់?
ដល់ពេលដែលយើងត្រូវជួបជាមួយគ្រូពេទ្យជាញឹកញាប់នៅខែបន្ទាប់ (ដំបូង រៀងរាល់ ២អាទិត្យ និងបន្ទាប់មករៀងរាល់អាទិត្យ រហូតដល់ថ្ងៃសម្រាល)។ ក្នុងខែនេះ គ្រូពេទ្យនឹងវាស់សម្ពាធឈាម ថ្លឹងទម្ងន់ ហើយសួរពីរោគសញ្ញាដែលយើងមាន ពេលវេលានៃការកម្រើករបស់អាអូន ហើយគ្រូពេទ្យនឹងពិនិត្យទំហំស្បូនយើង។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ជាទូទៅការដើរច្រើនអំឡុងពេលមានផ្ទៃពោះ មិនមានគ្រោះថ្នាក់ដល់អាអូនទេ ប៉ុន្តែយើងអាចពិបាកក្នុងការធ្វើដំណើរតែប៉ុណ្ណោះ ដោយសារមានការកើនឡើងទម្ងន់ក្នុងពោះ។ ផ្ទុយមកវិញ យើងមិនគួរដើរទេ បើមានបញ្ហាសុកពាំងមាត់ស្បូន ព្រោះវាអាចហូរឈាមពេលដើរ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]