បើនិយាយពីរឿងពិនិត្យសុខភាព វាជារឿងចាំបាច់មួយដែលម៉ាក់ៗពពោះត្រូវធ្វើឲ្យបានខ្ជាប់ខ្ជួន ព្រោះវាអាចបញ្ជាក់ឲ្យដឹងពីសុខភាពកូននៅក្នុងផ្ទៃដែលយើងពិបាកដឹងពីសុខភាពកូនដោយភ្នែកទទេ។ ប៉ុន្តែ មានម៉ាក់ៗខ្លះ ទៅពិនិត្យសុខភាពដែរ តែបែរជាធ្វើឲ្យមានកំហុសដោយមិនដឹងខ្លួនទៅវិញ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត សឿ ច័ន្ទវិសាល ឯកទេសផ្នែកសម្ភព និងរោគស្ត្រី។
១. ពិនិត្យអេកូកូន មិនពិនិត្យសុខភាពម្ដាយ
នៅពេលស្ត្រីពពោះ ការថតអេកូ គ្រាន់តែវាយតម្លៃសុខភាពកូនប៉ុណ្ណោះ តែយើងក៏ត្រូវពិនិត្យមើលទាំងសុខភាពម៉ាក់ៗដែរ។ បើម៉ាក់ៗ មានជំងឺដូចជាលើសឈាម ទឹកនោមផ្អែម សរសៃឈាមបេះដូង នោះវាក៏អាចប៉ះពាល់ទៅដល់អាអូននៅក្នុងផ្ទៃបាន។
២. ដឹងថ្ងៃកូនកើតច្បាស់ៗ
ការធ្វើអេកូ មិនអាចដឹងថ្ងៃម៉ាក់ៗ ឈឺពោះកើតកូនពិតប្រាកដទេ វាគ្រាន់តែឲ្យយើងដឹងនៅអំឡុងរង្វង់ថ្ងៃណាមួយ ដើម្បីឲ្យយើងបានត្រៀមខ្លួនសម្រាប់សម្រាលកូនតែប៉ុណ្ណោះ។
៣. ឃើញកូនខុសប្រក្រតី ប្រញាប់រំលូតចោល
ពេលធ្វើអេកូឃើញកូនខុសប្រក្រតី មិនគួរប្រញាប់រំលូតចោលទេ ព្រោះថា កូនខុសប្រក្រតីអាចមកពីកត្តាច្រើន ក្នុងនោះក៏មានកត្តាតំណពូជ។ ការដែលរំលូតកូនចោលភ្លាមៗ នៅពេលមិនបានពិនិត្យច្បាស់លាស់ដោយ ការចោះទឹកភ្លោះធ្វើតេស្ត តេស្តឈាម ។ល។ ពេលខ្លះមូលហេតុដែលធ្វើឲ្យកូនខុសប្រក្រតី អាចព្យាបាលទប់ស្កាត់បាន សម្រាប់ការមានកូនលើកក្រោយ។ ម៉្យាងវិញទៀត ក៏មានករណីអាចព្យាបាលបានល្អពេលក្រោយកើត ឬអាចព្យាបាលបានទាំងពេលកូនកំពុងនៅក្នុងពោះ។
៤. ធ្វើអេកូ វាស់កម្រាស់កកូនឃើញក្រាស់ កូនអាចខុសប្រក្រតី
តាមពិតទៅ ការវាស់កម្រាស់កកូន ឬវាស់ឆ្អឹងច្រមុះ គ្រាន់តែជាការឲ្យសញ្ញាថាកូនមានហានិភ័យ កើតជំងឺខុសប្រក្រតីនៃសរីរាង្គ មិនមែន ពិត១០០% ថា កូននោះកើតមកច្បាស់ជាមានជំងឺខុសប្រក្រតីនៃសរីរាង្គនោះទេ។
៥. មើលអេកូ គណនាទម្ងន់កូន
ការធ្វើអេកូមើលទម្ងន់កូននៅក្នុងផ្ទៃអាចខុសពី ១០-១៥% នៃទម្ងន់ពិតរបស់កូន ដោយសាររបៀបវាស់របស់គ្រូពេទ្យម្នាក់ៗមិនដូចគ្នា និងអាស្រ័យទៅលើម៉ាស៊ីនអេកូដែរ (ព្រោះមានម៉ាស៊ីនខ្លះស៊េរីថ្មី ខ្លះចាស់ ដូចឡានម៉ូតូដែរ)។ ដូចនេះម៉ាក់ៗកុំបារម្ភពេកអី កូននៅក្នុងផ្ទៃនៅតែលូតលាស់បានធម្មតា។ ដូចគ្នានេះ ការរកមើលជំងឺខុសប្រក្រតីកូនពីកំណើត ក៏អាស្រ័យទៅលើម៉ាស៊ីន និងគ្រូពេទ្យជំនាញដែរឬអត់ ព្រោះការធ្វើអេកូពិនិត្យកូនមិនអាចរកឃើញជំងឺពីកំណើតបានទាំងអស់នោះទេ។
[embed-health-tool-pregnancy-weight-gain]