ការសិក្សាថ្មីមួយរកឃើញថា ស្រីៗពពោះហើយ នៅបន្ដធ្វើការយប់ យ៉ាងតិច ២ ថ្ងៃ/សប្ដាហ៍ មានហានិភ័យការរលូតកូន ទោះបីជាការប្រឈមរលូត ស្ថិតក្នុងកម្រិតទាបក៏ដោយ។
អ្នកស្រាវជ្រាវ នៅប្រទេសដាណាម៉ាក បានសិក្សាលើស្រីៗពពោះ ២៣.០០០នាក់ ដោយតាមដាន ថាតើការងារយប់ បានប៉ះពាល់យ៉ាងណាលើករណីរលូតកូន ចន្លោះសប្ដាហ៍ទី ៤-២២ នៃការពពោះ។
អ្នកស្រាវជ្រាវ រកឃើញថា ចំណោមស្រីៗពពោះលើស ៨សប្ដាហ៍ ហើយធ្វើការ ២យប់ ឬច្រើនជាងនេះ ក្នុងមួយសប្ដាហ៍ មានហានិភ័យ ៣២% រលូតកូន ជាងស្រីៗមិនធ្វើការនៅពេលយប់។ ហានិភ័យ កើនឡើងអាស្រ័យចំនួនថ្ងៃធ្វើការវេនយប់ ក្នុងមួយសប្ដាហ៍ ក៏ដូចជាចំនួនថ្ងៃធ្វើការវេនយប់ជាប់ៗគ្នា។
ស្រីៗធ្វើការវេនយប់ ត្រូវប្រឈមនឹងពន្លឺភ្លើងពេលយប់ ដែលរំខានដំណើរការរបស់ខួរក្បាល (Circadian Rhythm) និងកាត់បន្ថយការបញ្ចេញអ័រម៉ូន Melatonin (អ័រម៉ូន កំណត់វដ្ដ គេង-ភ្ញាក់)។ Melatonin ត្រូវបានបង្ហាញថា សំខាន់ដើម្បីរក្សាការពពោះដោយជោគជ័យ និងអាចរក្សាមុខងាររបស់សុក។ នេះបើតាមវេជ្ជបណ្ឌិត Luise Molenberg Begtrup អ្នកសិក្សាលើករណីនេះ និងជាអ្នកសិក្សា នៅនាយកដ្ឋានឱសថសាស្រ្ត នៃមន្ទីរពេទ្យ Bispebjerg និង Frederiksberg ប្រទេសដាណាម៉ាក។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗកំពុងពពោះ បើកើតស្អូច គ្រោះថ្នាក់ធំដល់កូនក្នុងផ្ទៃណាស់
- ស្រីៗពពោះតែងជួបអាការៈទាំងនេះញឹកញាប់ រឿងខ្លះមិនត្រូវប្រហែសទេ
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺ របស់សហរដ្ឋអាមេរិក បានបង្ហាញថា ធ្វើការវេនយប់យូរ ជាប់ពាក់ព័ន្ធទៅបញ្ហាសម្រាលមិនគ្រប់ខែ រដូវមិនទៀតទាត់ និងរលូតកូនតែម្តង។
វេជ្ជបណ្ឌិត Shannon Clark សាស្រ្ដាចារ្យ នៅនាយកដ្ឋានរោគស្រ្ដី នៃសាកលវិទ្យាល័យឱសថ Texas បានលើកឡើងថា បរិមាណនៃការគេង គឺចាំបាច់បំផុតអំឡុងពេលពពោះ។ វេជ្ជបណ្ឌិតបញ្ជាក់ថា ស្រីៗពិតជាត្រូវគេងច្រើនអំឡុងពេលពពោះ ជាពិសេសនៅក្នុងត្រីមាសទី១ និងទី ៣ ព្រោះបញ្ហាអស់កម្លាំងអាចជាមូលហេតុចម្បងមួយដូចគ្នា។ ចំពោះចំនួនម៉ោងជាក់ស្ដែង ថាតើស្រីៗពពោះ គួរគេងប៉ុន្មានម៉ោងក្នុងមួយថ្ងៃ អាស្រ័យទៅតាមស្ថានភាពជាក់ស្តែង។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]