ទារកហើម គឺជាបញ្ហាមួយដែលអាចបង្កគ្រោះថ្នាក់នៅក្នុងអំឡុងពេលពពោះ បើម៉ាក់ៗមិនបានថែទាំសុខភាពឲ្យបានដិតដល់ទេនោះ។ បញ្ហាទារកហើមនេះ អាចបង្កហេតុមិនល្អដល់ទាំងសុខភាពកូននៅក្នុងផ្ទៃ និងសុខភាពរបស់ម៉ាក់ៗពពោះផងដែរ អ៊ីចឹងហើយម៉ាក់ៗពពោះគួរដឹងផលប៉ះពាល់មិនល្អទាំងអស់នោះ។
ទាក់ទងនឹងបញ្ហាទារកហើមនេះ លោកវេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯកទេសផ្នែកសម្ភព និងរោគស្ត្រីបានពន្យល់ថា ទារកហើម គឺជាការហើមប៉ោងរបស់ទារក ឬបើហៅតាមពាក្យបច្ចេកទេសគឺ Hydrops Fetalis។ ម៉ាក់ៗពពោះដែលជួយប្រទះបញ្ហាទារកហើម មានផលពិបាកដូចនឹងស្ត្រីពពោះទូទៅដែរ ដូចជា នឿយហត់ ចាញ់កូន ។ល។ ប៉ុន្តែបញ្ហាធំដែលស្ត្រីមានបញ្ហានេះនឹងត្រូវប្រឈម គឺម៉ាក់ៗអាចកើតជំងឺបាក់ទឹកចិត្តធ្ងន់ធ្ងរ។
“ចំពោះស្ត្រីដែលមានបញ្ហាទារកហើម គឺពពោះបានដូចទារកធម្មតាអ៊ីចឹង ប៉ុន្តែស្ត្រីនោះអាចប្រឈមនឹងការកើតបញ្ហាផ្លូវចិត្ត ក៏ព្រោះតែពិបាកចិត្តបន្ទាប់ពីដឹងថាកូនក្នុងផ្ទៃមានបញ្ហាហើមបែបនេះ។ ស្ត្រីពពោះ គេមិនឲ្យពិបាកចិត្តទេ ព្រោះបើពិបាកចិត្តអាចធ្វើឲ្យសុខភាពកាន់តែចុះខ្សោយ ហើយកូនក៏លូតលាស់មិនបានល្អដែរ”។
វេជ្ជបណ្ឌិតរូបនេះបន្ថែមឲ្យដឹងថា មិនត្រឹមតែប៉ះពាល់ដល់ម្ដាយទេ ក្នុងករណីកូននៅក្នុងពោះមានបញ្ហាហើម គឺអាចជួបប្រទះបញ្ហាច្រើនក្រោយពេលកូនសម្រាលចេញមកដូចជា៖
– ខ្សោយបេះដូង
– ប៉ះពាល់ដល់ខួរក្បាល
– ប្រកាច់
- សួតលូតលាស់មិនពេញលក្ខណៈ។
មិនតែប៉ុណ្ណោះ បើទារកមានបញ្ហាហើមនេះហើយ មានភាគរយតិចក្នុងការរស់រានមានជីវិត ព្រោះពាក់កណ្ដាលនៃទារកហើមគឺប្រឈមនឹងការស្លាប់មុន ឬក្រោយការសម្រាលហើយក្នុងរយៈពេលខ្លី ទោះបីជាទទួលបានការព្យាបាលក៏ដោយ។
[embed-health-tool-pregnancy-weight-gain]