ចាស់ៗបុរាណយើងពីមុនតែងតែឲ្យម៉ាក់ៗដែលទើបកើតកូនរួច ផឹកស្រាថ្នាំផ្សំមកពីឫស ឬដើមឈើ សត្វ និងស្រាដែលត្រាំជាមួយផ្លែឈើ ដើម្បីឲ្យសាច់ស្អាត សរសៃឆាប់រឹងឡើងវិញ។ រហូតមកដល់បច្ចុប្បន្នក៏នៅមានជំនឿបែបនេះទៀតដែរ គ្រាន់តែមានចំនួនតិចតួចជាងមុន។
ប៉ុន្តែបើតាមគ្រូពេទ្យវិញមិនគាំទ្រចំពោះទង្វើបែបនោះទេ ព្រោះវាធ្វើឲ្យប៉ះពាល់ដល់សុខភាពម៉ាក់ៗខ្លាំង ដោយប្រឈមមុខនឹងការកើតជំងឺកាចសាហាវមួយចំនួនដូចជាឡើង សម្ពាធឈាម មានជំងឺខូចថ្លើម និងក្រិនថ្លើមជាដើម។ សម្រាប់វេជ្ជបណ្ឌិត គ្រុយ លាងស៊ីម អនុរដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាទីប្រឹក្សាផ្នែកសម្ភព នៅមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ប្រាប់ Hello គ្រូពេទ្យ ថា ស្រ្តីដែលសម្រាលហើយ មិនត្រូវផឹកស្រាគ្រប់ប្រភេទឡើយ។ ព្រោះថាពេលមានជាតិអាកុលចូលទៅក្នុងពោះ ថ្លើមត្រូវធ្វើគីមីបម្លែង ដើម្បីបញ្ចេញជាតិពុលចេញពីថ្លើមមកវិញ។
អ្នកគ្រូបានបន្តទៀតថា “មនុស្សធម្មតាម្ល៉េះគេនៅហាមមិនឲ្យផឹកស្រា ព្រោះស្រាបំផ្លាញសុខភាព ចុះទម្រាំស្រីៗទើបសម្រាលកូនវិញ តើនឹងមានផលប៉ះពាល់យ៉ាងណា?’។ កាលណាម៉ាក់ៗផឹកស្រាមួយកែវតូច ឬស្មើ ១០០ CC ត្រូវញ៉ាំសាច់មិនថាជាសាច់ជ្រូក សាច់មាន់ សាច់គោ គឺញ៉ាំឲ្យមួយចានពេញវិញ ដើម្បីជួយទប់ទល់ជាតិស្រា។ ដូចនេះហើយទើបធ្វើឲ្យម៉ាក់ៗដែលផឹកស្រា ឆាប់ខូចថ្លើម សម្រាប់ម៉ាក់ៗដែលផឹកស្រា ហើយញ៉ាំសាច់ច្រើន ទើបអាចស៊ីសងគ្នាបាន។
វេជ្ជបណ្ឌិតខាងលើក៏បានបន្ថែមទៀតដែរថា ចំពោះស្រីៗដែលបំបៅកូនដោយទឹកដោះ ហើយយើងញ៉ាំស្រាថ្នាំទៀតនោះមិនត្រឹមតែខូចសុខភាពយើងនោះទេ កូនតូចនឹងរងផលប៉ះពាល់ដូចគ្នា ព្រោះជាតិអាល់កុលបានចូលក្នុងរាងកាយយើង រួចក៏ទៅផលិតជាទឹកដោះឲ្យកូនម៉ឹម។
– ប៉ះពាល់ដល់ការផលិតទឹកដោះ
– កូនមិនសូវលូតលាស់បានល្អ
– កូនមានបញ្ហាប្រព័ន្ធរំលាយអាហារ (ហើមពោះ ប៉ោងពោះ និងរាករូស …) ឈានដល់ស្លាប់ប្រសិនបើមិនបានព្យាបាលបានត្រឹមត្រូវ។
អត្ថបទពាក់ព័ន្ធ៖
- មួយជីវិត ស្រីៗអាចសម្រាលកូនដោយវះកាត់ប៉ុន្មានដង?
- ស្រីៗកំពុងពពោះ បើកើតស្អូច គ្រោះថ្នាក់ធំដល់កូនក្នុងផ្ទៃណាស់
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]