ការមានផ្ទៃពោះគឺជារឿងល្អមួយដែលកើតឡើងនៅក្នុងជីវិតមនុស្សស្រីស្ទើរតែគ្រប់រូប ក៏ប៉ុន្តែវាផ្ដល់ភាពពិបាកច្រើនយ៉ាងទៅលើសុខភាពស្ត្រី ហើយបើម៉ាក់ៗពពោះនៅក្នុងវ័យចាស់ពេក ឬមានអាយុក្មេងពេក អាចប៉ះពាល់ច្រើនដល់ការវិវត្តសុខភាពរបស់គភ៌ និងផ្ទាល់ខ្លួន។
វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានពន្យល់ឲ្យដឹងថា បើស្ត្រីមានផ្ទៃពោះនៅក្នុងវ័យក្រោមអាយុ១៨ឆ្នាំ ឬលើ៣៥ឆ្នាំ គឺងាយរងផលប៉ះពាល់ច្រើន។ “បើស្រីៗមានកូននៅអាយុ១៦ ឬ១៧ឆ្នាំ ទោះបីមានរដូវដល់វ័យគ្រប់ការក្ដីក៏អាចធ្វើឲ្យមានផលពិបាកក្នុងការពពោះ។ ចំពោះ ម៉ាក់ៗដែលពពោះក្នុងវ័យចាស់ហើយនោះអាចលេចចេញជាចង្កោមសញ្ញាគ្រោះថ្នាក់ច្រើនទៀត”។
ការដែលពពោះនៅក្នុងវ័យទាំងពីរនេះ គឺក្រោមអាយុ១៨ឆ្នាំ និងលើអាយុ៣៥ឆ្នាំអាចប៉ះពាល់ដល់ការពពោះ និងការលូតលាស់របស់ទារកបានដូចជា៖
ចំពោះម៉ាក់ៗវ័យចំណាស់៖
– អាចកើតជំងឺលើសឈាម
– ជំងឺបម្រុងក្រឡាភ្លើង
– កើតទឹកនោមផ្អែមអំឡុងពេលពពោះ
ចំពោះម៉ាក់ៗវ័យក្មេងពេក៖
– ពិបាកសម្រាល
- កើតជំងឺលើសសម្ពាធឈាម
– អាចកើតជំងឺបាក់ទឹកចិត្ត (កើតអារម្មណ៍ឯកា)
– បាត់បង់គ្រាប់ឈាមក្រហម
ចំពោះទារក៖
- កូនកើតមុនខែ
– កើតមិនគ្រប់គីឡូ
– កូនស្លាប់ក្នុងពោះ
– កូនកើតមកមិនប្រក្រតី
– ការលូតលាស់កូនមិនល្អ
វេជ្ជបណ្ឌិតសម្ភពរូបនេះបន្តថា ដើម្បីចៀសវាងផលប៉ះពាល់ដែលបានរៀបរាប់ខាងលើ គឺមានតែទៅតាមដានសុខភាពឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យ និងធ្វើតាមការណែនាំឲ្យបានដិតដល់ ព្យាយាមញ៉ាំឲ្យបានច្រើន សម្រាកឲ្យគ្រប់គ្រាន់ និងរស់នៅជាមួយរបៀបរស់នៅដែលជួយឲ្យមានសុខភាពល្អ។
[embed-health-tool-pregnancy-weight-gain]