ចំពោះការពពោះកូនភ្លោះ ខាងក្រុមគ្រូពេទ្យចាត់ទុកថាជាការពពោះនៅក្នុងក្រុមគភ៌មានវិបត្តិ ដោយសារតែការពពោះមានផលវិបាកច្រើន ដល់ម្ដាយ និងទារកក្នុងផ្ទៃ។ ស្របគ្នានេះដែរ មានម៉ាក់ៗពពោះកូនភ្លោះមួយចំនួន ជួបផលវិបាក និងបញ្ហាច្រើនជាងពពោះធម្មតាដែលក្នុងនោះមានដូចជា បញ្ហាពពោះកូនភ្លោះ ប៉ុន្តែកូនមានទំហំខុសគ្នា លូតលាស់មិនដូចគ្នាជាដើម។
ពពោះកូនភ្លោះ តែទំហំមិនស្មើគ្នាបណ្ដាលមកពីអ្វី?
តាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន បានបកស្រាយឲ្យដឹងថា ករណីដែលកូនភ្លោះមានទំហំមិនស្មើគ្នាកើតឡើងបានដោយសារអាចមានការទាក់ទងនឹងការលូតលាស់របស់សុក ដែលទៅចិញ្ចឹមកូនមិនបានល្អ ទាក់ទងជាមួយនឹងការផ្គត់ផ្គង់អុកស៊ីសែន និងចំណីអាហារមិនបានល្អ។ ម៉ាក់ៗពពោះទាំងអស់ត្រូវដឹងថា បញ្ហាកូនភ្លោះទំហំខុសគ្នាខ្លាំងពេក ជារឿងមួយមិនល្អនោះទេ។
មានវិធីធ្វើឲ្យកូនមានទំហំស្មើគ្នាវិញទេ?
វេជ្ជបណ្ឌិតសម្ភពរូបនេះបន្តថា ទាក់ទងនឹងវិធីដែលអាចធ្វើឲ្យកូនស្មើគ្នាវិញ គឺនៅមិនទាន់មានវិធីអីច្បាស់លាស់មួយទេថា អាចធ្វើឲ្យកូនមានទំហំប៉ុនគ្នាបានវិញនោះ។
គួរយកចេញមួយ ទុកមួយឬយ៉ាងណា?
ការព្យាបាលរបស់បញ្ហានេះ គឺអាស្រ័យទៅតាមបច្ចេកទេសរបស់គ្រូពេទ្យម្នាក់ៗ ប៉ុន្តែជាធម្មតាគេមិនយកចេញមួយ ទុកមួយនោះទេ។ ផ្ទុយទៅវិញប្រសិនបើបញ្ហាពពោះកូនភ្លោះទំហំមិនស្មើគ្នាមិនទទួលបានការព្យាបាលត្រឹមត្រូវទេ វាអាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កូនទាំងពីរ។ ពេលខ្លះទាមទារឲ្យធ្វើការសម្រេចចិត្តភ្លាមៗក្នុងការព្យាបាលដូចជា ការវះកាត់ត្រូវធ្វើឡើងដើម្បីជួយសង្គ្រោះគភ៌តែមួយ ឬអាចទាំងពីរ ហើយការដែលម៉ាក់ៗពពោះជួបបញ្ហានេះអាចប៉ះពាល់ទៅដល់អារម្មណ៍ក៏មាន។
បញ្ហាពពោះកូនភ្លោះ តែទំហំមិនស្មើគ្នាអាចបង្ការបានទេ?
ករណីនេះភាគច្រើនមិនអាចបង្ការមិនឲ្យកើតឡើងបាននោះទេ ប៉ុន្តែម៉ាក់ៗពពោះអាចញ៉ាំចំណីអាហារល្អៗឲ្យបានគ្រប់គ្រាន់ ទៅពិនិត្យជាមួយគ្រូពេទ្យឲ្យបានទៀងទាត់ ហើយញ៉ាំថ្នាំជំនួយសុខភាពដែលពេទ្យណែនាំឲ្យញ៉ាំបានល្អ ទោះបីជាមិនអាចការពារមិនឲ្យកើតបញ្ហានេះ តែក៏អាចកាត់បន្ថយហានិភ័យដែលបង្កជាគ្រោះថ្នាក់បានដែរ។
[embed-health-tool-pregnancy-weight-gain]