backup og meta

ស្រីៗឡើង​កន្ទាល​ត្រអាក ​​ពេល​ពោះត្រូវ​ធ្វើ​ម៉េចទើបល្អ?​

ត្រួតពិនិត្យដោយ គឹម កាណែល


អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2021

    ស្រីៗឡើង​កន្ទាល​ត្រអាក ​​ពេល​ពោះត្រូវ​ធ្វើ​ម៉េចទើបល្អ?​
    ស្រីៗមាន​ផ្ទៃពោះ ២៥% ជួប​​ការ​ប្រែប្រួល​​ស្បែក ​ពេល​មាន​គភ៌ ដូចជា មានមុន ស្បែក​ឡើង​ក្រមៅ​ជាង​មុន សង្វារ និង​កន្ទាលត្រអាក។ កន្ទាលត្រអាក​ កើត​ដោយ​សារ​ប្រតិកម្ម អាលែកហ្ស៊ី ប្រតិកម្ម​ឱសថ ឬ​សត្វ​ល្អិត​ខាំ។ បម្រែបម្រួល​អ័រម៉ូន​​ ពេល​មាន​គភ៌ ​​ក៏អាច​​បង្កើត​ឲ្យ​មាន​កន្ទាលត្រអាក​​ដែរ។

    ១- ម៉េចបានកើតកន្ទាលត្រអាកពេលមានគភ៌?

    ប្រតិកម្ម​អាលែកហ្ស៊ី ​ជា​មូល​ហេតុ​​​នាំ​ឲ្យមាន​កន្ទាលត្រអាក។ ប្រតិកម្ម​នេះ​ អាច​មក​ពីអាហារ មូស​ខាំ លម្អងផ្កា កម្ទេច​សំណក​ស្បែក​ស្រកា​សត្វ ឱសថ ឬ​ផលិត​ផល​សម្ផស្ស (សាប៊ូ​កក់​សក់ ដុសខ្លួន…) ដាក់​សម្ពាធ​​លើ​ស្បែក ឬ​​ភាព​តាន​តឹង​ចិត្ត​។

    ពេល​មាន​គភ៌ ពោះ​​​ចេះ​តែ​រីក​ធំ ស្បែក​កាន់​តែ​ស្ងួត​ឡើងៗ ធ្វើ​ឲ្យ​អ្នក​ម្ដាយ​​កាន់​តែ​ងាយ​នឹង​កើត​កន្ទាលត្រអាក។ ម្តាយម្នាក់​ក្នុង​ចំណោម ១៥០ នាក់​ បាន​វិវត្ត​​ទៅជាកើត​មាន​​​បញ្ហា​ស្បែក​ធ្ងន់ធ្ងរ​មួយ ឬ​ហៅ​ថា PUPP ។

    ២- បញ្ហាអីខ្លះបានហៅថាធ្ងន់?

    PUPP ជាកន្ទួល​កន្ទាលត្រអាក និង​ប្រេះ​ស្បែក ​រមាស់។ ស្ត្រី​ពពោះដែល​កើត​ PUPP ​ស្បែកឡើង​ក្រហម​ធំៗ និង​ហើម​​​លើ​ស្បែក ហើយវាកើត​​នៅ​លើ​ពោះ។ ក្រោយ​មក​ទៀត ​រាល​ដាល​ទៅ​​ដៃ និង​ជើង។

    ការ​ស្រាវជ្រាវ​​បង្ហាញ​ថា PUPP មាន​ទំនាក់ទំនង​ជាមួយ​ហ្សែន ប៉ុន្តែ​នៅ​តែ​មិន​ទាន់ដឹង​​ប្រាកដ​ថា​ជាអ្វី​ដែលបង្ក​ឲ្យ​មាន PUPP នៅ​ឡើយទេ។ គេ​គ្រាន់​តែ​ឃើញ​ថា PUPP កើត​មាន​ច្រើន​​លើ​ស្រីៗពពោះកូន​ដំបូង។

    ពពោះ

    ៣- ព្យាបាលកន្ទាលត្រអាកពេលមានគភ៌យ៉ាងម៉េច?

    – ស្បែក​រោល​តូច​ៗនឹង​រលាយ​បាត់​ដោយ​ខ្លួន​ឯង។ ត្រូវ​ចាំ​ថា ​មិន​ត្រូវ​ដុស​តំបន់​ដែល​រង​ប៉ះពាល់​ទេ និងចៀសវាង​ប្រើ​សាប៊ូ​ ​ព្រោះសាប៊ូខ្លះ​អាច​ធ្វើ​ឲ្យ​កន្ទាលត្រអាក​កាន់​តែ​ធ្ងន់ធ្ងរ។

    – ​ងូត​ទឹក​ដោយ​ប្រើម្សៅសូដា​ (baking soda) អាច​ជួយឲ្យបាត់​រមាស់។ ការ​ប្រើ​ផលិតផល​ផ្តល់​សំណើម​ ជា​ជម្រើស​ល្អ​ដើម្បី​ចៀសវាង​ស្បែក​ស្ងួត និង​ឡើង​រមាស់។

    – ឱសថ​ក្រុម​អង់ទីហ៊ីសស្តាមីន (Antihistamines) ​ខ្លះ​ដែល​មាន​សុវត្ថិភាព​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ​មាន Allegra, Benadryl និង Chlor-Trimeton, Claritin និង Zyrtec។ វាជួយព្យាបាលបញ្ហាអាលែកហ្ស៊ី ប៉ុន្តែសូម​ចាំ​ថា ​ត្រូវ​ពិភាក្សា​ជាមួយ​វេជ្ជបណ្ឌិត​ ​មុន​​ប្រើថ្នាំ​ណាមួយ។

    – បើមាន​ជំងឺ PUPP ពេទ្យអាចនឹងឲ្យគ្រាប់ថ្នាំ​លេប ឬ​ក្រែម​ប្រឆាំង​រមាស់។

    ៤- របៀបបង្ការកន្ទាលត្រអាក

    បន្ថយ​​ងូត​ទឹក​ក្តៅ៖ ​ព្រោះទឹកក្ដៅអាចធ្វើឲ្យអស់​ជាតិ​ប្រេង​ធម្មជាតិ​របស់​ស្បែក ធ្វើ​ឲ្យ​ស្បែក​ស្ងួត និង​​ងាយ​មាន​កន្ទាលត្រអាក។

    កុំ​ស្លៀក​តឹង៖ ពេល​រាំង​ខ្ទប់​លើ​ផ្ទៃ និង​ស្ថិត​នៅ​ក្រោម​សម្ពាធ ស្បែក​អាច​នឹង​កើត​មាន​កន្ទាលត្រអាក។

    កុំ​អេះ​ស្បែក៖ កាន់​តែ​អេះ​ កាន់​តែ​ឡើង ដែលគេហៅថា ឡើង​តាម​ដៃ។

    កុំ​ស្ត្រេស៖ ត្រៀម​ចិត្ត​ឲ្យ​ហើយ រក​វិធី​ទប់ទល់ និង​កាត់​បន្ថយ​ស្ត្រេស។

    វិធី​ទាំង​នេះអាច​នឹង​មិន​មាន​ប្រសិទ្ធភាពគ្រប់​ករណី​ទាំង​អស់​នៃ​កន្ទាលត្រអាកទេ តែ​វា​​ជួយ​សម្រាល​បន្ធូរ​សភាព​នេះ​បាន​ ក្នុង​កម្រិត​ខ្លះ និងអាចជាលឿន។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    គឹម កាណែល


    អត្ថបទ​ដោយ Meng Vatana · កែ Mar 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម