នែ៎ស្រីៗ! សុខៗស្រាប់តែមានអារម្មណ៍ទ្វារមាសខុសធម្មតា ពេលខ្លះរមាស់ ធ្លាក់ស មានក្លិនមិនល្អ ពេលខ្លះថែមទាំងចុកពោះទៀត មែនអត់? បើប្រទះអាការៈបែបនេះ កុំអែអង់យូរ ឆាប់ទៅជួបពេទ្យ ព្រោះអាចមានការបង្ករោគដោយផ្សិត ហើយបើកំពុងមានផ្ទៃពោះងាយឆ្លងខ្លាំង វាអាចប៉ះពាល់ដល់សុខភាពបេប៊ីក្នុងផ្ទៃទៀតផង។ “Hello គ្រូពេទ្យ’ នឹងប្រាប់ពីអ្វីជាការបង្ករោគដោយពពួកផ្សិត ក៏ដូចជាវិធីការពារឲ្យគ្នាយើងបានដឹង។
១- អ្វីជាការបង្ករោគដោយផ្សិត?
ការបង្ករោគដោយផ្សិត សំដៅលើការឆ្លងរោគដែលបំផ្លាញតុល្យភាពកម្រិត អាស៊ីដ និងផ្សិត នៅក្នុងទ្វារមាស ធ្វើឲ្យស្រីៗមានអារម្មណ៍ គ្មានស្រួលខុសធម្មតា ប៉ុន្តែការបង្ករោគនេះមិនធ្ងន់ធ្ងរទេ។
២- មូលហេតុណ្តាលឲ្យមានការបង្ករោគផ្សិត
គេជឿថា ការបង្ករោគផ្សិត បណ្តាលមកពីមូលហេតុជាច្រើន ដូចជា កើតឡើងពេលលំនឹងអ័រម៉ូននៅក្នុងរាងកាយប្រែប្រួលអំឡុងពេលមានផ្ទៃពោះ ឬមុនពេលមករដូវ ឬក៏អាចកើតពេលយើងប្រើថ្នាំអ័រម៉ូន និងថ្នាំពន្យារកំណើត។ មូលហេតុផ្សេងទៀត មានដូចជា ការប្រើថ្នាំផ្សះ ថ្នាំស្តេរ៉ូអ៊ីត ជាតិស្ករខ្ពស់ក្នុងឈាម រួមភេទតាមទ្វារមាស ឬការសម្អាតទ្វារមាសជាដើម។
អំឡុងពេលមានផ្ទៃពោះ រាងកាយយើងមានការប្រែប្រួលច្រើន ពិសេសបម្រែបម្រួលសារធាតុគីមីក្នុងទ្វារមាស រាងកាយអាចនឹងពិបាកទប់ទល់ការបង្ករោគ។ មួយទៀត មានជាតិស្ករខ្ពស់ក្នុងសារធាតុរំអិលរបស់ទ្វារមាស ងាយធ្វើឲ្យពពួកផ្សិតអាចលូតលាស់បានលឿន ធ្វើឲ្យបាត់បង់តុល្យភាព នាំឲ្យផ្សិតកើនឡើងច្រើនជាងធម្មតា។
អត្ថបទពាក់ព័ន្ធ៖
- ឧស្សាហ៍ស្ត្រេសពេលពពោះ កូនអាចកើតជំងឺអូទីស៊ឹម
- ឧស្សាហ៍រមួលក្រពើពេលពពោះ ទាំងនេះគឺវិធីដោះស្រាយ
៣- រោគសញ្ញាបង្ករោគដោយផ្សិត
ស្រីៗភាគច្រើនមានការបង្ករោគដោយផ្សិត អាចមានរោគសញ្ញាជាច្រើន ខណៈរោគសញ្ញាជាទូទៅ ឧស្សាហ៍ជួបប្រទះមានដូចជា៖
– ធ្លាក់ស មានពណ៌ស បៃតង ឬលឿង ស្រដៀងឈីស និងធុំក្លិនដូចផ្សិតក្នុងនំបុ័ង
– ធ្លាក់សច្រើន
– ក្រហម រមាស់ ឬក្រហាយតាមបបេរទ្វារមាស
– មានអារម្មណ៍ក្រហាយពេលនោម ឬរួមភេទ
បើគ្នាយើងប្រទះរោគសញ្ញាដូចខាងលើ គួរសាកសួរគ្រូពេទ្យបន្ថែម។ ក្នុងករណីពេទ្យសង្ស័យយើងមានការបង្ករោគផ្សិត ពេទ្យនឹងពិនិត្យទ្វារមាសដោយបៀកសារធាតុរំអិលដើម្បីពិនិត្យ។ យោងតាមការពិនិត្យទ្វារមាស គ្រូពេទ្យអាចធ្វើរោគវិនិច្ឆ័យការបង្ករោគផ្សិត។ ករណីកម្រមួយចំនួន វត្ថុវិភាគអាចផ្ញើទៅមន្ទីរពិសោធន៍។
៤- ជម្រើសព្យាបាលមេរោគផ្សិត
បន្ទាប់ធ្វើរោគវិនិច្ឆ័យរួច ពេទ្យអាចណែនាំពីការព្យាបាលសម្រាប់យើង។ បើគ្នាយើងកំពុងពពោះ ពេទ្យអាចឲ្យប្រើបានតែប្រភេទក្រែមលាបទ្វារមាស និងថ្នាំស៊ុលប៉ុណ្ណោះ។
នៅមានថ្នាំលេបអាចព្យាបាលការបង្ករោគផ្សិតបាន ដូចជាថ្នាំ Diflucan (លេបតែមួយគ្រាប់គត់) ប៉ុន្តែពាក់ព័ន្ធសុវត្ថិភាពអំឡុងពេលពពោះ និងបំបៅដោះនៅមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ។
ក្នុងករណីយើងមិនធ្វើការព្យាបាល វាអាចឆ្លងទៅលើមាត់បេប៊ីពេលសម្រាលចេញមកក្រៅ ហៅថា “ច្រាំងមាត់” ប៉ុន្តែថ្នាំមានប្រសិទ្ធភាពព្យាបាលបញ្ហាផ្សិតលើមាត់ទារកគឺថ្នាំ Nystatin។
ដើម្បីព្យាបាលជាសះស្បើយអំឡុងពេលយើងកំពុងពពោះ ត្រូវការពេល ១០-១៤ ថ្ងៃ ហើយក្រោយជាសះស្បើយ គ្នាយើងគួរប្រើម្សៅគ្មានជាតិស្ករ (ម្សៅផលិតចេញពីធម្មជាតិ) ឬម្សៅ Nystatin ដើម្បីការពារការបង្ករោគជាថ្មី។
៥- វិធីការពារការបង្ករោគផ្សិត
ការបង្ករោគផ្សិតអំឡុងពេលពពោះ ទោះមិនមែនជាបញ្ហាធ្ងន់ធ្ងរ ប៉ុន្តែអាចធ្វើឲ្យមានបញ្ហាចំពោះទារក ដូច្នេះចាំបាច់បំផុត ត្រូវចៀសវាងការបង្ករោគ តាមរយៈការស្លៀកពាក់ផលិតពីកប្បាស និងធូររលុង។ ប្រើម៉ាស៊ីនផ្លុំតិចៗ ដើម្បីសំងួតតំបន់ប្រដាប់ និងត្រូវងូតទឹកសម្អាតភ្លាមៗក្រោយពេលហែលទឹករួច។ ប្តូរខោអាវហែលទឹក ហាត់ប្រាណ ឬខោអាវសើមភ្លាម ចៀសវាងការបង្ករោគផ្សិត។មិនត្រូវដុះ ឬមិនត្រូវប្រើថ្នាំអនាម័យស្ត្រី ឬសំឡីអនាម័យ និងតាំប៉ុងដែលមានសារធាតុក្រអូប ពពុះសាប៊ូ ក្រដាសបង្គន់មានពណ៌ និងក្លិននោះឡើយ ព្រោះធ្វើឲ្យងាយបង្ករោគ។
គប្បីញ៉ាំយ៉ាអួរ ព្រោះសម្បូរបាត់តេរីល្អ ដូចជា Lactobacillus និង Acidophilus ក៏ដូចជាកម្រិតបរិមាណស្ករដែលញ៉ាំឲ្យបានត្រឹមត្រូវ។ មួយទៀត សម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីរាងកាយមានភាពរឹងម៉ាំប្រឆាំងមេរោគ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]