បើយើងនិយាយពីការពពោះ មានជំនឿ ឬការនិយាយតៗគ្នាជាច្រើនទាក់ទងនឹងរបៀបរបបរស់នៅរបស់ស្ត្រីពពោះ ជាពិសេស អាហារដែលម៉ាក់ពពោះញ៉ាំចូលទៅ។ ដូចគ្នានេះ មានការលើកឡើងមួយថា ពេលពពោះចូលចិត្តញ៉ាំអាហារជូរ ម្ជូរ ស្វាយ ជាដើមនោះ កូនកើតមកក្បាលរឹង និយាយមិនស្ដាប់។
លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រីនៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន សែនសុខ បានពន្យល់ឲ្យដឹងថា ចំពោះការលើកឡើងបែបនេះ គឺគ្រាន់តែជាពាក្យចចាមអារ៉ាមដែលម៉ាក់ៗពពោះនិយាយតៗគ្នាតែប៉ុណ្ណោះឯង។ ការដែលកូនក្បាលរឹង និយាយមិនចេះស្ដាប់តាមសម្ដីប្រដៅប្រាប់របស់ម៉ាក់ប៉ា គ្មានអីពាក់ព័ន្ធនឹងការចូលចិត្តញ៉ាំរបស់ជូរ អំឡុងពេលពពោះទេ។
វេជ្ជបណ្ឌិតរូបនេះបន្តថា ការអប់រំកូនពីតូច និងផ្ដល់ដំបូន្មានល្អៗ ជាមួយគន្លឹះនៃការអប់រំដ៏ល្អ ទាំងការសិក្សានៅសាលា និងការអប់រំពីម៉ាក់ប៉ានៅផ្ទះ ជាកត្តាចាំបាច់ ដើម្បីចិញ្ចឹមបីបាច់កូនឲ្យយល់ពីទង្វើណាល្អគួរធ្វើ និងទង្វើណាអាក្រក់គួរចៀសវៀងឲ្យផុត។ ប្រសិនបើកូនមិនស្ដាប់បង្គាប់របស់ម៉ាក់ប៉ា អាចដោយសារកូនទទួលបានការអប់រំខុស ហើយក៏អាចបណ្ដាលមកពីរបៀបនៃការចិញ្ចឹមកូនរបស់ម៉ាក់ប៉ាដែរ (ថ្នមកូនពេក ទម្រើសកូន វាយកូនពេក មិនខ្វល់នឹងកំហុសកូន។ល។)។
ទាក់ទងនឹងការញ៉ាំជូរវិញ ដោយសារតែពេលចាប់ផ្ដើមមានផ្ទៃពោះដំបូងៗ ធ្វើឲ្យម៉ាក់ៗចង្អោរ ក្អួត និងមានចំណង់អាហារតិច អ៊ីចឹងហើយ ម៉ាក់ៗតែងមានទំនោរទៅរកអាហារដែលមានជាតិជូរ ឬអាហារដែលមានជាតិអាស៊ីដ។ យកល្អ នៅពេលដែលចង់ញ៉ាំរបស់ជូរ ម៉ាក់ៗគួរជ្រើសរើសបន្លែ ឬផ្លែឈើណាដែលមានជាតិជូរធម្មជាតិវិញដូចជា ស្វាយ ប៉េងប៉ោះជាដើម ព្រោះវាជាអាហារធម្មជាតិដែលគ្មានផលប៉ះពាល់ដល់សុខភាព ពេលដែលញ៉ាំចូលខ្លួនទៅ។
ប្រធានផ្នែកសម្ភពរូបនេះ ក៏បានណែនាំទៀតថា អំឡុងពេលពពោះ ម៉ាក់ៗត្រូវប្រយ័ត្នចំពោះចំណីអាហារដែលញ៉ាំរាល់ថ្ងៃ បើអាចម៉ាក់ៗគួរចៀសវាងអាហារទាំងនេះមាន៖
– សាច់ឆៅ បន្លែឆៅ
– គ្រឿងសមុទ្រឆៅ
– សាច់ត្រីដែលមានជាតិបារតខ្ពស់
– ភេសជ្ជៈមានជាតិអាល់កុល (គ្រឿងស្រវឹង)។ល។
[embed-health-tool-pregnancy-weight-gain]