ធម្មតា ពេលពពោះកាន់តែធំ អាអូនក្នុងពោះរើផង ធាក់ផង។ ដោយសារតែទារកនៅក្នុងពោះអ៊ីចឹង ម៉ាក់ៗមិនអាចដឹងទេថាកូនធាក់ ឬកំពុងធ្វើសកម្មភាពអីផ្សេងៗឲ្យប្រាកដ ព្រោះមើលមិនឃើញ។ ចុះម៉ាក់ៗពពោះមានដឹងទេ ក្រៅពីចេះធាក់ អាអូនក្នុងពោះអាចធ្វើអីទៀតបានខ្លះ?
ចំពោះបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់ឲ្យដឹងថា អំឡុងពេលនៅក្នុងពោះម្ដាយ ទារកមិនមែនគ្រាន់តែចេះធាក់មួយមុខនោះទេ គឺនៅអាចធ្វើសកម្មភាពអ្វីផ្សេងបានមួយចំនួនទៀតដូចជា ត្អើក ស្ងាប បិទ/បើកមាត់ និងភ្នែក រើបម្រាស់ខ្លួន។
លើសពីនេះ ពេលដែលគភ៌មានអាយុ ១៦សប្ដាហ៍ ទ្រង់ទ្រាយត្រចៀកភាគច្រើនចាប់ផ្តើមផ្គុំឡើងដែលអាចចាប់យកសំឡេងបាន ដូចនេះ អ្វីៗដែលម៉ាក់ៗធ្វើ មិនថា ញ៉ាំអាហារ ដកដង្ហើម និងចង្វាក់បេះដូងរបស់ម៉ាក់ៗ ក៏អាអូននៅក្នុងពោះស្ដាប់ឮទាំងអស់។
ទារកនៅក្នុងពោះអាចបើក/បិទភ្នែកនៅពេល ដែលគភ៌មានអាយុប្រហែល ២៨សប្ដាហ៍។ ទោះជាទារកនៅក្នុងពោះមិនអាចមើលបានច្បាស់ក៏ដោយ ប៉ុន្តែទារកនឹងចាប់ផ្ដើមមានប្រតិកម្មក្នុងពោះប្រសិនបើមានពន្លឺចាំងចំពោះម្ដាយនៅត្រីមាសទី២។ ការចេញទៅខាងក្រៅញឹកញាប់ ឲ្យត្រូវពន្លឺព្រះអាទិត្យអាចជួយដល់ការលូតលាស់ភ្នែករបស់ទារក និងអាចកាត់បន្ថយហានិភ័យក្នុងការកើតជំងឺភ្នែកបានផងដែរ។
បេប៊ីក្នុងគភ៌អាចត្អើកបានចាប់ផ្ដើមពីត្រីមាសទី១ តែម៉ាក់ៗអាចមិនដឹងថាកូនត្អើកបានរហូតពពោះបានច្រើនសប្ដាហ៍។ ចំពោះស្ត្រីពពោះខ្លះ មិនដឹងថាកូនក្នុងផ្ទៃត្អើកទេ ទោះបីជាពពោះច្រើនខែក៏ដោយ ប៉ុន្តែសម្រាប់ស្ត្រីពពោះខ្លះ វាអាចកើតឡើងញឹកញាប់នៅក្នុងត្រីមាសទី២។
ប្រធានផ្នែកសម្ភពរូបនេះបានបញ្ជាក់ឲ្យដឹងថា រាល់សកម្មភាពដែលទារកនៅក្នុងពោះធ្វើទាំងអស់ ម៉ាក់ៗអាចដឹងបាន តាមរយៈ ការធាក់ ការរើចុះ រើឡើងរបស់កូននៅក្នុងពោះ ឬមានអារម្មណ៍ថា នៅក្នុងពោះកំពុងមានចលនា ឬមានអារម្មណ៍ថា រសើបៗក្នុងពោះ។ ប៉ុន្តែ ម៉ាក់ៗអាចពិបាកបែងចែកបន្តិចថាៗ អាអូននៅក្នុងផ្ទៃកំពុងធ្វើសកម្មភាពមួយណាឲ្យច្បាស់។
[embed-health-tool-pregnancy-weight-gain]