backup og meta

ទឹក​នោម​ល្អក់​ពេលពពោះ អាច​ជា​រោគ​សញ្ញា​នៃ​​ជំងឺមួយចំនួន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 24, 2021

    ទឹក​នោម​ល្អក់​ពេលពពោះ អាច​ជា​រោគ​សញ្ញា​នៃ​​ជំងឺមួយចំនួន

    ​សញ្ញា​មួយ​ក្នុង​ចំណោម​រោគ​សញ្ញា​ដំបូង​បំផុត​នៃ​ការ​មាន​ផ្ទៃពោះ​ គឺ​ជា​ការ​នោម​ញឹកញាប់​។​ អំឡុង​ពេល​នេះ​ដែរ​ ស្ត្រី​ពពោះ ​អាច​នឹង​សង្កេត​ឃើញ​ពណ៌​ទឹក​នោម​មាន​សភាព​ខុស​ប្លែក​​ពី​ធម្មតា​​។​ យ៉ាង​ណា​មិញ​​ ប្រសិនបើ​ទឹក​នោម​ប្រែជា​ល្អក់​ វា​អាច​បណ្ដាល​មក​ពី​ការ​ឆ្លង​មេរោគ​ កង្វះ​ជាតិ​ទឹក​ និង​បញ្ហា​សុខភាព​ដទៃ​ទៀត​ ដូចជា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ជា​ដើម​។

    ទឹក​នោម​មាន​​ល្អក់​ បណ្ដាល​មកពី​អ្វី​?

    ​​ទឹក​នោម​​​ប្រែ​ជា​ល្អក់​ គឺ​ដោយ​សារ​តែ​កោសិកា​ឈាម​ស​មាន​បរិមាណ​ច្រើន​ជ្រុល​​ដើម្បី​ប្រយុទ្ធ​ជា​មួយ​នឹង​​ការ​ឆ្លង​មេរោគ​ វត្តមាន​នៃ​ឈាម​នៅ​ក្នុង​ទឹក​នោម​ ឬ​អាច​លាយឡំ​ជាមួយ​នឹង​ការ​ធ្លាក់​ឈាម​តាម​ទ្វារ​មាស​។

    ​​១. កង្វះ​ជាតិ​ទឹក

    ​នៅ​ពេល​ដែល​យើង​ខ្វះ​ជាតិ​ទឹក​នៅ​ក្នុង​រាងកាយ​ ទឹក​នោម​នឹង​ប្រែ​ទៅ​ជា​ពណ៌​​​ស្រអាប់​ និង​ខាប់​ខ្លាំង​ ឬ​អាច​​​ល្អក់​ផង​ដែរ​។ ជា​ទូទៅ​ មាន​កត្តា​ជា​ច្រើន​ដែល​នាំ​ឲ្យ​ស្ត្រី​ពពោះ​ខ្វះ​ជាតិ​ទឹក​ ដូចជា​ការ​ក្អួត​ ឬ​ការ​ឡើង​កម្ដៅ​ខ្លួន​ខ្លាំង​  ។​ ទោះ​បី​ជា​ពុំ​មាន​ការ​បាត់បង់​ជាតិ​ទឹក​ ដោយ​សារ​តែ​បញ្ហា​សុខភាព​ផ្សេង​ៗ​ ជា​ធម្មតា​ ស្ត្រី​ពពោះ​ត្រូវការ​ជាតិ​ទឹក​ក្នុង​បរិមាណ​ច្រើន​​ ដើម្បី​ទ្រទ្រង់​សុក​ ទឹក​ភ្លោះ​ និង​ទារក​។​

    សញ្ញា​​សំខាន់​ៗ​នៃ​ការ​ខ្វះ​ជាតិ​ទឹក៖ ទឹក​នោម​មាន​ពណ៌​ស្រអាប់​ ស្រេក​​ទឹក​ នោម​ញឹកញាប់​ អស់​កម្លាំង​ វិល​មុខ​។

    ២. ការ​បង្ក​រោគ​ប្រព័ន្ធ​ទឹក​នោម

    ការ​បង្ក​រោគ​​ប្រព័ន្ធ​ទឹក​នោម​ គឺ​បណ្ដាល​មក​ពី​បាក់តេរី​​បង្ក​រោគ​លើ​តម្រង​នោម​ ប្លោក​នោម​ បំពង់​ទឹក​នោម​ ​ឬ​ទ្វារ​ទឹក​នោម​។​ ជា​ទូទៅ​ ការ​បង្ក​រោគ​ទាំង​នេះ​កើត​ឡើង​នៅ​បំពង់​ទឹក​នោម​ផ្នែក​ខាង​ក្រោម​។​ រោគ​សញ្ញា​មួយ​ចំនួន​ដែល​កើត​មាន​ជា​ញឹកញាប់​នៅ​ពេល​មាន​ការ​បង្ក​រោគ គឺ​ទឹក​នោម​ទៅជា​ល្អក់​ ឬ​មាន​ឈាម​​លាយ​ឡំ។​ នៅ​អំឡុង​ពេល​មាន​គភ៌​ ​ម៉ាក់​ៗ​អាច​​មាន​ហានិភ័យ​ខ្ពស់​​ដែល​​ការ​​បង្ក​រោគ​​ប្រព័ន្ធ​ទឹក​​នោម​ប្រែ​ក្លាយ​ទៅ​ជា​ការ​ឆ្លង​មេរោគ​តម្រង​នោម​​ កូន​កើត​មិន​គ្រប់​ខែ​ ឬ​ទារក​មិន​គ្រប់​គីឡូ​​។

    ​សញ្ញា​​សំខាន់​ៗ​នៃ​ការ​បង្ក​រោគ​​ប្រព័ន្ធ​ទឹក​នោម៖ នោម​ញឹកញាប់​ រលាក​នៅ​ពេល​នោម​ ទឹក​នោម​មាន​ក្លិន​មិន​ល្អ​ ឈឺ​អាង​ត្រគាក​។

    ៣. ជំងឺ​បម្រុង​ក្រឡា​ភ្លើង​​

    ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ គឺ​​ជា​ជំងឺ​មួយ​ដែល​ប៉ះពាល់​ដល់​ថ្លើម​ និង​តម្រង​នោម​ ហើយ​វា​អាច​បណ្ដាល​ឲ្យ​មាន​សម្ពាធ​ឈាម​ខ្ពស់​ដែល​មាន​គ្រោះថ្នាក់​ខ្លាំង​។ ជា​ធម្មតា​ ជំងឺ​នេះ​​កើត​ឡើង​បន្ទាប់​ពី​សប្ដាហ៍​ទី​២០​នៃ​ការ​មាន​ផ្ទៃពោះ​។ ជាមួយ​គ្នា​នេះ​ដែរ​ ជំងឺ​បម្រុង​ក្រឡា​ភ្លើង​ មិន​មាន​រោគ​សញ្ញា​គួរ​ឲ្យ​កត់​សម្គាល់​នោះ​ទេ​ ប៉ុន្តែ​វា​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​ទាំង​ម្ដាយ​ និង​ទារក​ក្នុង​ផ្ទៃ​។ វត្តមាន​នៃ​ប្រូតេអ៊ីន​ក្នុង​ទឹក​នោម​​អាច​បង្ហាញ​ថា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​កំពុង​តែ​​មាន​ការ​វិវត្ត​។​ ជាមួយ​នឹង​ជាតិ​ប្រូតេអ៊ីន​ច្រើន​​​នៅ​ក្នុង​ទឹក​នោម យើង​ក៏​អាច​សង្កេត​ឃើញ​ថា​​ទឹក​នោម​​ឡើង​​ល្អក់​ផង​ដែរ​។​

    សញ្ញា​​សំខាន់​ៗ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង៖ សម្ពាធ​ឈាម​ខ្ពស់​ ឈឺ​ក្បាល​ ប្រែ​ប្រួល​ការ​មើល​ឃើញ​ ឈឺ​ពោះ​ ក្អួត​ចង្អោរ​ ពិបាក​ដក​ដង្ហើម​ ហើម​ និង​ឡើង​ទម្ងន់​។

    ទឹកនោមពេលមានគភ៌២

    ៤. ក្រួស​ក្នុង​តម្រង​នោម​

    ក្រួស​ក្នុង​តម្រង​នោម​ គឺ​ជា​អង្គធាតុ​រឹង​មួយ​​កកើត​ឡើង​នៅ​ក្នុង​តម្រង​នោម​ ដែល​​​រួម​បញ្ចូល​គ្នា​ដោយ​កាល់ស្យូម​ Oxalate និង​ផូស្វ័រ​។​ ស្ត្រី​ពពោះ​អាច​​នឹង​មាន​ហានិភ័យ​នៃ​ការ​កើត​ក្រួស​តម្រង​នោម​ខ្ពស់​ ប្រសិនបើ​​អាការៈ​ខ្វះ​ជាតិ​ទឹក​ញឹកញាប់​ ​មាន​ការ​បង្ក​រោគ​​ប្រព័ន្ធ​ទឹក​នោម​ជា​ប្រចាំ​ ឬ​​ស្ទះ​បំពង់​ទឹក​នោម​ ដែល​ជា​បញ្ហា​កើត​មាន​ជា​ទូទៅ​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​។

    ​​សញ្ញា​​សំខាន់​ៗ​នៃ​ក្រួស​ក្នុង​តម្រង​នោម៖ នោម​ឈឺ​ មាន​ឈាម​នៅ​ក្នុង​ទឹក​នោម​ ឈឺ​ពោះ​ធ្ងន់ធ្ងរ​ ឬ​ឈឺ​ចាប់​នៅ​ផ្នែក​ខ្នង​ខាង​ក្រោយ​ ក្អួត​ ចង្អោរ​ជាដើម​។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Mar 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម