អ្វីស្រីៗកំពុងពពោះចង់ដឹងបំផុត គឺពាក់ព័ន្ធបម្រែបម្រួលពេលជិតដល់ថ្ងៃសម្រាល ពិសេសរឿងបែកទឹកភ្លោះ។ បើមិនទាន់ដល់ថ្ងៃ ស្រាប់តែបែកទឹកភ្លោះ គួរឲ្យបារម្ភដែរទេ? តាមធម្មជាតិ នៅពេលសម្រាល ថង់ និងទឹកភ្លោះដែលទ្រទ្រង់ទារកក្នុងផ្ទៃ នឹងបែកធ្លាយចេញមកក្រៅជាមួយទារក។ ប៉ុន្តែពេលខ្លះ ករណីដាច់រហែកថង់ទឹកភ្លោះ ក៏អាចកើតមុនថ្ងៃសម្រាលដែរ។ “Hello គ្រូពេទ្យ’ នឹងប្រាប់សញ្ញាបែកថង់ទឹកភ្លោះ មូលហេតុបង្កមួយចំនួនឲ្យស្រីៗបានដឹង។
១- រោគសញ្ញាបែកទឹកភ្លោះមុនថ្ងៃកំណត់
នៅពេលស្រីៗមានអាការៈបែកទឹកភ្លោះមុនពេលកំណត់ យើងនឹងមានអារម្មណ៍ដូចមានទឹកបាញ់ចេញពីទ្វារមាស ហើយអាចសង្កេតឃើញទឹកទាំងនោះមានពណ៌ប្លែកខុសធម្មតា។ សារធាតុរាវនោះ អាចមានពណ៌ផ្កាឈូក ដោយសារមានលាយឡំមកជាមួយឈាម តែបើសង្កេតឃើញសារធាតុរាវពណ៌ត្នោត ឬខៀវ ឆាប់ទៅមន្ទីរពេទ្យជាបន្ទាន់ ព្រោះអាចជាសញ្ញាធ្ងន់ធ្ងរ បញ្ជាក់ថាគភ៌មានបញ្ហា។
២- មូលហេតុនាំឲ្យបែកទឹកភ្លោះមុនកំណត់
ថង់ទឹកភ្លោះ គឺមាន Amnios ដែលជាភ្នាសខាងក្នុងជាប់ជាមួយទារក និងទឹកភ្លោះ ខណៈ Chorion ជាភ្នាសខាងក្រៅជាប់ជាមួយភ្នាសក្នុងស្បូន។ PROM ជាភាសាបច្ចេកទេស ករណីបែកទឹកភ្លោះមុនសម្រាល បង្ខំឲ្យស្បូនបើកភ្លាម ដើម្បីរុញច្រានគភ៌ចេញមកក្រៅ។ តាមការសិក្សាបង្ហាញថា ករណីបែកទឹកភ្លោះមុនកំណត់ គឺដោយសារមូលហេតុមួយចំនួនដូចជា៖
– រលាកមាត់ស្បូន ឬទ្វារមាស
– បង្ករោគលើប្លោកនោម ឬតម្រងនោម
– មានប្រតិកម្មគីមីជំរុញឲ្យមានភ្នាសកោសិកា អង់ស៊ីម ប្រូតេអ៊ីន និងប្រូស្តាក្លង់ឌីន មុនពេលកំណត់
– ថង់ទឹកភ្លោះរីកធំហួស ដោយសារទ្រទ្រង់ច្រើន
– មានកូនច្រើន
– ស្ត្រេស
– គភ៌ធំពេក
– ជក់បារី
– ធ្លាប់វះកាត់មាត់ស្បូន ឬច្រឹបមាត់ស្បូន
– ធ្លាប់កើតមានបែកទឹកភ្លោះមុនសម្រាលពីមុន។
អត្ថបទពាក់ព័ន្ធ៖
- នេះជាបច្ចេកទេសជួយស្ត្រីពពោះគ្រប់ខែ ឆាប់ឈឺពោះសម្រាលកូន
- ប្រើថ្នាំជួយឲ្យស្បូនកន្ត្រាក់ពេលសម្រាល ប៉ះពាល់ទាំងម្ដាយទាំងកូន
៣- គួរធ្វើម៉េច បើបែកទឹកភ្លោះមុនកំណត់?
ដោះស្រាយបញ្ហាបែកទឹកភ្លោះមុនកំណត់ គឺអាស្រ័យទៅលើរយៈពេលនៃការពពោះ ដូចជា៖
– ក្រោយសប្ដាហ៍ទី៣៧៖ ក្រោយសប្ដាហ៍ទី៣៧ មានន័យថា ទារករីកធំធាត់គ្រប់គ្រាន់ដើម្បីសម្រាល។ អំឡុងពេលនេះ យើងត្រូវទៅរង់ចាំក្នុងបន្ទប់សម្រាលជាបន្ទាន់ តាមដែលអាចធ្វើទៅបាន។ ប៉ុន្តែត្រូវចាំថា បើបែកទឹកភ្លោះ ហើយរង់ចាំលើសពី ២៤ ម៉ោង នៅតែមិនទាន់សម្រាល គឺកាន់តែប្រឈមហានិភ័យខ្ពស់ ឆ្លងមេរោគទាំងម្តាយទាំងគភ៌ ពិសេសសុខភាពគភ៌ចុះខ្សោយ និងងាយមានបញ្ហាសុខភាពក្រោយសម្រាលទៀតផង។
– ចន្លោះសប្ដាហ៍ទី ៣៤-៣៧៖ ក្នុងករណីស្រាប់តែរហែកថង់ទឹកភ្លោះ ចន្លោះសប្តាហ៍ទី ៣៤-៣៧ នៃការពពោះ ពេទ្យនឹងណែនាំឲ្យចាក់ថ្នាំជំរុញឲ្យស្បូនបើកធំ ដើម្បីអាចធ្វើការសម្រាលគភ៌អំឡុងពេលនោះតែម្តង។
– មុនសប្ដាហ៍ទី ៣៤៖ បើបែកទឹកភ្លោះមុនសប្ដាហ៍ទី ៣៤ ទាំងម៉ាក់ៗ និងគភ៌ កាន់តែប្រឈមហានិភ័យធ្ងន់ធ្ងរជាច្រើន។ បើគ្រូពេទ្យរកមិនឃើញរោគសញ្ញាឆ្លងមេរោគអ្វីទេនោះ យើងអាចនឹងត្រូវពន្យារពេលសម្រាល ដោយស្នាក់នៅក្នុងមន្ទីរពេទ្យសិន។ ពេទ្យនឹងចេញថ្នាំស្តេរ៉យ ដើម្បីជួយឲ្យសួតទារកលូតលាស់បានពេញលេញ ព្រោះធ្វើបែបនេះ អត្រាទារកអាចនៅរស់ នឹងកើនខ្ពស់ បើសួតទារកលូតលាស់បានល្អ មុនសម្រាលចេញពីផ្ទៃ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]