backup og meta

ស្រីៗ​ពពោះ​តែង​ជួប​អាការៈ​ទាំង​នេះ​ញឹក​ញាប់ រឿង​ខ្លះ​មិន​ត្រូវ​ប្រហែស​ទេ

ស្រីៗ​ពពោះ​តែង​ជួប​អាការៈ​ទាំង​នេះ​ញឹក​ញាប់ រឿង​ខ្លះ​មិន​ត្រូវ​ប្រហែស​ទេ

ចាប់​តាំង​ពី​ពពោះ​ដំបូង រហូត​ដល់​សម្រាល​កូន ស្រីៗ​គ្នា​យើង​តែង​ជួប​បញ្ហា​ជា​ច្រើន ដែល​មូលហេតុ​ចំបង​នៃ​បញ្ហា​ទាំងនោះ​បណ្តាល​មក​ការ​ប្រែប្រួល​អ័រម៉ូន។

ខាង​ក្រោម​នេះ​ជា​អាការៈ​ដែល​តែង​កើត​ញឹកញាប់​ចំពោះ​ស្រីៗ​មាន​ផ្ទៃពោះ ហើយ​បញ្ហា​មួយ​ចំនួន​ជា រឿង​ធម្មតា ឯ​បញ្ហា​ខ្លះ​អាច​ប៉ះពាល់​ដល់​សុខភាព​ម៉ាក់ៗ និង​បេប៊ី។

១- ចង្អោរ-ក្អួត៖

អាការៈ​នេះ​ជា​ញឹក​ញាប់​កើត​ឡើង​ក្នុង​អំឡុង​ត្រីមាស១ នៃ​ការ​ពពោះ ដែល​យើង​ចំណាំ​ថា​ហៅ​ចាញ់កូននោះ។ ការ​ក្អួត​ចង្អោរ​នេះ​បណ្តាល​មក​ពី​ការ​ផ្លាស់ប្តូរ​អ័រម៉ូន ធ្វើ​ម៉ាក់ៗ​វិលមុខ​ធីងធោង ធុំ​អាហារ ញ៉ាំ​អ្វី​មិន​សូវ​បាន រក​​កល​ក្អួតចង្អោរ ឬ​ក្អួត​តែ​ម្តង ហើយ​ទូទៅ​បញ្ហា​នេះ​នឹង​ថមថយ ឬ​បាត់​តែម្តង​នៅ​ពេល​គភ៌​អាយុ​ចាប់ពី ៥ ខែ​ឡើង​ទៅ។

២- ឡើងដោះ

ការ​ប្រែប្រួល​អ័រម៉ូនអំឡុង​ពេល​ពពោះ​ធ្វើ​ឲ្យ​សុដន់​ស្រីៗ​យើង​ឡើង​តឹង សង្កៀរ អាច​ឈឺ​ខ្លាំង ឬតិច នេះ​ដោយ​សារ​អ័រម៉ូន​​កំពុង​រៀប​ចំ​ផលិត​ទឹក​ដោះ​សម្រាប់​អាអូន​ពេល​កើត​មក។ ដូច្នេះ​ម៉ាក់ៗ​ត្រូវ​ពាក់​អាវ​ទ្រនាប់ដែល​មាន​ទំហំ​ធំជាង​មុន​ហើយ​ សាច់ទន់ៗ​ងាយ​ស្រួល​ពាក់។

៣- ហើមជើង

ប្រមាណ​ជា ៩០% នៃ​ស្រីៗ​មាន​ផ្ទៃពោះ​តែង​ហើម​ជើង ពិសេស​ជិត​ដល់​ពេល​សម្រាល​អាកូន។ អាការៈនេះ​បណ្តាល​មក​ពីកត្តារួមផ្សំជាច្រើន ដូចជា​ការ​រីកធំ​នៃ​សរសៃ​វ៉ែន ដែល​ធ្វើ​ឲ្យ​សង្កត់​ទៅ​លើ​ពោះ ទម្ងន់​នៃ​គភ៌​ និងការ​អង្គុយ ឬ​ឈរ​ច្រើន​ពេក។ ដើម្បី​កាត់​បន្ថយ​អាការៈ​ហើមជើង យើង​ត្រូវ​សម្រាក​ឲ្យ​បាន​ច្រើន មិន​ត្រូវ​ធ្វើការ​ធ្ងន់ៗ និង​ត្រូវ​គេង​ផ្អៀង​មក​ខាង​ឆ្វេង ឧស្សាហ៍​ដើរឲ្យ​បាន​ច្រើន បើ​សិន​ជាម៉ាក់ៗ​ហើម​ជើង ហើយ​មាន​ជំងឺ​លើស​ឈាម ឬ​ទឹកនោម​ប្រៃ​ទៀត​នោះ សូម​ប្រយ័ត្ន​ប្រយែង និង​ទៅ​ជួបពេទ្យ​បន្ទាន់ ព្រោះ​បញ្ហា​នេះងាយ​​បង្ក​ឲ្យ​មាន​ជំងឺ​បម្រុង​ក្រឡាភ្លើង។

៤- ឈឺក្បាល

ការ​ឈឺ​ក្បាល​ពេល​មាន​ផ្ទៃ​ពោះ​ជា​រឿង​ធម្មតា​ដោយសារ​តែ​បរិមាណ​ឈាម​កើន​ឡើង​ដល់​ទៅ ​៤០%​ -៥០% ​ប៉ុន្តែ​ពេល​ខ្លះ​វា​ក៏​ផ្តល់​ផល​រំខាន និង​ផល​ប៉ះ​ពាល់​ដែរ បើ​យើង​ឈឺ​ក្បាល​ញឹក​ញាប់​ពេក។

បើ​ធ្លាប់​មាន​ប្រវត្តិ​ឈឺក្បាល​ប្រកាំង​ពី​មុន​មក ប្រាកដ​ណាស់​យើង​អាច​នឹង​ជួប​បញ្ហា​នេះ​ពេល​មាន​ផ្ទៃ​ពោះ​។ ការ​កើន​ឡើង​កម្រិត​អ័រម៉ូន​មួយ​ចំនួន​អាច​បណ្តាល​ឲ្យ​មាន​បញ្ហា​នេះ​ដូច្នេះ​ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​បើ​ឈឺក្បាល​ខ្លាំង។

៥-នោមញឹក

ពេល​ស្បូន​កាន់​តែ​រីកធំ ធ្វើឲ្យ​ប្លោកនោម​ដែល​នៅ​ជិត​ស្បូន​ដោល​ឡើង បង្ក​ជា​ការ​នោម​ញឹក។ ការនោម​ញឹក​មិន​ចោទជា​បញ្ហា​ខ្លាំង​ចំពោះ​សុខភាព​ម៉ាក់ៗ និង​បេប៊ី​នោះ​ទេ គ្រាន់​តែ​រំខាន​ដំណេក ធ្វើឲ្យ​ម៉ាក់ៗ​អស់កម្លាំង ដូច្នេះ​ត្រូវ​សម្រាក​ពេល​ថ្ងៃឲ្យ​បានច្រើន​បន្តិច។

៦- ចុករួយចង្កេះ-ខ្នង

ម៉ាក់ៗ​ភាគច្រើន​​តែង​តែ​​ជួប​​បញ្ហា​​ចុក​រួយ​ចង្កេះ ឬខ្នង ដោយសារ​តែ​ទម្ងន់​​ក្នុង​ផ្ទៃ​កាន់តែ​ធំ ពេល​ខ្លះ​​រើ​ផង ធាក់​ផង។ ដូច្នេះយើងត្រូវអង្គុយឲ្យត្រង់ខ្លួន ត្រូវមានខ្នើយទប់ ឬ​កល់ មិន​ត្រូវ​ពាក់​ស្បែក​ជើង​កែង​ខ្ពស់ ឯ​ការ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយខ្លាំង​គួរ​តែ​ចៀស​វាង។

៧- ផ្លូវចិត្តមិននឹងន

ជា​រឿង​ដែល​មិន​អាច​ចៀសបាន ស្រីៗ​យើង​អាច​នឹង​មាន​អារម្មណ៍​ឆេវ​ឆាវ ឆាប់​ខឹង មួម៉ៅ ហើយ​អាការៈទាំង​នេះ​ភាគ​ច្រើន​កើត​ក្នុង​អំឡុង​ខែ​ទី ២ ដូច​នេះ​ប្រសិន​បើ​មាន​អារម្មណ៍​ថា​បាក់​ទឹក​ចិត្ត​ពេល​ពពោះ​លើស​ពី ២ សប្ដាហ៍​ឡើង​ទៅ ត្រូវ​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​ព្រោះ​គេ​បាន​រក​ឃើញ​ថា អត្រា​នៃ​ការ​បាក់​ទឹក​ចិត្ត​ចំពោះ​ស្រីៗមុន​ និង​ក្រោយសម្រាល​ ​មាន​តួ​លេខ​ប្រហាក់​ប្រហែល​គ្នា។

៨- ធ្លាក់ស

ការ​ឆ្លង​មេរោគ​បាក់តេរី​នៅ​ទ្វារ​មាស​ជា​ជំងឺ​ដែល​ស្រីៗ​ក្នុង​អាយុ​បង្ក​កំណើត​តែង​ជួប​ប្រទះ​។ យក​ល្អ​យើង​គួរ​កត់​សម្គាល់​សញ្ញា​ដូច​ ​ធ្លាក់​ស មានពណ៌លឿង ឬ​ប្រផេះ មាន​ក្លិន​ឆ្អាប និង​រមាស់​នៅ​ទ្វារមាស ត្រូវ​ប្រញាប់​ទៅ​ជួប​ជាមួយ​ពេទ្យ​ព្រោះ​ជំងឺ​នេះ​អាច​ប្រឈម​ខ្ពស់​នឹង​ការ​រលូត​កូន និង​បែក​ទឹក​ភ្លោះ​មុន​ខែ។

៩-ទល់លាមក

បម្រែ​បម្រួល​អ័រម៉ូន​​ពេល​មាន​ផ្ទៃ​ពោះ អាច​ឲ្យសាច់​ដុំ​សរីរាង្គ​រំលាយ​អាហារ​មួយ​ចំនួន​ធ្វើ​ការ​យឺត​ជាង​មុន  ដូច្នេះ​យើង​ពិបាក​បន្ទោរ​បង់​លាមក ឬ​ក៏​អាច​បន្ទោរ​បង់​រាល់ ៣ ថ្ងៃ​/ម្តង​។ ដើម្បី​កាត់​បន្ថយ​បញ្ហា​ទល់​លាមក​នេះ ម៉ាក់ៗព្យាយាម​ញ៉ាំ​ទឹកឲ្យបានច្រើន ញ៉ាំអាហារ​ជាតិ​សរសៃ​ដូច​ជា ផ្លែ​ឈើ​ស្រស់​ៗ (​ល្ហុង ឪឡឹក និង ចេក​ទុំ​) ជៀស​វាង​ការ​អង្គុយ​មួយ​កន្លែង​យូរ​ពេក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-pregnancy-weight-gain]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

កំណែ​ប្រែបច្ចុប្បន្ន

02/04/2019

អត្ថបទ​ដោយ ដេត ធន្នី

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ដេត ធន្នី


អត្ថបទពាក់ព័ន្ធ

បើម៉ាក់ៗពពោះផ្ទុកមេរោគអេដស៍ ធ្វើម៉េចកុំឲ្យឆ្លងដល់កូន?

វិធីងាយៗ ដើម្បីបង្ការ​ការ​បង្ករោគ និងជំងឺផ្សេងៗ អំឡុង​ពេល​ពពោះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 02, 2019

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម