ក្រោយសម្រាលបេប៊ីគួរឲ្យស្រលាញ់ រាងកាយម៉ាក់ៗមិនទាន់អាចវិលមករកសភាពដើមវិញភ្លាមៗទេ ជាហេតុបណ្ដាលឲ្យជួបបញ្ហាមួយចំនួន។ ស្រីៗគ្នាយើងភាគច្រើន មានបញ្ហាគេងនោមដាក់ពូកថែមទៀត។ បើចង់ដឹងច្បាស់ អានអត្ថបទ “Hello គ្រូពេទ្យ” សិនទៅ។
ករណីនោមដាក់ពូកក្រោយសម្រាលកូន ដោយសារបញ្ហាអសមត្ថភាពទប់ទឹកនោម ដែលកើតឡើង នៅពេលកណ្ដាស ក្អក សើច លោត លើករបស់ធ្ងន់ ឬចលនាណាមួយដែលសង្កត់លើប្លោកនោម។
មិនមែនស្រីៗជាម្ដាយទាំងអស់សុទ្ធតែមានបញ្ហានេះទេ តែភាគច្រើន ជួបបញ្ហានេះ ក្រោយសម្រាលកូន។ ជាទូទៅ អសមត្ថភាពទប់ទឹកនោម កើតលើម៉ាក់ៗសម្រាលកូនតាមធម្មជាតិ ជាងម៉ាក់ៗសម្រាលដោយវះកាត់។
ការសិក្សាបង្ហាញថា ម៉ាក់ៗសម្រាលបេប៊ីតាមធម្មជាតិ ងាយមានបញ្ហាផ្លូវទឹកនោម រីឯការសិក្សាផ្សេងទៀត បញ្ជាក់ដែរថា គ្នាយើងខ្លះសម្រាលតាមធម្មជាតិរយៈពេលយូរ ឬមានបេប៊ីក្នុងផ្ទៃថ្លោសពេក ក៏ប្រឈមបញ្ហាអសមត្ថភាពទប់ទឹកនោមដូចគ្នា ហើយមូលហេតុបង្កមានដូចជា៖
– បេប៊ីក្នុងផ្ទៃថ្លោសលើសទម្ងន់
– ជក់បារីពេលពពោះ
– មានកូនច្រើន និងសម្រាលតាមធម្មជាតិ។
២- កត្តាបង្កឲ្យអសមត្ថភាពទប់ទឹកនោម
ករណីនេះបង្កឡើងដោយសារសាច់ដុំជុំវិញប្លោកនោម និងឆ្អឹងត្រគាកចុះខ្សោយ អំឡុងមានផ្ទៃពោះ និងក្រោយសម្រាល។ ជាលទ្ធផល គ្នាយើងនឹងពិបាកគ្រប់គ្រងទឹកនោម ដូចជា ពេលបង្ហូរនោម ឬឈប់ពាក់កណ្ដាលផ្លូវ។ ក្រោយសម្រាលកូន ទំហំស្បូននឹងរួមតូចនៅសប្ដាហ៍ដំបូង ធ្វើឲ្យសាច់ដុំបាតឆ្អឹងត្រគាកផ្លាស់ទី ជាហេតុពិបាកឃាំងទឹកក្នុងប្លោកនោម និងបិទបំពង់បង្ហួរនោម។ ការប្រែប្រួលនេះហើយ ទើបធ្វើឲ្យស្រីៗគ្នាយើងលេចនោម មិនអាចគ្រប់គ្រងបាន។
៣- វិធីដោះស្រាយ
អសមត្ថភាពទប់ទឹកនោម គ្នាយើងខ្លះអាចជួបប្រទះរយៈពេលខ្លី ឯខ្លះទៀតអាចមានរយៈពេលវែង ប៉ុន្តែយ៉ាងណា វិធីសាស្រ្ដខាងក្រោមនេះអាចជួយបាន៖
– ធ្វើលំហាត់ប្រាណ Kegel ឲ្យបានទៀងទាត់ (លំហាត់ប្រាណអាងត្រគៀក) ដើម្បីឲ្យសាច់ដុំបាតឆ្អឹងត្រគាកឆាប់ផ្លាស់ទីមកធម្មតា និងមានកម្លាំងវិញ។
– ប្រើសំឡីអនាម័យ ឬខោទឹកនោម។
– ខ្វែងជើង ពង្រឹងសាច់ដុំត្រគាកនៅពេលកណ្ដាស់ ក្អក ឬសើច
– កាត់បន្ថយការញ៉ាំភេសជ្ជៈមានជាតិកាហ្វេអ៊ីន (កាហ្វេ តែ) និងទឹក ដើម្បីបន្ថយការនោម។
– កុំញ៉ាំក្រូច ប៉េងប៉ោះ និងអាហារមានជាតិអាស៊ីដ ព្រោះអាចធ្វើឲ្យពិបាកគ្រប់គ្រងទឹកនោមដូចគ្នា។
– ជៀសវាងទល់លាមកក្រោយសម្រាល ព្រោះអាចមានសម្ពាធលើប្លោកនោម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញ វេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលជូនទេ៕