ចំណីអាហារដែលម៉ាក់ៗ ញ៉ាំអំឡុងពេលពពោះ មានច្រើនមុខណាស់ ដើម្បីទទួលយកសារធាតុផ្សេងៗទៅចិញ្ចឹមកូននៅក្នុងពោះ។ មានម៉ាក់ៗមួយចំនួនគិតថា អាហារឃ្លានញ៉ាំពេលពពោះ អាចជាអាហារដែលកូនក្នុងពោះឃ្លានដែរ។ ចុះ រាល់អាហារដែលម៉ាក់ៗញ៉ាំចូលទៅ អាចមានអីទាក់ទងដល់ជម្រើសអាហាររបស់កូននៅពេលកូនធំឡើងទេ?
សម្រាប់បញ្ហានេះ លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បានពន្យល់ឲ្យដឹងថា ជាទូទៅ ចំណីអាហារដែលម៉ាក់ៗចូលចិត្តនៅពេលពពោះ មិនអាចឲ្យកូនកើតមកចូលចិត្តញ៉ាំចំណីអាហារទាំងអស់នោះដែរទេ។ ការដែលគិតបែបនេះគឺមិនពិតនោះទេ។
“កាលដែលម្ដាយញ៉ាំចំណីអាហារចូលទៅក្នុងពោះមាន វីតាមីន ប្រូតេអ៊ីន សារធាតុរ៉ែអស់នោះហើយ គឺវាចម្រាញ់តាមរយៈទងសុក ហើយនឹងទឹកភ្លោះ ដើម្បីជួយចិញ្ចឹមគភ៌នៅក្នុងពោះនោះឲ្យលូតលាស់បានល្អ។’
លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ជម្រើសអាហារដែលកូនៗចូលចិត្តញ៉ាំនៅពេលដែលលូតលាស់ធំឡើងៗនោះ វាមិនមានអីទាក់ទងនឹងអាហារដែលម៉ាក់ញ៉ាំក្នុងពេលមានផ្ទៃពោះទេ ពោលគឺអាហារដែលម៉ាក់ញ៉ាំចូលទៅផ្សេងៗ ហើយចំណង់ចំណូលចិត្តអាហារ ឬជម្រើសារជាតិអាហារដែលកូនមានពេលធំឡើងគឺផ្សឹង។
លោកបន្តថា អំឡុងពេលពពោះ ពេទ្យជំនាញណែនាំឲ្យម្ដាយញ៉ាំអាហារឲ្យបានគ្រប់មុខ និងគ្រប់គ្រាន់ (បន្លែ ផ្លែឈើ ទឹកដោះគោ សាច់…) ដើម្បីទទួលយកសារធាតុចិញ្ចឹមទាំងនោះឲ្យបានច្រើន សម្រាប់ទ្រទ្រង់សុខភាពខ្លួនឯងផ្ទាល់ ក៏ដូចជាជួយដល់ការលូតលាស់របស់កូន ហើយក៏អាចចៀសផុតពីបញ្ហាមួយចំនួនផងដែរ បើម្ដាយទទួលបានអាហារូបត្ថម្ភ និងថែទាំខ្លួនបានល្អ។
[embed-health-tool-pregnancy-weight-gain]