ការលូតលាស់គភ៌
ម៉ាក់បា៉ច្បាស់ជាចង់ដឹងថា សប្តាហ៍ទី ៣៦ នេះ បេប៊ីធំប៉ុនណា? អាអូនរាងមូលប៉ុនស្ពៃក្តោប មានប្រវែងប្រហែល ៤៧ សង់ទីម៉ែត្រ និងទម្ងន់ប្រហែល ២,៧ គីឡូក្រាម។ ឥឡូវនេះចង្កាកូនមានសាច់ ចឹងហើយបានមុខកាន់តែមូលគួរឲ្យស្រលាញ់។ ឆ្អឹងលលាដ៏ក្បាលអាអូនអាចរំកិលបានតិចតួច ហើយអាចនៅពីលើគ្នានេះគេហៅថារលាយចូលគ្នា ដែលជួយឲ្យបេប៊ីសម្រាលបានស្រួល។ កុំបារម្ភអីបើសិនជាអាអូនកើតចេញមកមានក្បាលស្រួច ឬស្តួច ព្រោះប៉ុន្មានថ្ងៃក្រោយមក ក្បាលអាអូននឹងត្រលប់មកមូលវិញមិនខាន។
បម្រែបម្រួលរាងកាយ
១- រាងកាយប្រែប្រួលអីខ្លះ?
កូនកាន់តែធំ ធ្វើឲ្យយើងរឹតតែពិបាកញ៉ាំអាហារជាងសព្វមួយដង។ ការញ៉ាំតិចៗ និងច្រើនដងជាវិធីល្អដែលអាចទប់ទល់នឹងស្ថានភាពពេលនេះ។ មួយវិញទៀតវាអាចកាត់បន្ថយការឈឺក្រពះ និងងាយស្រួលក្នុងការដកដង្ហើមនៅពេលក្បាលកូនចុះទៅក្នុងអាងត្រគាក។ យើងនឹងចង្អៀតនៅផ្នែកខាងក្រោមពោះ ពេលកូនចាប់ផ្តើមចុះទៅក្រោម ដូច្នេះហើយពិបាកធ្វើដំណើរ នោមកាន់តែញឹក។ បើកូនចុះកាន់តែទាប កាន់តែធ្ងន់ពោះ មិនស្រួលនៅនឹងទ្វារមាស។ ប្រៀបវាទៅនឹងការយួរបាល់ ឬប៊ូលលីង នៅចន្លោះជើង។
ចំណុចអីខ្លះគួរបារម្ភ?
រយៈពេលចុងក្រោយនៃការមានផ្ទៃពោះ ស្រីៗភាគច្រើនឈប់ឡើងទម្ងន់ហើយ តែកុំបារម្ភទម្ងន់បេប៊ីនៅដដែលទេ។ ការចុះគីឡូ មានន័យថាខ្លួនប្រាណយើងបានត្រៀមរួចរាល់សម្រាប់ថ្ងៃសម្រាល។
ការជួបគ្រូពេទ្យ
២- ប្រាប់អីខ្លះទៅពេទ្យ?
គ្រូពេទ្យនឹងប្រាប់ពីរោគសញ្ញាឈឺពោះ និងពេលត្រូវទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពឲ្យទាន់ពេលវេលា។ ការឈឺពោះវាអាចមិនទៀងទាត់ តែបើយើងមិនប្រាកដថាវាជាការឈឺពោះសម្រាលកូនទេ ត្រូវទាក់ទងទៅគ្រូពេទ្យ។
តេស្តអីខ្លះចាំបាច់?
ដល់ពេលធ្វើតេស្តទៀតហើយ ដូចគ្នានឹងសប្តាហ៍មុនដែរ គ្រូពេទ្យនឹងពិនិត្យសុខភាពយើងមួយចំនួនខាងក្រោម។
– ថ្លឹងទម្ងន់
– វាស់សម្ពាធឈាម
– តេស្តទឹកនោមពិនិត្យជាតិស្ករ និងប្រូតេអ៊ីន
– រកមើលការហើមជើង
– ពិនិត្យទំហំស្បូនផ្នែកខាងក្នុង
– ពិនិត្យកម្ពស់តួស្បូន
– វាស់ចង្វាក់បេះដូងកូន
– វាស់ទំហំបេប៊ី ទិសដៅនៃក្បាល
– មើលទីតាំងបេប៊ី (មុខចុះក្រោម ឬឡើងលើ)។
សុខភាព និងសុវត្ថិភាព
៣- ត្រូវដឹងពីអីខ្លះ?
ការចាក់ម្ជុលវិទ្យាសាស្រ្ត៖ តាមការសិក្សាស្រាវជ្រាវបង្ហាញថាការចាក់ម្ជុលវិទ្យាសាស្រ្តមានប្រសិទ្ធភាពបំបាត់ស្រ្តេស អាការៈចាញ់កូន ឈឺខ្នង ឈឺចង្កេះ កូនបង្វិលបញ្រ្ចាស់ និងជំងឺបាក់ទឹកចិត្តពីស្រាលទៅមធ្យម។ ការចាក់ម្ជុលវិទ្យាសាស្រ្តមិនរាប់បញ្ចូលក្នុងការថែទាំមុនពេលសម្រាលទេ ដូច្នេះយើងគប្បីសួរគ្រូពេទ្យពីផលប៉ះពាល់ខ្លះៗរបស់វា។
ការរួមភេទ៖ យើងមិនគួររួមភេទអំឡុងត្រីមាសទី ៣ ទេបើមានករណីដូចរៀបរាប់នេះ៖
– សុកពាំងមាត់ស្បូន
– ធ្លាក់ឈាមតាមទ្វារមាស
– បែកទឹកភ្លោះ អាចបង្កឲ្យឆ្លងរោគទៅកូន
– មានប្រវត្តិកើតកូនមិនគ្រប់ខែ
– មាត់ស្បូនខ្សោយ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]