ជាទូទៅ ស្ត្រីដែលមានផ្ទៃពោះគ្រប់ខែ ត្រូវសម្រាលកូននៅពេលគភ៌មានអាយុ ៣៧-៤០ សប្ដាហ៍។ ពេលណាស្ត្រីមានផ្ទៃពោះ សម្រាលកូននៅមុនអាយុគភ៌ ៣៧ សប្ដាហ៍ គេហៅថា សម្រាលកូនមិនគ្រប់ខែ។ តែបើម៉ាក់ៗ សម្រាលកូនលើសពី ៤១សប្ដាហ៍ ឡើងទៅនោះ ហៅថាពពោះលើសខែហើយ។ នេះបើតាមការឲ្យដឹងរបស់លោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
ការពពោះលើសខែនេះ ខាងក្រុមគ្រូពេទ្យបានបែងចែកជា២ប្រភេទគឺ ទី១. អាយុគភ៌គិតចាប់ពី ៤១ សប្ដាហ៍ ឡើងទៅ និង ទី២. អាយុគភ៌ពី ៤២សប្ដាហ៍ ឡើងទៅ។ ស្របគ្នានេះ បើម៉ាក់ៗពពោះលើសខែ វាអាចបង្កជាផលវិបាកច្រើនទៅដល់អាអូននៅក្នុងផ្ទៃដូចជា៖
– ការថយចុះនូវបរិមាណទឹកភ្លោះ
– ភាពមិនប្រក្រតីនៃចង្វាក់បេះដូងរបស់ទារក
– ទារកជុះ (លាមកព្រៃ) ក្នុងពោះ
– កូនអាចស្លាប់ក្នុងពោះ
– ក្បាលធំ
- មានជំងឺឆ្កួតជ្រូក តាំងពីក្មេង
– អាចមានផលវិបាកលើប្រព័ន្ធសរសៃប្រសាទកូនដូច ប្រកាច់ ឬមានវិបត្តិនៃការលូតលាស់បញ្ញាស្មារតី។ល។
ធ្វើម៉េចយើងដឹងថាពពោះលើសខែ? យើងអាចដឹងថា ម៉ាក់ៗពពោះលើសខែបាន ទាល់តែយើងដឹងពីអាយុគភ៌ តាំងពីដំបូង ដែលគេអាចធ្វើតាមរយៈ៖
១. ការធ្វើអេកូសាស្ត្រ ដោយវាស់ប្រវែងកូននៅចន្លោះអាយុ ១១សប្ដាហ៍ និង១៣សប្ដាហ៍
២. គិតថ្ងៃមករដូវចុងក្រោយ
លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ក្នុងករណីដែលម៉ាក់ៗពពោះគ្រប់ខែហើយ គឺត្រូវតាមដានផ្ទៃពោះ ឲ្យបានកាន់តែជាប់លាប់ចាប់២-៣ដង/សប្ដាហ៍។ គ្រោះថ្នាក់លើកូនកាន់តែខ្ពស់ ករណីដែលស្ត្រីមានផ្ទៃពោះលើសខែ ហើយមានកូនលូតលាស់តូចជាងអាយុគភ៌។
[embed-health-tool-pregnancy-weight-gain]