មនុស្សជាច្រើននៅជុំវិញពិភពលោកបានជ្រើសរើសផឹកភេសជ្ជៈប៉ូវកម្លាំង ដោយជឿតាមការផ្សាយថាអាចជួយដាស់ស្មារតី បង្កើនកម្លាំង និងធ្វើឲ្យមានការផ្ដោតអារម្មណ៍ខ្ពស់ជាដើម។ ថ្វីបើមានមនុស្សជាច្រើនអាចផឹកភេសជ្ជៈប៉ូវកម្លាំងបានក៏ពិតមែន តែស្រ្តីមានផ្ទៃពោះជាករណីលើកលែង ហើយបំរាមទាំងនេះក៏មានសរសេរនៅលើសំបកកំប៉ុងភេសជ្ជៈទាំងនោះដែរ។
តើមូលហេតុអ្វីបានស្រ្តីមានផ្ទៃពោះមិនគួរផឹកភេសជ្ជៈប៉ូវកម្លាំង?
គ្នាយើងត្រូវដឹងថា ពេលស្រីៗយើងមានផ្ទៃពោះសុកចាប់ផ្ដើមលូតលាស់នៅក្នុងស្បូនរបស់យើង ហើយអាហារ និងអុកស៊ីសែន ត្រូវដឹកជញ្ជូនទៅចិញ្ចឹមទារកតាមរយៈទងសុក។ សារធាតុចិញ្ចឹមផ្សេងៗដែលម៉ាក់ៗបានញ៉ាំនឹងទៅដល់កូនក្នុងផ្ទៃដូចគ្នា។ ដូចនេះ បើម៉ាក់ៗផឹកភេសជ្ជៈប៉ូវកម្លាំង នោះសារធាតុផ្សេងៗមាននៅក្នុងភេសជ្ជៈក៏នឹងទៅដល់កូនក្នុងផ្ទៃដែរ។
អ្នកស្រាវជ្រាវមិនទាន់ដឹងថាគ្រប់គ្រឿងផ្សំរបស់ភេសជ្ជៈវប៉ូវកម្លាំងសុទ្ធតែមានផលប៉ះពាល់ឬយ៉ាងណាដល់កូនក្នុងផ្ទៃនោះទេ ដោយហេតុថាភេសជ្ជៈប៉ូវកម្លាំងម៉ាកផ្សេងៗគ្នា មានគ្រឿងផ្សំខុសៗគ្នា ហើយម្យ៉ាងការធ្វើពិសោធន៍ភេសជ្ជៈប៉ូវកម្លាំងលើស្ត្រីមានផ្ទៃពោះគឺមិនអាចធ្វើបាននោះទេ។
ទោះយ៉ាងណា ក្រុមអ្នកស្រាវជ្រាវបានសាកល្បងសិក្សាលើសត្វកណ្ដុរ ដោយឲ្យផឹកភេសជ្ជៈប៉ូវកម្លាំងក្នុងបរិមាណតិចតូចជាប្រចាំ និងបានរកឃើញថាមានផលអវិជ្ជមានលើសុខភាពកូនរបស់សត្វកណ្ដុរពេលកើតមក។
ការពិសោធន៍នេះ រកឃើញថាពេលកូនកណ្ដុរកើតមកមានអាការៈ Oxidative stress (អតុល្យភាពនៃរ៉ាឌីកាលសេរី និងសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងរាងកាយ) មានរបួសជាលិកា និងមានបញ្ហាខាងអាកប្បកិរិយា រួមទាំងបញ្ហាថប់បារម្ភផង។ ដោយហេតុនេះហើយ បានជាអ្នកស្រាវជ្រាវសន្និដ្ឋានថា ការផឹកភេសជ្ជៈប៉ូវកម្លាំងពេលមានផ្ទៃពោះ និងបំបៅដោះកូន នឹងធ្វើឲ្យប៉ះពាល់ដល់កូនក្នុងផ្ទៃ ឬកូនទើបនឹងកើត។
ដូចអ្វីដែលបានរៀបរាប់ខាងលើនេះហើយ បានជាអ្នកស្រាវជ្រាវទាំងឡាយផ្ដល់ជាយោបល់ថាស្រ្តីពពោះ និងបំបៅដោះកូនទាំងឡាយគួរចៀសវាងផឹកភេសជ្ជៈប៉ូវកម្លាំង។
[embed-health-tool-pregnancy-weight-gain]