បច្ចុប្បន្ន “កាហ្វេ’ ជាភេសជ្ជៈពេញនិយមបំផុតមួយ សម្រាប់មនុស្សពេញវ័យ មិនថាស្រីៗ មិនថាប្រុស។ ដូចដឹងស្រាប់ហើយ កាហ្វេមានផ្ទុកសារធាតុញៀន ធ្វើឲ្យយើងមានអារម្មណ៍ចង់ផឹករៀងរាល់ថ្ងៃ ហើយពេលរាងកាយទទួលជាតិកាហ្វេអ៊ីនលើសកម្រិត និងបណ្តាលឲ្យមានបញ្ហាមួយចំនួន។ ចុះបើស្រីៗកំពុងពពោះ ហើយញៀនកាហ្វេ ប៉ះពាល់កូនក្នុងផ្ទៃអត់? “Hello គ្រូពេទ្យ’ នឹងបកស្រាយឲ្យបានដឹងទាំងអស់គ្នា។
១- មានអ្វីកើតឡើងបើស្រីៗផឹកកាហ្វេច្រើនពេលពពោះ?
ផឹកកាហ្វេច្រើន លើសកម្រិតណែនាំនៅអំឡុងពេលពពោះ អាចធ្វើឲ្យកើតហានិភ័យគ្រោះថ្នាក់ នាំឲ្យរលូតកូន និងកូនកើតមិនគ្រប់គីឡូ។ ប៉ុន្តែសម្រាប់ស្រីៗចូលចិត្តផឹកកាហ្វេ ហើយពពោះ ក៏កុំបារម្ភច្រើនអី មិនចាំបាច់ផ្តាច់កាហ្វេក៏បាន គ្រាន់តែផឹកក្នុងកម្រិតត្រឹមត្រូវ ប្រមាណ ២០០ មិល្លីក្រាម/ថ្ងៃ ឬច្រើនជាងនេះម្ដងម្កាល ព្រោះគេជឿថាហានិភ័យទាំងនេះស្ថិតក្នុងកម្រិតទាបប៉ុណ្ណោះ។
២- ជាតិកាហ្វេអ៊ីនឲ្យប៉ះពាល់ទារកក្នុងផ្ទៃយ៉ាងម៉េចខ្លះ?
ពេលយើងផឹកកាហ្វេមួយពែង ជាតិកាហ្វេអ៊ីន អាចឆ្លងកាត់ស្បូនទៅក្នុងទឹកភ្លោះ ហើយចូលទៅក្នុងប្រព័ន្ធចរន្តឈាមទារក។ ដូចនេះ ដោយសារជាតិកាហ្វេអ៊ីន ធ្វើឲ្យកើនចង្វាក់បេះដូង និងបង្កើនការធ្វើមេតាបូលីស នាំឲ្យយើងមានអារម្មណ៍ភ្ញាក់ អាចធ្វើឲ្យកូនក្នុងផ្ទៃរងឥទ្ធិពលនេះដូចគ្នា។ មានន័យថា ទារកអាចនឹងប្រែប្រួលបន្ទាប់ពីម៉ាក់ៗផឹកកាហ្វេរួច ខណៈជាតិកាហ្វេអ៊ីនច្រើន នឹងផ្ដល់ផលអវិជ្ជមានដល់ទារក។
មានរបាយការណ៍ខ្លះបង្ហាញថា ទារកក្នុងផ្ទៃម៉ាក់ៗញ៉ាំជាតិកាហ្វេអ៊ីនច្រើនជាង ៥០០ មិល្លីក្រាម/ថ្ងៃ អំឡុងពេលពពោះ អាចប្រឈមគ្រោះថ្នាក់ច្រើន ជាងទារកដទៃទៀតដូចជា៖
– ចង្វាក់បេះដូងដើរញាប់
– ចង្វាក់ដង្ហើមកើនឡើងខ្លាំង
– ភ្ញាក់ច្រើនម៉ោង
ទោះយ៉ាងនេះក្ដីការញ៉ាំ កាហ្វេ ឬតែ ១-២ កញ្ចប់/ថ្ងៃ មិនបង្កគ្រោះថ្នាក់អ្វីឡើយ។
៣- ជាតិកាហ្វេអ៊ីនប៉ះពាល់ដល់រាងកាយម៉េចខ្លះ?
បើយើងញ៉ាំជាតិកាហ្វេអ៊ីនច្រើន យើងនឹងត្រូវការទៅបន្ទប់ទឹកច្រើនជាងធម្មតា ព្រោះកាហ្វេក៏មានសារធាតុបញ្ចុះទឹកនោមដែរ (Diuretic)។ ជាតិកាហ្វេអ៊ីន ជំរុញឲ្យបញ្ចេញអាស៊ីដក្រពះដូចគ្នា ពេលខ្លះអាចនាំឲ្យឈឺពោះ ឬរាក។ បើញ៉ាំជាតិកាហ្វេអ៊ីនច្រើន នៅពេលរសៀល ឬពេលល្ងាច អាចធ្វើឲ្យភ្ញាក់ ឬមិនងងុយគេងនៅពេលយប់ ហេតុនេះនឹងធ្វើឲ្យឈឺក្បាលបន្ទាប់ជាតិកាហ្វេអ៊ីនចេញពីខ្លួនអស់។ ត្រូវចៀសវាងញ៉ាំតែ ឬកាហ្វេ ជាមួយអាហារ ព្រោះភេសជ្ជៈទាំងនេះ នឹងកាត់បន្ថយការស្រូបជាតិដែកចូលរាងកាយ ពិសេសជាតិដែកក្នុងអាហារមិនមែនជាសាច់។
អត្ថបទពាក់ព័ន្ធ៖
- ស្រីៗពពោះគេងប៉ុន្មានម៉ោង ទើបល្អទាំងម៉ាក់ៗ ទាំងគភ៌?
- ផឹកកាហ្វេប៉ុនណាទើបមិនលើសកម្រិត? នរណាខ្លះមិនត្រូវផឹកកាហ្វេ?
៤- កម្រិតកាហ្វេអ៊ីនគួរញ៉ាំប្រចាំថ្ងៃប៉ុណ្ណាទើបល្អ?
កាហ្វេ តែ រួមទាំង តែបៃតង ភេសជ្ជៈកូឡា (ទឹកក្រូចមានជាតិកាហ្វេអ៊ីន) និងភេសជ្ជៈប៉ូវកម្លាំងខ្លះ សុទ្ធតែមានជាតិកាហ្វេអ៊ីន។ បើយើងទិញកាហ្វេពីខាងក្រៅ ត្រូវចាំថា ជាតិកាហ្វេអ៊ីន រវាងកាហ្វេអេសប្រេសសូ (Espresso) និងកាហ្វេមានប្រភពពីអេសប្រេសសូ ដូចជា កាហ្វេឡាតេ (Latte) អាចមានកម្រិតកាហ្វេអ៊ីនខុសគ្នាខ្លាំង។ ជាតិកាហ្វេអ៊ីនក្នុងអេសប្រេសសូមួយពែង អាចផ្លាស់ប្ដូរពីកម្រិត ៥០-៣០០ មិល្លីក្រាម។ ដូចនេះ ត្រឹមកាហ្វេកាពូឈីណូ (Cappuccino) កម្រិតខ្លាំងមួយកែវធំ អាចធ្វើឲ្យញ៉ាំលើសកម្រិតកាហ្វេអ៊ីនប្រចាំថ្ងៃទៅហើយ។
គួរផឹកទឹកដោះគោ ទឹកផ្លែឈើ និងទឹកឲ្យបានគ្រប់គ្រាន់ ព្រោះសុទ្ធតែជាភេសជ្ជៈសុខភាព អាចជំនួសឲ្យភេសជ្ជៈកាហ្វេអ៊ីនបាន ពិសេសអំឡុងស្រីៗកំពុងពពោះ។ បើយើងចូលចិត្តតែថ្នាំបុរាណ ត្រូវចាំថា ក្នុងតែទាំងនោះ អាចមានជាតិកាហ្វេអ៊ីនដូចគ្នា ហើយតែថ្នាំបុរាណ អាចបញ្ចូលទាំងថ្នាំរុក្ខជាតិបុរាណ និងសារធាតុបន្ថែម ធ្វើឲ្យការពពោះមិនមានសុវត្ថិភាព។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបលផ្ទាល់ជាមួយគ្រូពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-pregnancy-weight-gain]