នៅពេលលទ្ធផលពិនិត្យទឹកនោមបង្ហាញថា មានផ្ទៃពោះ ម៉ាក់ៗប្រាកដជាមានអារម្មណ៍រំភើបជាមិនខាន ព្រោះបានសមាជិកគ្រួសារបន្ថែម។ ពេលដឹងខ្លួនថាមានកូន ស្រីៗគ្នាយើងត្រូវប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាមៗ ដើម្បីពិនិត្យអេកូឲ្យដឹងពីទីតាំងកូន ថានៅក្នុង ឬក្រៅស្បូន ហើយបើដឹងថាកូនក្រៅស្បូន ត្រូវយកចេញជាបន្ទាន់ ចៀសវាងគ្រោះថ្នាក់ពេលវិវត្តធំ។
លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ប្រធានផ្នែករោគស្ត្រី នៃមន្ទីរពេទ្យកាល់ម៉ែត បានឲ្យដឹងថាបច្ចុប្បន្នមានបច្ចេកទេសទំនើប ដូចនេះបើយើងពិនិត្យដឹងទាន់ពេលវេលាគ្រូពេទ្យអាចជួយសង្គ្រោះម៉ាក់ៗដោយមិនបាច់កាត់ដៃស្បូន គ្រាន់តែចោះ ហើយបកយកតែកូនចេញ និងរក្សាដៃស្បូននៅធម្មតាដោយគ្មានការឈឺចាប់។ គ្រូពេទ្យឯកទេសរោគស្ត្រីរូបនេះក៏បានបន្តទៀតថា ក្រោយចោះយកកូនក្រៅស្បូនហើយ អត្រាមានកូនរបស់ស្រីនៅធម្មតា មិនដូចអ្នកកាត់ដៃស្បូនឡើយ។
អត្ថបទពាក់ព័ន្ធ៖
- កូនក្រៅស្បូនមកពីបញ្ហាច្រើន ម៉ាក់ៗប្រហែសតែបន្តិចគ្រោះថ្នាក់ដល់ជីវិត
- ម៉ាក់ៗត្រូវដឹង បើគភ៌ស្ថិតក្នុងករណីទាំងនេះ ពេទ្យមិនឲ្យទុកទៀតទេ
វេជ្ជបណ្ឌិតដដែលក៏បន្តពន្យល់ទៀតថា បើកាលណាទុកកូនយូររហូតទាល់បែកគ្រាប់ឈាមពេញដៃស្បូន នោះគ្រូពេទ្យមិនអាចជួយដោយការចោះទៀតនោះទេ គឺប្រើវិធីកាត់ដៃស្បូនចោល ដើម្បីជួយសង្គ្រោះម៉ាក់ៗ។ ក្នុងករណីនេះបើនៅដៃស្បូនម្ខាងល្អ ម៉ាក់ៗនៅតែអាចមានកូនបាន ប៉ុន្តែអត្រាដែលមានកូនលើកក្រោយនេះអាចថយចុះរហូតដល់ ៥០%ឯណោះ តែបើមិនល្អអាចសង្ឃឹមតិចជាងនេះ។
ស្រីៗដែលមានកូនក្រៅស្បូនតម្រូវឲ្យយកចេញជាបន្ទាន់ ព្រោះគភ៌មិនអាចលូតលាស់បានឡើយ ហើយបើគភ៌វិវត្តធំទៅៗអាចបណ្ដាលឲ្យបែកហូរឈាមពេញពោះ ហើយម៉ាក់ៗអាចនឹងស្លាប់ប្រសិនបើទុករហូតដល់ដំណាក់កាលធ្ងន់ធ្ងរខ្លាំង។ រោគសញ្ញាដែលបញ្ជាក់ថាកូនក្រៅស្បូនមានដូចជា ការធ្លាក់ឈាម ឈឺចាប់ត្រង់អាងត្រគាក ឬពោះឡើងរឹងជាដើម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]